កីឡាជាតិ
ជាតិ
អត្ត​ព​លិ​កជាង​១​ម៉ឺន​នាក់​មកពី​៨៥​ប្រទេស បាន​ចុះឈ្មោះ​រត់​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​
14, Nov 2018 , 9:39 pm        
រូបភាព
អន្តពលិកជាតិនិងអន្តរជាតិចូលរួមព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុនអន្តរអង្គរកាលពីឆ្នាំ២០១៦
អន្តពលិកជាតិនិងអន្តរជាតិចូលរួមព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុនអន្តរអង្គរកាលពីឆ្នាំ២០១៦
ដោយ:
​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជាង​១​ម៉ឺន​បាន​ចុះឈ្មោះ​ចូលរួម​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ ដែល​រៀបចំ​នៅ​ខេត្តសៀមរាប​នា​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨​។ អត្ត​ពលិកម​ក​ពី​ចក្រភព​អង់គ្លេស អាមេរិក បារាំង​បាន​ឈរ​លេខ​រៀង​ជា​បន្តបន្ទាប់​ក្នុង​តារាង​អ្នកចូលរួម​ច្រើនជាងគេ​។ នេះ​បើ​យោងតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​។​

 
​គិត​ត្រឹម​ថ្ងៃ​បិទ​បញ្ជី​ពី​សប្តាហ៍​មុន មាន​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ចំនួន​១០,២០០​នាក់ បាន​ចុះឈ្មោះ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ ដែល​រៀបចំ​នៅ​បរិវេណ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ក្នុង​ខេត្តសៀមរាប​នា​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខ​។ ចំនួន​នេះ​មានការ​កើនឡើង​ប្រមាណ​២០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន មាន​ចំនួន​១០,០៥០​នាក់​។​


 
​អត្ត​ព​លិ​ក​ទាំងនេះ​មកពី​៨៥​ប្រទេស​ជុំវិញ​ពិភពលោក ដោយ​អត្ត​ព​លិ​ក​អង់គ្លេស​មាន​ចំនួន​ច្រើនជាងគេ ខណៈ​អាមេរិក និង​បារាំង​ឈរ​ជា​បន្តបន្ទាប់​។ ការកើនឡើង​នៃ​អត្ត​ព​លិ​ក​បរទេស​មកពី​ប៉ែក​អឺរ៉ុប​នេះ ដោយសារ​ប្រទេស​ទាំងនេះ​ស្ថិតក្នុង​រដូវ​វិស្សមកាល​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​


 
​ពាក់ព័ន្ធ​នឹង​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ គឺធ្វើឡើង​ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​ដល់​ជនពិការ​ដោយសារ​គ្រាប់មីន មន្ទីរពេទ្យ​គន្ធបុប្ផា និង​អង្គការ​សប្បុរសធម៌​នានា​នៅ​កម្ពុជា​។ លើសពីនេះ ដើម្បី​ការពារ​បរិស្ថាន​នៅ​បរិវេណ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​នានា​នៅ​ខេត្តសៀមរាប​។ ព្រឹត្តិការណ៍​នេះ ក៏បាន​រួមចំណែក​ជួយ​រក​ចំណូល​ជូន​រដ្ឋ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ផងដែរ​។ 


 
​លោក សែម ផល្លា ប្រធាន​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​បាន​និយាយថា ការបិទបញ្ជី​ចុះឈ្មោះ​មុនពេល​វេលា​កំណត់​នេះ គឺ​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​គណៈកម្មកា​រ​ក្នុង​ការរៀបចំ​សម្ភារ និង​គ្រឿង​បរិក្ខា​ផ្សេងៗ​។ ម្យ៉ាងទៀត ដោយសារ​ខ្វះ​សម្ភារៈ​ដូចជា​សម្លៀកបំពាក់ និង​ស្លាក​លេខ​ក្នុងការ​ផ្គត់ផ្គង់​ឲ្យ​អ្នករត់ ព្រោះ​អ្នកចូលរួម​លើក​នេះ​មានការ​កើនឡើង​លើស​កា​រ​រំពឹងទុក​៕   





Tag:
 ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com