ជាតិ
សម្ដេច ស ខេង ហាម​អភិបាលខេត្ត​ថ្មី លុបបំបាត់​ស្នាដៃ​អភិបាលខេត្ត​ចាស់​ចោល​
15, Nov 2018 , 9:39 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
រូបពីហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
​ភ្នំពេញ​៖ អភិបាលខេត្ត​ចាស់​ប្រឹង​បន្សល់ទុក​សមិទ្ធផល​ល្អៗ សម្រាប់​អ្នកជំនាន់ក្រោយ ប៉ុន្តែ​អ្នកថ្មី​ឡើងមក បែ​ជា​លុប​ស្នាដៃ​អ្នក​ចាស់​ចោល​ទៅវិញ ។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ហាម​អភិបាលខេត្ត​ថ្មី ធ្វើ​សកម្មភាព​អវិជ្ជមាន​បែបនេះ​។​


 
​សម្ដេច ស ខេង ដែល​ធ្លាប់​បានឃើញ​អភិបាលខេត្ត​ថ្មី​ខ្លះ បានធ្វើ​សកម្ម​ភាពមិន​ត្រឹមត្រូវ​នេះ ចាត់ទុក​ទង្វើ​របស់​ពួកគេ​ជាការ​បំផ្លាញ និង​បំបាក់ទឹកចិត្ត​របស់​អ្នក​ចាស់ ដែល​ខិតខំ​ប្រឹងប្រែង​កសាង​ស្នាដៃ ដើម្បី​ប្រទេសជាតិ​។​
 
​សូម​ស្ដាប់​ប្រសាសន៍​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៖



 
​ថ្លែង​ក្នុង​ពិធី​ប្រគល់​តំណែង​អភិបាលខេត្ត​ត្បូងឃ្មុំ ទៅ​លោក ជាម ច័ន្ទ​សោ​ភ័​ណ្ឌ ជំនួស​លោក លី ឡេង នៅ​ព្រឹក​ថ្ងៃទី​១៥ វិច្ឆិកា​នេះ សម្ដេច ស ខេង បាន​និយាយ​ដោយ​មិន​ចំឈ្មោះ​ដូច្នេះ​ថា ៖«​វា​មាន​ខេត្ត​ខ្លះ​អ​ញ្ចេះ តែ​ខ្ញុំ​មិន​បញ្ចេញ​ឈ្មោះ​ទេ​។ អ្នក​មុន​(​អភិបាលខេត្ត​ចាស់​)​គ្នា​ខំ​ករ​វែក ករ​ឆ្នាំង​ទៅ បាន​សមិទ្ធផល ហើយ​ខ្លួនឯង​(​អ្នក​ត្រៀម​ឡើង​អភិបាល​ថ្មី​) នៅពេល​ហ្នឹង​គឺ​មិន​ធ្វើ​ទេ ហើយ​រវល់​ទៅនេះ​បន្តិច រវល់​ទៅនោះ​បន្តិច​។ ដល់ពេល​យក​អ្នក​ចាស់​ចេញ ហើយ​ត្រូវ​តែងតាំង​គាត់​មក​ជំនួស គាត់​ចាប់​ផ្ដើមធ្វើ​ប៉ុន្តែ​គាត់​ទៅ​លុប​ស្នាដៃ​របស់​អ្នក​ចាស់​ចោល​។ នែក៎​! ខ្ញុំ​ហាម​ត្រង់​ហ្នឹង​ណា​! វារ​លាយ​ហ្មង​បើ​ធ្វើ​អ៊ីចឹង ទៅ​ឈូស​ទៅ​ឆាយ​ចោល ហើយ​មិន​និយាយ​គ្នា វា​ទើស​ស្អី​គ្រាន់តែ​ប៉ុណ្ណឹង​»​។​
 
​បើតាម​សម្ដេច ស ខេង អភិបាលខេត្ត​ថ្មី មិនគួរ​លុបបំបាត់​សមិទ្ធផល​របស់​អ្នក​ចាស់​ចោល​ទេ ពោលគឺ​ត្រូវ​ជួយ​បន្ត​រក្សាទុក​ទាំងអស់គ្នា ដើម្បី​បង្ហាញ​ពី​ស្នាដៃ​របស់​ចៅហ្វាយខេត្ត​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​៕

Tag:
 ស ខេង​
  អភិបាលខេត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com