ជាតិ
ភ្ញៀវទេសចរ​ជាង​៤​លាន​នាក់មក​ទស្សនា​កម្ពុជា នៅ​រយៈពេល​៩​ខែ​
15, Nov 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ភ្ញៀវទេសចរ​អន្តរជាតិ​បានមក​ទស្សនា​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​៩​ខែ មាន​ចំនួន​៤,៣៧៦,០៣៣​នាក់ កើនឡើង​១១.៨​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧​។ ចំណែក​ខែកញ្ញា មាន​ភ្ញៀវទេសចរ​ចំនួន ៤១៣,៩៤៧​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងទេសចរណ៍​។

 
​របាយការណ៍​បាន​បង្ហាញថា ភ្ញៀវទេសចរ​អន្តរជាតិ​ពី​ប្រទេស​ចំនួន​១០ បាន​ទស្សនា​កម្ពុជា​ច្រើនជាងគេ ដោយ​ក្នុងនោះ​ប្រទេស​ចិន​ឈ​លំដាប់​លេខ​១ ,​វៀតណាម​លេខ​២ ,​ឡាវ​, ថៃ កូរ៉េ​, អា​មេ​រិច​, ជប៉ុន​, ម៉ាឡេស៊ី​, បារាំង និង​ចក្រភព​អង់គ្លេស​។ តំបន់​ដែលមាន​ភ្ញៀវទេសចរ​ទៅ​ទស្សនា​ច្រើន​មានដូចជា ទីក្រុង​ភ្នំពេញ សៀមរាប តំបន់ឆ្នេរ និង​តំបន់​អេកូ​ទេសចរណ៍​។​
 
​របាយការណ៍​ក្រសួង​ទេសចរ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ភ្ញៀវទេសចរ​ចិន​មាន​ចំនួន ១,៤៤០,៧២១ នាក់​, ភ្ញៀវ​វៀតណាម​មាន​ចំនួន ៥៨៤,២៦៩ នាក់​, ភ្ញៀវ​ឡាវ ២៧៤,៥៩២​នាក់​, ថៃ​មាន​ចំនួន ២៣៥, ៣២១​នាក់​, កូរ៉េ​មាន​ចំនួន ២២២, ៩៨៩​នាក់​, អាមេរិក​មាន​ចំនួន ១៨១,៣២០​នាក់​, ជប៉ុន ១៤៥, ៣៥៣, ម៉ាឡេស៊ី ១៣៥,៣០១, បារាំង ១១៩,៤០៨, ចក្រភព​អង់គ្លេស ១១៧,៨៨៧»​។ 
 
​ជាមួយគ្នានេះ ក៏មាន​ពលរដ្ឋ​កម្ពុជា ចេញទៅ​ទេសចរណ៍​ក្រៅប្រទេស​ចំនួន ១,៤៥៩,៥០៧ នាក់​ដែរ ហើយ​ចំនួន​នេះ មានការ​កើនឡើង ១០.៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ​២០១៧​។ នេះ​បើតាម​របាយការណ៍​ដដែល​។​
 
​គួរ​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៧ មាន​ភ្ញៀវទេសចរ​បរទេស​មក​ទស្សនា​ប្រទេស​កម្ពុជា​ចំនួន ៥,៦ លាន​នាក់​។ កម្ពុជា​គ្រោង​នឹង​ទទួល​ទេសចរ​អន្តរ​ជាតិប្រមាណ ៦.២​លាន​នាក់ សម្រាប់​ឆ្នាំ​២០១៨​។ ចំណែក​ឆ្នាំ​២០២០ កម្ពុជា ដាក់​ទិសដៅ​ទទួល​ទេសចរ​អន្តរជាតិ ៧​លាន​នាក់ ជាមួយនឹង​ចំណូល​ទេសចរណ៍​ប្រមាណ ៥​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​-​មុខរបរ​ដោយផ្ទាល់​ជិត ១​លាន​នាក់​។ រីឯ​ឆ្នាំ​២០២៥ កម្ពុជា គ្រោង​នឹង​ទទួល​ទេសចរ​អន្តរជាតិ​១០​លាន​នាក់ មុននឹង​ឡើងដល់​១៤​លាន​នាក់ នៅ​ឆ្នាំ​២០៣០៕
 

Tag:
 កម្ពុជា​
 ​ភ្ញៀវទេសចរ​
© រក្សាសិទ្ធិដោយ thmeythmey.com