ជាតិ
លោក Heidt ស្នើឲ្យរដ្ឋាភិបាលអាមេរិក ដកទណ្ឌកម្មទិដ្ឋាការពីមន្ត្រីរដ្ឋាភិបាលកម្ពុជា រូបពីហ្វេសប៊ុក សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
× ភ្នំពេញ៖លោក William A. Heidt ឯកអគ្គរដ្ឋទូតផុតអាណត្តិសហរដ្ឋអាមេរិកប្រចាំកម្ពុជា ស្នើឲ្យរដ្ឋាភិបាលខ្លួន ដកទណ្ឌកម្មទិដ្ឋាការពីមន្ត្រីរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងកិច្ចសហការប្រទេសទាំងពីរឡើងវិញ។ លោក Heidt ប្រាប់ពីបំណងរបស់ខ្លួននេះ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង។
លោក Heidt បាននិយាយថា លោកកំពុងរង់ចាំចម្លើយ ពីខាងអន្តោប្រវេសន៍អាមេរិកលើបញ្ហាទិដ្ឋាការមន្ត្រីកម្ពុជានេះ។ ហើយបើនៅតែគ្មានចម្លើយនោះ លោក នឹងបន្តលើកករណីនេះ ស្នើទៅរដ្ឋាភិបាលខ្លួនម្ដងទៀត។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ផាត សុផានិត បានស្រង់សម្ដីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ប្រាប់អ្នកកាសែត កាលពីថ្ងៃទី១៤ វិច្ឆិកា ដូច្នេះថា៖«ក្នុងនាមឯកឧត្តម(Heidt) ផ្ទាល់ខ្លួន បានស្នើជាយោបល់ថា គួរសហរដ្ឋអាមេរិកអាចពិនិត្យលទ្ធភាពសម្រួល ឬដកចេញទណ្ឌកម្មទិដ្ឋាការដែលបានដាក់មកលើមន្ត្រីកម្ពុជាមួយចំនួន។ ទោះបីមកដល់ពេលឯកឧត្តមមិនទាន់ទទួលបានការឆ្លើយតបយ៉ាងណាពីអន្តោប្រវេសន៍សហរដ្ឋអាមេរិក ប៉ុន្តែឯកឧត្តម ក៏បន្តយកបញ្ហានេះទៅជជែកជាមួយខាងសហរដ្ឋអាមេរិកវិញបន្តទៀត នៅពេលឯកឧត្តមត្រឡប់ទៅវិញ»។
បំណងរបស់លោក Heidt ដែលចង់ឲ្យរដ្ឋាភិបាលអាមេរិក ដកទណ្ឌកម្មទិដ្ឋាការពីមន្ត្រីរដ្ឋាភិបាលកម្ពុជា គឺស្របតាមគោលគំនិតរបស់កម្ពុជាដែរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បាននិយាយថា បើអាមេរិកដកទណ្ឌកម្មទិដ្ឋាការពីកម្ពុជាមែននោះ វាគឺជាកាដូដ៏ល្អមួយ សម្រាប់កម្ពុជា។ ជាពិសេសវានឹងជួយដល់ការពង្រឹងកិច្ចសហប្រតិបត្តិរវាងភាគីទាំងពីរឲ្យកាន់តែប្រសើរថែមទៀត។
«សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ជាគោលការណ៍គឺគ្មានអ្វីប្រែប្រួលទេ គឺនឹងបន្តអនុវត្តនូវអ្វីដែលយើងបានព្រមព្រៀងគ្នា ហើយនឹងសូមអរគុណចំពោះឯកឧត្តមអគ្គរដ្ឋទូត បើសិនជាសហរដ្ឋអាមេរិកលុបចោលនូវបម្រាមទិដ្ឋាការនោះបាន វាគឺជាអំណោយកាដូមួយ សម្រាប់កម្ពុជាខិតខំអនុវត្តនូវកិច្ចព្រមព្រៀងនេះ ហើយក៏ដូចជាកាដូមួយ ក្នុងការលើកកម្ពស់ទៅដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។ នេះជាការលើកឡើងរបស់សម្ដេច ស ខេង ដែលត្រូវបានស្រង់សម្តីដោយលោក ផាត សុផានិត។
ជាមួយគ្នានេះភាគីទាំងពីរ ក៏បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការប្រឆាំងការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការពារសន្តិសុខដល់បុគ្គលិកស្ថានទូតអាមេរិក តាមរយៈកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ។ ក្រៅពីនេះកម្លាំងអនុវត្តច្បាប់កម្ពុជា-អាមេរិក គ្រោងចុះហត្ថលេខារួមគ្នា ក្នុងការបង្កើតក្រុមការងារមួយ សម្រាប់ការពង្រឹងទៅលើការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ៕
Tag:
ស ខេង
Heidt
ទិដ្ឋាការ
© រក្សាសិទ្ធិដោយ thmeythmey.com