អន្តរជាតិ
មហា​ធៀ ប្រាប់​ពូ​ទីន​៖ យន្តហោះ​ទិញ​ពី​រុស្ស៊ី​ដំណើរ​ការមិន​បានល្អ និង​ពិបាក​ជួសជុល
15, Nov 2018 , 7:39 pm        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា បាន​ចោទសួរ​ពី​បញ្ហា​មួយចំនួន​ទាក់ទង​នឹង​យន្តហោះ​ចម្បាំង​ដែល​បាន​ទិញ​ពី​រុស្ស៊ី ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន​។ ត្រង់ចំណុច​នេះ មេដឹកនាំ​ចំណាស់​ជាងគេ​រូបនេះ បាន​អះអាងថា យន្តហោះ​ចម្បាំង​ទាំងនោះ គឺ​ដំណើរ​ការមិន​បានល្អ និង​ពិបាក​នឹង​ជួសជុល​ថែម​ទៀតផង​។

 
​ថ្លែង​ទៅកាន់​លោក ពូ​ទីន អំឡុង​ជំនួប​ក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅឯ​សណ្ឋាគារ Shangri-La កាលពី​យប់​ថ្ងៃទី​ថ្ងៃទី​១៣ ខែវិច្ឆិកា លោក មហា​ធៀ បាន​គូសបញ្ជាក់​បែបនេះ​៖ «​យើង​មាន​យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយចំនួន ហើយ​យើង​នៅ​មិនទាន់​យល់ច្បាស់​អំពី​របៀប​ថែរក្សា និង​ជួសជុល​វា​ឡើយ​»​។ 
 
​បើតាម​សារព័ត៌មាន New  Straits Times នាយករដ្ឋមន្ត្រី​វ័យ​៩៣​ឆ្នាំ​រូបនេះ បាន​ត្អួរ​ត្អែ​រថា កងទ័ព​ជើង​អាកាស​ម៉ាឡេស៊ី បាន​សហការ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​រុស្ស៊ី​ទាក់ទិន​ពី​បញ្ហា​ខាងលើនេះ  តែ​ជា​អកុសល យន្តហោះ​ចម្បាំង​តិចតួច​ប៉ុណ្ណោះ​អាច​ហោះហើរ​បាន​នោះ​។​
 
​ការលើកឡើង​របស់លោក មហា​ធៀ ធ្វើឡើង ក្រោយពី​រដ្ឋមន្ត្រី​ការពារជាតិ​ម៉ាឡេស៊ី Mohamad Sabu កាលពី​ខែកក្កដា​កន្លងទៅ ធ្លាប់បាន​បង្ហើប​ថា យន្តហោះ​ចម្បាំង​៤​គ្រឿង​ប៉ុណ្ណោះ ក្នុងចំណោម​យន្តហោះ​ចម្បាំង​រុស្ស៊ី​២៨​គ្រឿង ដែលជា​កម្មសិទ្ធិ​របស់​កងទ័ពអាកាស​ភូមិន្ទ​ម៉ាឡេស៊ី (RMAF) អាចធ្វើ​ការហោះហើរ​បាន​។ ចំណែក​២៤​គ្រឿង​ផ្សេងទៀត ពុំ​អាច​ហោះហើរ​បានឡើយ​។

​បន្ថែម​ពី​បញ្ហា​នេះ លោក Mohamad បាន​បញ្ជាក់ថា ក្រសួងការពារជាតិ​ម៉ាឡេស៊ី បាន​លុបចោល​កិច្ចសន្យា​ទិញ​សម្ភារៈ​យោធា​ពី​រុស្ស៊ី ដែល​ធ្វើឡើង​ដោយ​រដ្ឋបាល​មុន ហើយ​សព្វ​នេះ​ក្រសួង​កំពុង​ស្វែងរក​អ្នកផ្គត់ផ្គង់​ថ្មី​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ប​ច្ច​ប្បន្ន​នេះ ម៉ាឡេស៊ី​មាន​យន្តហោះ​ចម្បាំង​ប្រភេទ Sukhoi Su-30MKM របស់​រុស្ស៊ី​ចំនួន ១៨​គ្រឿង និង​យន្តហោះ​ចម្បាំង​ប្រភេទ MiG 29 របស់​រុស្ស៊ី​ចំនួន ២៩​គ្រឿង​។ ក្នុងចំណោម​យន្តហោះ​ចម្បាំង​ទាំងនោះ យន្តហោះ​ចម្បាំង​ពហុ​មុខងារ​ប្រភេទ MiG ចំនួន​១០​គ្រឿង ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​១៩៩៥ ខណៈ​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប Sukhoi Su-30MKM ចំនួន​៦​គ្រឿង ត្រូវបាន​បញ្ជូន​ទៅដល់​ម៉ាឡេស៊ី ក្នុង​ឆ្នាំ​២០០៧ និង​សេសសល់​បន្ថែមទៀត គឺ​ទទួលបាន​ក្នុង​ឆ្នាំ​២០០៩៕​
 

Tag:
 រុស្ស៊ី​
  ម៉ាឡេស៊ី​
  មហា​ធៀ​
  ពូ​ទីន​
© រក្សាសិទ្ធិដោយ thmeythmey.com