ជាតិ
​​​ន​យោ​បាយ​ជាតិ​
ការដាក់​លោក កឹម សុខា ឲ្យ​នៅក្នុង​ផ្ទះ គ្មាន​ពេល​កំណត់​?
15, Nov 2018 , 9:49 am        
រូបភាព
លោក កឹម សុខា ជួបម្តាយ នៅផ្ទះ ក្រោយពីលោក ត្រូវបានដោះលែងពីពន្ធនាគារ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨។ រូបពី AFP
លោក កឹម សុខា ជួបម្តាយ នៅផ្ទះ ក្រោយពីលោក ត្រូវបានដោះលែងពីពន្ធនាគារ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨។ រូបពី AFP
​ភ្នំពេញ​៖ តាមច្បាប់ ជន​ត្រូវ​ចោទ នឹងត្រូវ​ដោះលែង​ឬក៏​បញ្ជូនទៅ​ជំនុំជម្រះ ក្រោយពី​ប្រើពេល​យ៉ាងយូរ​ត្រឹម​១៨​ខែ ក្នុងការ​ស៊ើបសួរ​។ តែ​ចំពោះ​លោក កឹម សុខា តុលាការ អាច​ប្រើពេល​លើសពី​១៨​ខែ ដើម្បី​ដាក់​លោក​ឲ្យ​រស់នៅ​ក្នុងផ្ទះ និង​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​។​


 
​បច្ចុប្បន្ន លោក កឹម សុខា មានឈ្មោះ​ជា​ជន​ត្រូវ​ចោទ ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​។ តែ​លោក ត្រូវ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​និង​ការឃ្លាំមើល​របស់លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។    
 
​បើ​លោក កឹម សុខា ជាប់ឃុំ​ក្នុង​ពន្ធនាគារ គឺ​លោក មិនត្រូវ​ជាប់ឃុំ​លើសពី​១៨​ខែ​ឡើយ​។ រយៈពេល​១៨​ខែ​នៃ​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ ចៅក្រម​ស៊ើបសួរ ត្រូវតែ​ចេញ​ដីកា​មួយ ដែល​ហៅថា​ដីកា​ដំណោះស្រាយ​។ 
 
​ដីកា​ដំណោះស្រាយ​របស់​ចៅក្រម​ស៊ើបសួរ តែងមាន​សេចក្តីសម្រេច​ពីរ​យ៉ាង គឺ​ទម្លាក់​បទ​ចោទ​ចេញពី​ជន​ត្រូវ​ចោទ ហើយ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ ឬ បើ​មិន​ដូច្នេះ​ទេ ត្រូវបញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​។ 
 
​ប៉ុន្តែ រយៈពេល​នៃ​ការឃុំ​លោក កឹម សុខា មិនអាច​យក​និយាយ​ទៀតឡើយ ព្រោះ​ពេលនេះ លោក​មិនមែន​មានឈ្មោះ​ជា​ជន​ត្រូវ​ចោទ ដែល​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នោះទេ​។ លោក ជា​ជន​ត្រូវ​ចោទ ដែល​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះ​សន្ន​។ គ្រាន់តែ​ថា លោក​ជាប់​កាតព្វកិច្ច​ដែល​ចៅក្រម​ស៊ើបសួរ ដាក់​ឲ្យ​អនុវត្ត​។

អ្វីដែល​ចៅក្រម​ស៊ើបសួរ​ដាក់​ឲ្យ​លោក កឹម សុខា អនុវត្ត​នោះ គឺ​ការមិន​ឲ្យ​ចេញ​ទៅណា​ឆ្ងាយ​ពី​ផ្ទះ មិន​ឲ្យ​ជួប​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង និង​មិន​ឲ្យ​ជួប​មន្ត្រី ឬ​អ្ន​ន​នយោបាយ​នៃ​អតីត​គណបក្សប្រឆាំង​។ 
 
​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ពន្យល់ថា​៖«​ករណី​លោក កឹម សុខា ដែល​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នេះ ពុំមែន​ជា​ករណី​នៃ​ការឃុំខ្លួន​ក្នុងផ្ទះ​នោះទេ​»​។​
 
​មជ្ឈដ្ឋាន​ខ្លះ ជាពិសេស​មន្ត្រី​អតីត​គណបក្សប្រឆាំង​យល់ឃើញថា លោក កឹម សុខា មិនទាន់​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ពិតប្រាកដ​ឡើយ ពោលគឺ​លោក កឹម សុខា គ្រាន់តែ​ត្រូវបាន​ប្តូរ​ពី​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ មកជា​ការឃុំខ្លួន​ក្នុងផ្ទះ​ប៉ុណ្ណោះ​។    
 
​ករណី​របស់លោក កឹម សុខា កំពុង​ក្លាយជា​ប្រធានបទ​មួយ​ដែល​ត្រូវបាន​គេ​ជជែក​គ្នា​យ៉ាង​ផុសផុល ក្រោយពី​លោក សម រង្ស៊ី និង សម្តេច ហ៊ុន សែន យកមក​ធ្វើជា​ល្បែងភ្នាល់​គ្នា​។ 
 
​លោក សម រង្ស៊ី អះអាងថា លោក​សុខចិត្ត​ដើរចូល​ស្រុក​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន បើ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ឬក៏​យ៉ាងយូរបំផុត នៅត្រឹម​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩​។ ជាការ​ឆ្លើយតប​នឹង​លោក សម រង្ស៊ី សម្តេច ហ៊ុន សែន បានប្រកាសថា លោក​នឹង​ចុះ​ចេញពី​តំណែង បើ​លោក កឹម សុខា ត្រូវបាន​ដោះលែង​នៅក្នុង​អំឡុង​ពេលនេះ​។ 
 
​នៅពេលដែល​លោក សម រង្ស៊ី យល់ថា លោក កឹម សុខា អាច​ត្រូវបាន​ដោះលែង​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ នោះ​គឺ​ដោយសារតែ ថ្ងៃនោះ​គឺជា​ទិវា​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និយាយ​ឲ្យ​ចំ​គឺ​របស់​សម្តេច ហ៊ុន សែន​។ តែបើ​នៅក្នុង​ទិវា​នយោបាយ​ឈ្នះ​-​ឈ្នះ លោក កឹម សុខា នៅតែ​មិន​ត្រូវបាន​ដោះលែង លោក សម រង្ស៊ី ជឿជាក់ថា លោក កឹម សុខា នឹង​ត្រូវបាន​ដោះលែង​នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ ឯណោះ​វិញ​។ លោក សម រង្ស៊ី សំអាងថា ច្បាប់​នៅ​កម្ពុជា ពុំ​អនុញ្ញាត​ឲ្យ​ឃុំ​លោក កឹម សុខា ដែលជា​ជន​ត្រូវ​ចោទ​ឲ្យ​លើសពី​១៨​ខែ​ឡើយ​។ គិតពី​ថ្ងៃ​ចាប់​លោក កឹម សុខា រហូតដល់​ថ្ងៃទី​ថ្ងៃ​៣ ខែមីនា ឆ្នាំ​២០១៩ នឹងមាន​រយៈពេល​១៨​ខែ​។  
 
​លោក សម រង្ស៊ី អាច​គិត​ត្រឹមត្រូវ បើ​លោក កឹម សុខា ជាប់ឃុំ​ក្នុង​ពន្ធនាគារ​មែន​នោះ​។ ប៉ុន្តែ លោក កឹម សុខា មិនមែន​ជាប់ឃុំ​ឡើយ​។ ហេតុដូច្នេះ បើទោះបីជា​ផុត​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ នៅតែ​មិន​ដក​បម្រាម​ចេញពី​លោក កឹម សុខា ហើយ​បន្ត​ដាក់​លោក ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ ក៏​មិន​ខុសច្បាប់​ដែរ​។ 
 
​ដោយ​ខ្លាច​មហាជន​យល់ច្រឡំ​នឹង​ការលើកឡើង​របស់លោក សម រង្ស៊ី អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានចេញ​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​បកស្រាយ​យ៉ាង​ដូច្នេះ​ថា​៖«[….] លោក កឹម សុខា ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ និង​មិន​ស្ថិតក្នុង​ការឃុំខ្លួន​បណ្តោះ​អាសន្ន ដែល​ទាក់ទង​នឹង​រយៈពេល​យ៉ាងច្រើន​១៨​ខែ​នោះឡើយ […..]»​។ 
 
​អ្នកស្រី ម៉េង សុភា​រី មេធាវី​ម្នាក់​របស់លោក កឹម សុខា បាន​លើកឡើងថា ការដោះលែង​ជន​ត្រូវ​ចោទ ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ប៉ុន្តែ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ គឺមាន​ចែង​ក្នុង​មាត្រា​២១៨ និង មាត្រា​២២៣ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។ អ្នកស្រី បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​វា មានន័យថា ជន​ត្រូវ​ចោទ​រូបនោះ ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ប៉ុន្តែ​មិនមាន​សេរីភាព​ពេញលេញ ពីព្រោះ​មានភ្ជាប់​កាតព្វកិច្ច​មួយចំនួន ដែល​កំណត់ដោយ​ចៅក្រម​ស៊ើបសួរ ដូចជា មិន​ឲ្យ​ជន​ត្រូវ​ចោទ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​កំណត់ ឬ មិន​ឲ្យ​ជួប​បុគ្គល​មួយចំនួន​ផ្សង​ទៀត​ជាដើម​»​។​
 
​អ្នកស្រី ម៉េង សុភា​រី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ការដាក់​ជន​ត្រូវ​ចោទ ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ដូចជា​មិន​កំណត់​ពី​ពេលវេលា​ឡើយ​។ អ្នកស្រី លើកឡើង​បែបនេះ​ថា​៖«​ខ្ញុំ ដូច​អត់​ដែល​ឃើញ​ច្បាប់​យើង ចែង​ពី​ថេរវេលា​ទេ​។ តាម​បទពិសោធ​របស់ខ្ញុំ​កន្លងមក កូនក្តី​ខ្ញុំ​ខ្លះ ជួប​ករណី​បែប​ហ្នឹង គឺ​តុលាការ ឲ្យ​នៅក្រៅ​ឃុំ តែ​ជាប់​កាតព្វកិច្ច ដូចជា មិន​ឲ្យ​ចេញពី​ខេត្ត​របស់គាត់ ឬ​មិន​ឲ្យ​ចេញទៅ​ក្រៅប្រទេស ជាដើម​។ មាន​អ្នកខ្លះ ជាប់​កាតព្វកិច្ច​ដល់​ទៅ​២-៣​ឆ្នាំ ក៏​មិនទាន់រួច​ផង ហើយ​តុលាការ ក៏​មិន​អត់​កំណត់ថា​ប៉ុន្មាន​ឆ្នាំ​ដែរ​»​។ 
 
«​ចុះ​ឧទាហរណ៍​ថា ចៅក្រម​ស៊ើបសួរ កំណត់​ឲ្យ​ឯកឧត្តម កឹម សុខា រស់នៅ​ក្នុងផ្ទះ​រហូតដល់​ទៅ​៤-១០​ឆ្នាំ ដោយ​លើក​ហេតុផល​ថា ដើម្បី​បន្ត​ការ​ស៊ើបសួរ តើ​គិត​យ៉ាងម៉េច​ទៅវិញ​?» អ្នកស្រី​មេធាវី បាន​ឆ្លើយ​យ៉ាង​ដូច្នេះ​ថា​៖«​មិនយូរ​ដល់​ថ្នាក់​ហ្នឹង​ពេក​ទេ​។ ចំពោះ​ករណី​របស់​ឯកឧត្តម កឹម សុខា បើ​ចៅក្រម​ស៊ើបសួរ បន្ត​ស៊ើបសួរ​យូរពេក យើង នឹងដាក់​ពាក្យ ដើម្បី​សុំ​ឲ្យ​បិទ​ការ​ស៊ើបសួរ ឬក៏​សុំ​ទម្លាក់​បទ​ចោទ​តែម្តង​»​។ 
 
​ចំណែក​លោក ឡៅ ម៉ុងហៃ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​បញ្ចេញមតិ​ថា បើ​ចង់​រួចផុត​ការឃុំ​ឃាំង លោក កឹម សុខា គួរតែ​សុំ​តុលាការ ទៅ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​វិញ​។ លោក បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​បែបនេះ​ថា​៖«​ឯកឧត្តម កឹម សុខា ត្រូវបដិសេធ​ដីកា​ដាក់​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ [​ហើយ​] សុំ​ជាប់ឃុំ​ក្នុង​គុក​វិញ ទើប​អាច​បាន​ដោះលែង ក្រោម​ការឃុំ​ឃាំង​យ៉ាងយូរ​១៨​ខែ​»​។ 
 
​យ៉ាងណាក៏ដោយ ក្នុងអំឡុង​ពេលនេះ ពោលគឺ​នៅមុន​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ នៅតែ​អាច​សម្រេចសេចក្តី​អ្វីមួយ​លើ​សំណុំរឿង​របស់លោក កឹម សុខា ដោយ​មិន​ពាក់ព័ន្ធ​នឹង​ការ​ភ្នាល់​រវាង​លោក សម រង្ស៊ី និង សម្តេច ហ៊ុន សែន ឬក៏​ឥទ្ធិពល​របស់​បុគ្គល​និង​អន្តរជាតិ​ណា​ឡើយ (​បើ​តុលាការ ពិតជា​ឯករាជ្យ​)​។ បើ​ចង់​ទម្លាក់​បទ​ចោទ ហើយ​ដក​បម្រាម​ចេញពី​លោក កឹម សុខា ដើម្បី​ឲ្យ​លោក មាន​សេរីភាព​ពេញលេញ ក៏​ចៅក្រម​ស៊ើបសួរ​អាច​សម្រេច​បានដែ​រ​។ តែបើ​ចង់​បញ្ជូន​សំណុំរឿង​របស់លោក ទៅ​ជំនុំជម្រះ ក៏​ចៅក្រម​ស៊ើបសួរ អាច​សម្រេចបាន​ដូចគ្នា​។ 
 
​សូម​រម្លឹកថា លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​កាល​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​ការសង្ស័យថា បាន​សហការ​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ រហូតដល់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ លោក ក៏ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ សម្រេច​ដោះលែង​ឲ្យ​ចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ហើយ​ឲ្យ​ទៅ​រស់នៅ​ក្នុងផ្ទះ ដោយ​ភ្ជាប់​ជាមួយនឹង​លក្ខខណ្ឌ​យ៉ាង​តឹងរឹង​៕
 

Tag:
 កឹម សុខា​
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com