ជាតិ
រដ្ឋាភិបាលចំណាយថវិកា២០ពាន់លានរៀលលើកម្មការិនីសម្រាលកូន ក្នុងរយៈពេល១០ខែ រូបភាពពីបេឡាជាតិរបបសន្តិសុខសង្គម។
× រាជរដ្ឋាភិបាល បានផ្តល់ប្រាក់ឧបត្ថម្ភប្រមាណជាង២០ពាន់លានរៀលដល់កម្មការរិនីសម្រាប់ការសម្រាលកូន ក្នុងរយៈពេលជាង១០ខែក្នុងឆ្នាំ២០១៨នេះ។ នេះបើយោងតាមទំព័រហ្វេបុកផ្លូវកានៃបេឡាជាតិរបបសន្តិសុខសង្គម។
កម្មការិនីមានផ្ទៃពោះចំនួន ៥៤ ៣៣៨នាក់ សម្រាលកូនបានចំនួន ៥៤ ៧៤២នាក់។ ក្នុងនោះស្ត្រីចំនួន ៣៩៥នាក់ សម្រាលបានកូនភ្លោះពីរ និងស្ត្រី ៥នាក់សម្រាលបានកូនភ្លោះបី។ នេះបើយោងតាមរបាយការណ៍បេឡាជាតិរបបសន្តិសុខសង្គមគិតចាប់តាំងពីថ្ងៃទី០១ ខែមករា មកដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
កម្មការិនីដែលទើបសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ត្រូវទទួលប្រាក់ឧបត្ថម្ភ ៤០០ ០០០រៀលចំពោះកម្មការិនីសម្រាលបានកូន១នាក់។ ចំពោះកម្មការិនីសម្រាលបានកូនភ្លោះ២នាក់ ទទួលបាន ៨០០ ០០០រៀល ហើយកម្មការិនីសម្រាលបានកូនភ្លោះបី ទទួលបាន ១ ២០០ ០០០រៀល។ បេឡាជាតិរបបសន្តិសុខសង្គមបានឲ្យដឹងថាគោលនយោបាយថ្មីនៃការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមនេះ ត្រូវបានអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ មក។
ស្ត្រីជាកម្មការិនីទាំងក្នុង និងក្រៅប្រ័ពន្ធ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ពេលសម្រាលត្រូវអនុវត្តតាមសេចក្តីណែនាំខាងក្រោម៖ កម្មករនិយោជិតជាស្ត្រី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស ក្នុងរាជធានី ខេត្ត ក្នុងកំលុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។ សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ លិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល(អេកូ) បណ្ណសមាជិក ប.ស.ស ឬបណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។ នេះជាកាបញ្ជាក់បេឡាជាតិរបបសន្តិសុខសង្គម។
បេឡាជាតិរបបសន្តិសុខសង្គមបន្ថែមថាក្នុងករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស ក្នុងកំលុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។ សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស ៕
Tag:
កម្មការិនី
ប្រាក់ឧបត្ថម្ភ
© រក្សាសិទ្ធិដោយ thmeythmey.com