ជាតិ
នយោបាយជាតិ
មេដឹកនាំកម្ពុជា ជំរុញឲ្យមានកិច្ចប្រជុំទៀងទាត់រវាងអាស៊ាន-រុស្ស៊ី ដើម្បីពង្រឹងកិច្ចសហការ សម្តេច ហ៊ុន សែន ជួបលោក ពូទីន ពេលទៅប្រជុំនៅសិង្ហបុរី។ រូបពីទំព័រហ្វេសបុកសម្តេច ហ៊ុន សែន
× ក្នុងកិច្ចប្រជុំអាស៊ាន-រុស្ស៊ីលើកទី៣ ដែលប្រព្រឹត្តទៅនៅថ្ងៃ១៤ វិច្ឆិកា ២០១៨ ក្នុងប្រទេសសិង្ហបុរី ប្រមុខដឹកនាំនៃប្រទេសអាស៊ានទាំងអស់ បានចាត់ទុកវត្តមានរបស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ថាមិនត្រឹមតែឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងអាស៊ាន-រុស្ស៊ីប៉ុណ្ណោះទេ តែថែមទាំងបានរិតចំណងទាក់ទងរវាងអាស៊ាន-រុស្ស៊ី ឲ្យកាន់តែស៊ីជម្រៅផងដែរ។
នៅចំពោះមុខបណ្តាមេដឹកនាំទាំងនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី។ លើសពីនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឲ្យអាស៊ាន-រុស្ស៊ី ខិតខំបន្ថែមទៀត ដើម្បីសម្រេចបានតាមផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរបស់អាស៊ាន-រុស្ស៊ីឆ្នាំ២០១៦-២០២០ ក្នុងការបង្កើនល្បឿន និងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ។
សម្តេច ហ៊ុន សែន ជួបលោក ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា ពេលទៅប្រជុំនៅសិង្ហបុរី។ រូបពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន
អត្ថបទព័ត៌មាន ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖«ប្រមុខរដ្ឋាភិបាលកម្ពុជា ចង់ឲ្យមានកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំអាស៊ាន-រុស្ស៊ី ឲ្យបានទៀងទាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។ ក្នុងស្មារតីនេះ កម្ពុជាគាំទ្រចំពោះសំណើរបស់រុស្ស៊ី ក្នុងការដំឡើងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ឲ្យទៅជាដៃគូសន្ទនាយុទ្ធសាស្ត្រ»។
ពីឆ្វេងទៅស្តាំ៖ នាយករដ្ឋមន្ត្រី វៀតណាម, នាយករដ្ឋមន្រ្តីឡាវ, ប្រធានាធិបតីឥណ្ឌូណេសី, នាយករដ្ឋមន្រ្តីកម្ពុជា, នាយករដ្ឋមន្រ្តីមាឡេស៊ី ជួបគ្នានៅសិង្ហបុរី។ រូបពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីលើកទី៣នេះ មេដឹកនាំអាស៊ាននិងរុស្ស៊ី បានឯកភាពគ្នាឈានទៅចេញសេចក្តីប្រកាសរួមរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីលើកទី៣ និង សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខព័ត៌មាន, ទំនាក់ទំនងនិងបច្ចេកវិទ្យា និងក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និង សេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំអាស៊ាន-រុស្ស៊ី ដែលឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងសូឈី ឆ្នាំ២០១៦ និងផែនការសកម្មភាពទូលំទូលាយរវាងអាស៊ាន និងសហព័ន្ធរុស្ស៊ី ឆ្នាំ២០១៦-២០២០៕
មេដឹកនាំអាស៊ានទាំង១០ ថតជុំគ្នាក្នុងកិច្ចប្រជុំអាស៊ានលើកទី៣៣ នៅសិង្ហបុរី។ រូបពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន
Tag:
អាស៊ាន-រុស្ស៊ី
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com