ជាតិ
ពីនេះ ពីនោះ
តើពាក្យ «បាត, បាត្រ, បាទ» គួរប្រើប្រាស់បែបណាខ្លះ?
× ប្រជាពលរដ្ឋខ្មែរមួយចំនួន អាចនឹងយល់ច្រឡំចំពោះអត្ថន័យ និងការប្រើប្រាស់នូវពាក្យ «បាត បាត្រ និង បាទ»។
ខាងក្រោមនេះ គឺជាភាពខុសគ្នារវាងពាក្យទាំងបី៖
ពាក្យបាត មានន័យថា ប៉ែកខាងក្រោមនៃជម្រៅ។ ឧទាហរណ៍ ដូចជា បាតបឹង, បាតទន្លេ, បាតសមុទ្រ, បាតខ្ទះ,បាតឆ្នាំង,បាតដី ជាដើម។ ពាក្យបាត ក៏អាចសំដៅលើ ផ្ទៃដៃ និងផ្ទៃជើង ដែរ ដែលហៅថា បាតដៃ និង បាតជើង។ លើសពីនេះ ពាក្យបាត ក៏អាចមានន័យស្មើនឹងគូទដែរ ដូចជាគេតែងនិយាយថា ឈឺបាត និង ឫសដូងបាត។
ចំណែក ពាក្យបាត្រ ជាភាជនៈ ដែលធ្វើដោយដែក ឬដោយដី មានរាងជ្រៅក្រឡូម សម្រាប់បព្វជិតក្នុងព្រះពុទ្ធសាសនាប្រើការទទួលចង្ហាន់។
រីឯ ពាក្យបាទ ប្រែថាជើង គឺ ព្រះបាទ។ ពាក្យបាទ ក៏អាចសំដៅលើឈ្មោះប្រាក់បុរាណ ដែលមានតម្លៃ ៦០សេន គឺ ប្រាក់បាទ។ ចំពោះអត្ថន័យម្យ៉ាងទៀត ពាក្យបាទ គឺជាពាក្យសម្រាប់បុរសឆ្លើយ ថាបាទ ទៅកាន់អ្នកដទៃ។
ការពន្យល់នេះ គឺយោងទៅតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត៕
© រក្សាសិទ្ធិដោយ thmeythmey.com