អន្តរជាតិ
ប៉ូលិសសិង្ហបុរីប្រើប្រាស់មនុស្សយន្ត ដើម្បីយាមល្បាតកន្លែងជំនួបកំពូលអាស៊ាន រូបភាព៖ Channel News Asia
× មនុស្សយន្តស្វ័យប្រវត្តិមួយគ្រឿង ត្រូវបានដាក់ដំណើរការដោយប៉ូលិសសិង្ហបុរី ដើម្បីយាមល្បាតទីក្រុង Suntec ទីដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធដែលកំពុងប្រព្រឹត្តទៅនៅសិង្ហបុរី។
មនុស្សយន្តនេះ ដំណើរការដោយស្វ័យប្រវត្តិ ដោយផ្អែកទៅលើគន្លងផែនទី ដែលត្រូវបានកំណត់ទុកមុន។ មនុស្សយន្តដ៏ទំនើបនេះដែរ អាចមានសមត្ថភាពចាប់ (detect) វត្ថុនានា និងអាចចៀសវាងឧបសគ្គបានយ៉ាងងាយថែមទៀតផង។ នេះជាលើកឡើងរបស់កងកម្លាំងប៉ូលីសសិង្ហបុរី (SPF) នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី១៤ ខែវិច្ឆិកា។
មិនត្រឹមតែប៉ុណ្ណោះ កាមេរ៉ាជាច្រើនគ្រឿងត្រូវបានគេបំពាក់លើមនុស្សយន្តនេះដែលអាចបញ្ជូនរូបភាព ១៨០ដឺក្រេ នៃបរិវេទជុំវិញនោះ។ លើសពីនេះ វាក៏មានមុខងារពិសេស ដែលអាចឲ្យប៉ូលិសបញ្ជាពីទីតាំងជាក់លាក់ផងដែរ។
បើតាមសារព័តមាន Channel News Asia ដកស្រង់សម្តីរបស់ប៉ូលីសសិង្ហបុរី មនុស្សយន្តនេះ អាចត្រូវបានប្រើប្រាស់ដើម្បីជំនួសការងាររបស់ប៉ូលីសយាមល្បាត ដែលប្រទះឃើញសកម្មភាពគួរឲ្យសង្ស័យណាមួយនោះ មុននឹងសម្រេចបញ្ជូនកងកម្លាំងប៉ូលិសជាក្រោយ។ មានជំនួយពីមនុស្យយន្តនេះ មន្ត្រីប៉ូលីសនឹងអាចបើកប្រតិបត្តិការយ៉ាងមានប្រសិទ្ធិភាពបំផុត។
ក្នុងសេចក្តីប្រកាសរបស់ប៉ូលិសសិង្ហបុរីដដែលនេះ មនុស្សយន្តនេះត្រូវបានរចនាឡើង ដោយរួមសហការរវាងប៉ូលិស និងដៃគូឧស្សាហកម្ម។ ហើយវាក៏ជាផ្នែកមួយនៃគម្រោងពង្រឹងសមត្ថភាពប្រតិបត្តិការរបស់កងកម្លាំងសិង្ហបុរីផងដែរ។
គួរឲ្យដឹងថា ជំនួបកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កំពុងប្រព្រឹត្តទៅ នៅសិង្ហបុរី រហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកាស្អែកនេះ។ ប្រមុខមេដឹកនាំពិភពលោកមួយចំនួន នឹងមានវត្តមានក្នុងកិច្ចប្រជុំកំពូលនេះ ក្នុងនោះរួមមាន នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង, អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ជាដើម៕
Tag:
សិង្ហបុរី
អាស៊ាន
មនុស្សយន្ត
សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com