អន្តរជាតិ
លោក មូន ពិចារណាហៅលោក គីម ឲ្យចូលរួមជំនួបអាស៊ាន-កូរ៉េឆ្នាំក្រោយ កិចប្រជុំកំពូលអាស៊ាន-កូរ៉េលើកទី២០ នៅសិង្ហបុរី (រូបភាព AFP)
× ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃទី១៤ ខែវិច្ឆិកា និយាយថា លោកនឹងពិចារណាអញ្ជើញមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ឲ្យចូលរួមកិច្ចប្រជុំពិសេសកូរ៉េ-អាស៊ាននៅឆ្នាំ២០១៩ ដែលកូរ៉េខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះ។ លោក មូន និយាយបែបនេះចំពោះមុខប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលនៃសមាជិកអាស៊ាននាជំនួបកំពូលអាស៊ាន-កូរ៉េលើកទី២០ នៅសិង្ហបុរី និងបានអញ្ជើញមេដឹកនាំទាំង១០ ឲ្យចូលរួមជំនួបពិសេសនោះដែរ។
បណ្ដាប្រទេសសមាជិកអាស៊ានទាំង១០ បានឯកភាពសំណើរបស់កូរ៉េខាងត្បូងដែលស្នើរៀបចំកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-កូរ៉េ នៅឆ្នាំ២០១៩ ។ ការយល់ព្រមនេះធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េលើកទី២០ នៅឯសិង្ហបុរីដែលជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ។ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ក៏ស្នើឲ្យកូរ៉េខាងត្បូងអញ្ជើញមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចូលរួមដែរដើម្បីធ្វើឲ្យជំនួបឆ្នាំក្រោយកាន់តែមានន័យ។
យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap ដែលស្រង់សម្ដីអ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ចាត់ទុកសំណើរបស់សមភាគីឥណ្ឌូណេស៊ីជារឿងគួរឲ្យកត់សម្គាល់មួយ។ លោក មូន បញ្ជាក់ទៅមេដឹកនាំអាស៊ានថា៖ «ខណៈស្ថានភាពនៅឧបទ្វីបកូរ៉េខិតទៅរកសន្តិភាព យើងនឹងពិចារណាអញ្ជើញមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ យើងនឹងពិភាក្សាជិតស្និទ្ធជាមួយប្រទេសអាស៊ានជាមុន»។
ប្រធានាធិបតីកូរ៉េខាងត្បូង ចាត់ទុកឆ្នាំ២០១៩ ជាឆ្នាំដ៏មានន័យសម្រាប់កូរ៉េ ព្រោះមិនត្រឹមតែជាខួបអនុស្សាវរីយ៍លើកទី៣០ នៃភាពជាដៃគូសន្ទនាជាមួយអាស៊ានប៉ុណ្ណោះទេ តែក៏ចំខួបទី១០០ នៃការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នកូរ៉េនៅបរទេស ខណៈដែលជប៉ុនកំពុងត្រួតត្រាឧបទ្វីបកូរ៉េ។ លោក មូន អះអាងថា លោកចង់ចាប់ផ្ដើមខួបទី៣០ឆ្នាំនៃទំនាក់ទំនងកូរ៉េ-អាស៊ាន និងឆ្នាំទី១០០ នៃសាធារណរដ្ឋកូរ៉េជាមួយមេដឹកនាំអាស៊ាន។
ក្រោយឡើងកាន់តំណែងនៅឆ្នាំ២០១៧ លោក មូន បានដាក់ចេញគោលនយោបាយឆ្ពោះទៅខាងត្បូង ដែលសំដៅពង្រឹងចំណងទាក់ទងជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍ ហើយដែលលោកលើកឡើងថា កំពុងហុចផល។ ការដោះដូរផ្នែកពាណិជ្ជកម្មរវាងអាស៊ាន និងកូរ៉េខាងត្បូងបានកើនឡើង៦ភាគរយគឺមានទំហំចំនួន១២០ពាន់លានដុល្លារក្នុងរយៈពេល៩ខែដើមឆ្នាំបើប្រៀបធៀបនឹងពេលដូចក្នុងឆ្នាំ២០១៨ ។ លោករំពឹងថា ការដោះដូរនេះនឹងកើនដល់ ២០០ ពាន់លានដុល្លារនៅឆ្នាំ២០២០ ។
ក្រៅពីកិច្ចប្រជុំពិសេសជាមួយអាស៊ាន កូរ៉េខាងត្បូងក៏គ្រោងរៀបចំជំនួបកំពូលលើកដំបូងជាមួយប្រទេសមេគង្គមានកម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាមដែរនៅឆ្នាំ២០១៩ ខាងមុខ។ តាមពិតទៅ ជំនួបឆ្នាំក្រោយ ក៏ជាកិច្ចប្រជុំពិសេសលើកទីបីរវាងអាស៊ាន និងកូរ៉េខាងត្បូង ដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ ដោយលើកទី១ ធ្វើនៅកោះជេជូឆ្នាំ២០០៩ និងលើកទី២ ធ្វើនៅទីក្រុងប៊ូសានក្នុងឆ្នាំ២០១៤ ៕
Tag:
កូរ៉េខាងត្បូង
អាស៊ាន
មូន ចេអ៊ីន
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com