កីឡាជាតិ
ជាតិ
ភា សុ​ថៃ ក្លាយជា​ជើងឯក​កីឡា​វាយ​សី​ប្រចាំឆ្នាំ​២០១៨ ក្រោយ​ឈ្នះ​កីឡាករ​ឆ្នើមៗ​
15, Nov 2018 , 7:19 pm        
រូបភាព
ដោយ:
​កីឡាករ ភា សុ​ថៃ មក​ក្លិប​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានឈ្នះ​មេដាយមាស​ជា​លើកដំបូង ពី​ការប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៨ ក្រោយ​យកឈ្នះ​កីឡាករ ម៉ែន សា​រ័ត្ន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ការ​ឈ្នះ​មេដាយមាស​ជា​ជោគជ័យ​មួយ តែ​ការ​ឈ្នះ​កីឡាករ វ៉ាត វ៉ាន់​ធន់ ដែល​ទទួលបាន​មេដាយមាស​ក្នុងការ​ប្រកួត​យុវជន​ចម្រុះ​ជាតិ​សាសន៍​នៅ​អា​ហ្ស​ង់​ទីន​ជា​គោលដៅ​របស់ សុ​ថៃ ដែល​បាន​ប៉ង​។​

 
​ការប្រឹងប្រែង​ហ្វឹកហាត់​ជាមួយ​ការកំណត់​គោលដៅ​ច្បាស់លាស់ ធ្វើ​ឲ្យ​កីឡាករ ភា សុ​ថៃ ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៨ តាមរយៈ​ការ​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​វាយ​ទោល​អាយុ​ក្រោម​១៨​ឆ្នាំ​។ មេដាយមាស​លើកដំបូង​របស់ សុ​ថៃ កើតឡើង​ក្រោយ​រូបគេ​យកឈ្នះ​កីឡាករ ម៉ែន សា​រ័ត្ន យ៉ាង​តានតឹង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីលាន​វាយ​សី​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។​


 
​មុន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ កីឡាករ​មកពី​ក្លិប​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រូបនេះ បាន​ទម្លាក់​កីឡាករ វ៉ាត វ៉ាន់​ធន់ ម្ចាស់​មេដាយមាស​ពី​ការប្រកួត​ចម្រុះ​ជាតិ​សាសន៍​ក្នុង​ព្រឹត្តិការណ៍​យុវជន​អូឡាំពិក​នៅ​អា​ហ្ស​ង់​ទីន​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ សម្រាប់ សុ​ថៃ ការ​ឈ្នះ​មេដាយមាស​ជា​រឿង​មួយ តែ​ការ​ឈ្នះ វ៉ាន់​ធន់ គឺជា​គោលបំណង​ដ៏​សំខាន់​សម្រាប់​គេ​។   
 
«​ខ្ញុំ​ធ្លាប់​ចាញ់​កីឡាករ វ៉ាត វ៉ាន់​ធន់ កាលពី​ឆ្នាំមុន​។ ប៉ុន្តែ​ដោយសារ​ការខិតខំ​ហ្វឹកហាត់​ធ្វើ​ឲ្យ​ខ្ញុំ​អាច​សងសឹក​កីឡាករ វ៉ាត វ៉ាន់​ធន់ បានសម្រេច​នៅ​ឆ្នាំនេះ​។ ខ្ញុំ​មាន​អារម្មណ៍​សប្បាយរីករាយ ដែល​ខ្ញុំ​អាចធ្វើ​បាន​ដូច​ថ្ងៃនេះ ព្រោះ​ក្នុងអំឡុងពេល​ហ្វឹកហាត់​គោលបំណង​របស់ខ្ញុំ គឺ​ចង់​ឈ្នះ​រូបគេ​»​។ កីឡាករ ភា សុ​ថៃ បានបញ្ជាក់​ដូច្នេះ ហើយ​បាន​បន្ថែមថា រូបគេ​នឹង​បង្កើន​ការហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង​ទ្វេដង ដើម្បី​ចាប់យក​ឱកាស​ទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ ពិសេស​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​


 
​សម្រាប់​កីឡាករ វ៉ាត វ៉ាន​ធន់ ការបែងចែក​ពេលវេលា​មិនបាន​ច្បាស់លាស់​រវាង​ការសិក្សា និង​ការហ្វឹកហាត់​ជា​កត្តា​នាំ​ឲ្យ​រូបគេ​ធ្វើ​មិន​បានល្អ​ក្នុងការ​ប្រកួត​ជើងឯក​នៅ​ឆ្នាំនេះ​។ ក្រោយ​បរាជ័យ​ក្រោម​ថ្វីដៃ​របស់​កីឡាករ ភា សុ​ថៃ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ធ្វើ​ឲ្យ វ៉ាន់​ធន់ អស់​ឱកាស​ឡើងទៅ​ប្រជែង​ដណ្តើម​ជើងឯក ដោយ​ទទួលបាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣​តែប៉ុណ្ណោះ​។​


 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន កីឡាករ​មកពី​ខេត្តកំពង់ឆ្នាំង​រូបនេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ចំពោះ​ការប្រកួត​ដែល​ខ្ញុំ​ទទួលបាន​ត្រឹម​លេខ​៣​នេះ គឺ​ដោយសារ​ឆ្នាំនេះ​ជា​ឆ្នាំ​ខ្ញុំ​ត្រូវ​ប្រឡង​បាក់​ឌុប ជាហេតុ​ធ្វើ​ឲ្យ​បែង​ចែង​ពេល​ហ្វឹកហាត់​មិនបាន​ច្បាស់លាស់ ដែល​នាំ​ឲ្យ​កម្លាំង និង​បច្ចេកទេស​ខ្ញុំ​ធ្លាក់ចុះ​»​។ 
 
​ទោះបី​ទទួលបាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣​ក៏ដោយ វ៉ាន់​ធន់ មិនបាន​បង្ហាញ​អារម្មណ៍​អន់ចិត្ត​នោះទេ​ចំពោះ​លទ្ធផល​នេះ ដោយ​រូបគេ​យល់ថា ការប្រកួត​តែងតែមាន​ឈ្នះ​និង​ចាញ់​ជា​រឿង​ធម្មតា​។ លើសពីនេះ​រូបគេ​ប្តេជ្ញា​ថា ខ្លួន​នឹង​បង្កើន​ការហ្វឹកហាត់​ទ្វេដង​ក្នុងការ​ពង្រឹងសមត្ថភាព ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​នៅ​ឆ្នាំក្រោយៗ​ទៀត​។ 


 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៤​ថ្ងៃ​ក្លិប​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឈរ​លេខ​១​ក្រោយ​ឈ្នះ​មេដាយមាស​៤ និង​ប្រាក់​៣ ខណៈ​ក្លិប​កំពង់ឆ្នាំង​ទទួលបាន​លេខ​២​ក្រោយ​ឈ្នះ​មេដាយមាស​២ ប្រាក់​១ និង​សំរឹទ្ធ​៣ និង​សមាគមន៍​ក្រសួងមហាផ្ទៃ​ឈរ​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់ពី​បាន​មេដាយមាស​២ ប្រាក់​១ និង​សំរឹទ្ធ​២៕   

Tag:
 វាយ​សី​
  ភា សុ​ថៃ​
  ជើងឯក​ថ្នាក់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com