ជាតិ
សង្គមជាតិ
សហភាពអឺរ៉ុប, អាមេរិក, ស៊ុយអែត ឲ្យ២៧លានដុល្លារ ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា
× ភ្នំពេញ៖ សហភាពអឺរ៉ុប ស៊ុយអែត សហរដ្ឋអាមេរិក អង្គការយូនីសេហ្វ រួមទាំងដៃគូពាក់ព័ន្ធផ្សេងទៀត បានផ្តល់ថវិកាចំនួន២៧លានដុល្លារ តាមរយៈមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា (CDPF) ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជាឲ្យមានគុណភាព។
ថវិកាចំនួន២៧លានដុល្លារនេះ នឹងអនុវត្តរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់២០២១ ក្នុងគោលបំណងគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ធានាឲ្យបាននូវប្រព័ន្ធអប់រំប្រកបដោយគុណភាពកាន់តែអំណោយផលជាងមុន។
នៅក្នុងពិធីប្រកាសពីការផ្តល់ជំនួយនៅក្នុងកម្មវិធី «ផ្សព្វផ្សាយគម្រោងមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍន៍សមត្ថភាព» ជំនាន់ទី៣នេះ លោក George Edgar តំណាងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បាននិយាយថា ការផ្តល់ថវិកានេះបង្ហាញឲ្យឃើញថា មូនិធី CDPF នឹងបង្កើនការគាំទ្រដល់ការគ្រប់គ្រងកំណែទម្រង់វិស័យអប់រំ និងពង្រឹងសមត្ថភាពគ្រូបង្រៀន ដើម្បីឲ្យកុមារបានចំណេះដឹងកាន់តែប្រសើរជាងមុន។
លោក George edgar បញ្ជាក់ថា៖«សហភាពអឺរ៉ុប និងដៃគូពាក់ព័ន្ធផ្សេងទៀត និងក្រសួងអប់រំ គឺជាដៃគូសហការរយៈពេលវែង សម្រាប់បង្កើនសមត្ថភាពនៅថា្នក់ខេត្ត និងស្រុក និងសាលារៀន ដើម្បីធានាបានថា កុមារនៅកម្ពុជា អាចទទួលបានការអប់រំស្មើៗគ្នា និងលើកកម្ពស់ការសិក្សាប្រកបដោយប្រសិទ្ធភាព»។
ជាមួយគ្នាផងដែរ លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការនៃក្រសួងអប់រំ បានលើកឡើងថា ជំនួយដែលបានផ្តល់ឲ្យនេះ នឹងអនុវត្តលើការពង្រឹងសមត្ថភាពបុគ្គល អង្គភាព និងស្ថាប័ន ដើម្បីធ្វើយ៉ាងណាឲ្យវិស័យអប់រំសម្រេចបាននូវសេវាអប់រំល្អ។
លោក បពា្ជក់បែបនេះថា៖«ជំនួយពីភាគីទាំងអស់នេះ យើងនឹងយកទៅពង្រឹង និងបណ្តុះបណ្តាលសមត្ថភាពគ្រូនៅតាមសាលាគរុកុសលទូទាំងប្រទេសកម្ពុជា និងពង្រឹងបន្ថែមលើមុខវិជ្ជាព័ត៌មានវិទ្យា។ ម្យ៉ាងវិញទៀតសមត្ថភាពគ្រូបង្រៀនក៏នៅមានកម្រិត ដូច្នេះយើងបង្កើនសមត្ថភាពគ្រូបន្ថែមទៀត ហើយយើងនឹងផ្តល់ជាសម្ភារសិក្សានៅតាមមូលដ្ឋាននានា ដូចជាកុំព្យូទ័រ ម៉ាស៊ីនថតចម្លង និងគ្រឿងសម្ភារផ្សេងទៀតផងដែរ ដើម្បីឲ្យសិក្សានុសិស្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសិក្សា»។
បើតាមរដ្ឋលេខាធិការក្រសួងអប់រំខាងលើ គម្រោងមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍន៍វិស័យអប់រំនេះ បានអនុវត្តរយៈពេល៧ឆ្នាំរួចមកហើយ ពីឆ្នាំ២០១១ ដល់២០១៧ ហើយក្រសួងអប់រំនៅតែបន្តអនុវត្តនគម្រោងនេះរយៈពេល៤ឆ្នាំបន្តទៀត ចាប់ពីឆ្នាំ២០១៨ ដល់២០២១ ដែលមានដៃគូគាំទ្រដូចជា សហភាពអឺរ៉ុប និងស៊ុយអែត យូនីសេហ្វ មូលនិធិភាពជាសកលសម្រាប់ការអប់រំ និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ៕
Tag:
ថវិកា
អប់រំ
សហភាពអឺរ៉ុប
ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com