អន្តរជាតិ
លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ទទួល​ញញួរ​ប្រធាន​អាស៊ាន​ពី​លោក លី សៀន​ឡុង
15, Nov 2018 , 4:52 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី និង​ប្រធាន​អាស៊ាន​ផុត​អាណត្តិ​លោក លី សៀន​ឡុង បាន​ផ្ទេរ​ញញួរ​និមិត្តរូប​ជា​ផ្លូវការ​ដល់​ប្រធាន​អាស៊ាន​ថ្មី​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី ១៥ ខែវិច្ឆិកា​នេះ​។ ប្រធាន​អាស៊ាន​ថ្មី​ក៏​ឆ្លៀតឱកាស​ប្រកាស​ពី​មូលបទ​ថ្មី​សម្រាប់​ឆ្នាំ ២០១៩​ផងដែរ​។​


 
​ក្នុងពេល​ផ្ទេរតំណែង​ប្រធាន​អាស៊ាន លោក លី បាន​ថ្លែងថា សិង្ហ​បុរី មាន​ទំនុកចិត្ត​ខ្ពស់​ចំពោះ​ថៃ​ដែលជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០១៩ ដោយ​បន្ត​នាំ​អាស៊ាន​ឆ្ពោះទៅមុខ​។ 
«​សិង្ហ​បុរី​មាន​ទំនុកចិត្ត​ពេញទំហឹង​ចំពោះ​ប្រធាន​អាស៊ាន​ថ្មី​ថៃ​។ យើង​ទន្ទឹងរង់ចាំ​ធ្វើ​ការងារ​ជាមួយ​គ្រួសារ​អាស៊ាន​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​រួម​ដែលមាន​ទស្សនវិស័យ​តែមួយ ជោគវាសនា​តែមួយ និង​សហគមន៍​តែមួយ​ផងដែរ​»​។ លោក លី ប្រកាស​ដូច្នេះ​។ 
 
​បន្ទាប់ពី​ទទួល​ញញួរ​ហើយ​នោះ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ថ្លែងអំណរគុណ និង​សាទរ​ដល់​ជោគជ័យ​ត្រចះត្រចង់​ដែល​សិង្ហ​បុរី​សម្រេចបាន​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​នេះដែរ ហើយ​លោក​ប្តេជ្ញា​បន្ត​ដឹកនាំ​អាស៊ាន​ឆ្ពោះទៅមុខ និង​បន្ត​អនុវត្ត​រាល់​គោលនយោបាយ​ដែល​ត្រូវបាន​ដាក់ចេញ​ក្នុងឆ្នាំនេះ​ជាពិសេស​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​។​
 
​លោក ប្រា​យុទ្ធ បាន​ឆ្លៀតឱកាស​ប្រកាស​ជា​ឱឡារិក​ពី​មូលបទ​ថ្មី​សម្រាប់​អាស៊ាន​ពេល​ថៃ​ធ្វើជា​ប្រធាន​ដែរ​។ មូលបទ​ថ្មី​គឺ «​ការធ្វើ​ឲ្យ​ជឿនលឿន​នៃ​ភាពជា​ដៃគូ​ដើម្បី​និរន្តរ​ភាព​» (Advancing Partnership for Sustainability)​។ 
 
​លោក​បាន​បន្ថែមថា ក្នុង​មូលបទ​នេះ​មាន​ធាតុ​ផ្សំ​សំខាន់ៗ​បី​។ ទីមួយ​គឺ ការធ្វើ​ឲ្យ​ជឿនលឿន ដែល​ផ្តោត​សំខាន់​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឲ្យ​អស់ពី​លទ្ធភាព និង​ពង្រឹង​ការប្រកួតប្រជែង​ដែល​អាច​ធានាបាន​នូវ​ការរីកចម្រើន​លូតលាស់​យ៉ាងសកម្ម​។  
 
​ទី​ពីរ​គឺ ភាពជា​ដៃគូ​ដែល​ធានាបាន​នូវ​ការបន្ត​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​អាស៊ាន និង​ដៃគូ ក៏ដូចជា​សហគមន៍​អន្តរជាតិ​ទាំងមូល​ផង តាមរយៈ​ការពង្រឹង​គោលការណ៍​អាស៊ាន​បូក​មួយ និង​ការកសាង​និម្មាបនកម្ម​តំបន់​ដែលមាន​អាស៊ាន​ជា​ស្នូល​។ 
 
​ចំណុច​ទី​បី​គឺ និ​រន្តិភាព​ដែល​សំដៅ​ដល់​ការបន្ត​សហការគ្នា​រវាង​សមាជិក​អាស៊ាន​និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ធានាបាន​នូវ​និរន្តរភាព​សេដ្ឋកិច្ច សន្តិសុខ និង​ការអភិវឌ្ឍ​ផងដែរ​។​
​សូមបញ្ជាក់ថា អាណត្តិ​របស់​ថៃ​ដែលជា​ប្រធាន​អាស៊ាន​ថ្មី​នេះ គឺមាន​រយៈពេល​មួយឆ្នាំ​ចាប់ពី​ខែមករា​ដល់​ខែធ្នូ​ឆ្នាំ ២០១៩​។ ថៃ​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពីរដង​លើក​ទី ៣៤ និង​លើក​ទី ៣៥​។ លើក​ទី ៣៤ នឹងត្រូវ​រៀបចំឡើង​នៅក្នុង​អំឡុង​ពាក់កណ្តាល​ខែមិថុនា និង​លើក​ទី ៣៥ អាច​នឹងត្រូវ​រៀបចំ​ឡើង​សប្តាហ៍​ទី ២​នៃ​ខែវិច្ឆិកា​ឆ្នាំ ២០១៩៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com