កីឡាជាតិ
ជាតិ
ពានរង្វាន់​បាល់ទាត់​ចំនួន​២២ នឹង​ប្រគល់ជូន​ម្ចាស់​ជ័យលាភី​ក្នុង​កម្មវិធី Award Night
16, Nov 2018 , 8:39 am        
រូបភាព
កម្មវិធី Award Night កាលពីឆ្នាំ២០១៧, រូបភាពពី CNCC
កម្មវិធី Award Night កាលពីឆ្នាំ២០១៧, រូបភាពពី CNCC
ដោយ:
​ពានរង្វាន់​បាល់ទាត់​នៃ​ក្របខណ្ឌ​លី​គ​កំពូល​, ពាន​សម្តេច ហ៊ុន សែន និង​ពានរង្វាន់​ផ្សេងៗ​សរុប​ចំនួន​២២​រង្វាន់ នឹង​ប្រគល់ជូន​ម្ចាស់​ជ័យលាភី​នៅក្នុង​កម្មវិធី Cambodian Football Award នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​។ ក្រៅពី​ការប្រគល់​រង្វាន់ ក៏មាន​ការប្រគំ​តន្ត្រី​ក្រោម​វត្តមាន​តារាចម្រៀង​ល្បីៗ​របស់​កម្ពុជា​ផងដែរ​។

 
​លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ​នៃ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​(CNCC)​បាន​បញ្ជាក់ថា CNCC នឹង​ប្រគល់​ពានរង្វាន់​បាល់ទាត់​ចំនួន​២២ ជូន​ដល់​ម្ចាស់​ជ័យលាភី ដែល​បាន​ទន្ទឹងរង់ចាំ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​។ ការប្រគល់​ជូន​នេះ នឹងធ្វើ​ឡើង​ក្នុង​កម្មវិធី Cambodian Football Award នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សែន​សុខ​។ 


 លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិ CNCC ក្នុងសន្និសីទសារព័ត៌មានស្តីពី Award Night កាលពីកន្លងទៅ
 
​ពានរង្វាន់​ដែល​ត្រូវ​ប្រគល់ជូន​ទាំងនោះ​រួមមាន​ក្រុម​ជើងឯក ក្រុម​លេខ​២ ក្រុម​លេខ​៣, ក្រុម Fair Play, កីឡាករ គ្រូបង្វឹក និង​អ្នកចាំទី​ល្អ​, កីឡាករ​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ និង​ក្រុម​អាជ្ញាកណ្តាល​ល្អ នៃ​ពានរង្វាន់​ក្របខណ្ឌ​លី​គ​កំពូល​និង​ពាន​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៨​។ បន្ថែម​លើ​នេះ​មាន​ពានរង្វាន់​សម្រាប់​កីឡាករ គ្រូបង្វឹក និង​អ្នកគាំទ្រ​ប្រជាប្រិយ​, កីឡាករ​សង្ហា​ជាងគេ និង​អ្នក​ថតរូប​ល្អ​ជាងគេ ហើយ​ក៏មាន​ពានរង្វាន់​៥​ផ្សេងទៀត​ផងដែរ ដែល CNCC សុំ​មិន​បង្ហាញ​។​
 
​សម្រាប់​ការចូលរួម​ទស្សនា​កម្មវិធី Cambodian Football Award គឺ​តម្រូវ​ឲ្យ​ទស្សនិកជន​ទិញ​សំបុត្រ​ក្នុងតម្លៃ​៣​ដុល្លារ​ក្នុង​ម្នាក់ ដើម្បី​ទទួលបាន​អាហារសម្រន់ និង​ភេសជ្ជៈ​ផ្សេងៗ​។ ក្រៅពី​អាហារសម្រន់ និង​ទស្សនា​ការប្រគល់​រង្វាន់​ដល់​ក្រុម និង​កីឡាករ​ក្នុង​ចិត្ត ទស្សនិកជន​អាច​ទស្សនា​ការប្រគំ​តន្ត្រី និង​ថតរូប​អនុស្សាវរីយ៍​ជាមួយ​រូបភាព​ផ្សេងៗ​ជាដើម​។​
 
​នេះ​ជា​លើក​ទី​២​ហើយ​ដែល​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​រៀបចំ​ឲ្យ​មានកម្ម​វិធី​នេះ​ឡើង ខណៈ​លើក​ទី​១​រៀបចំ​នៅ​ណាហ្គា​វើ​ល តែ​ពេលនោះ​ពុំមាន​ការលក់​សំបុត្រ​នោះទេ​។ ទោះបី​យ៉ាងនេះ​ក្តី លោក ឆាំង ពិសិដ្ឋ រំពឹងថា ទស្សនិកជន​យ៉ាងច្រើន​កុះករ​នឹង​មក​ចូលរួម​នៅ​ឆ្នាំនេះ​។ លោក​បន្ថែមថា នៅ​ឆ្នាំក្រោយៗ​ទៀត CNCC នឹង​រៀបចំ​ឲ្យ​មាន​ទ្រង់ទ្រាយ​កាន់តែ​ធំ​ជាង​នេះ បើសិន​មាន​អ្នកចូលរួម​ច្រើន​នៅ​ឆ្នាំនេះ​៕     
 

Tag:
 បាល់ទាត់​
  ឆាំង ពិសិដ្ឋ​
  Award Night
© រក្សាសិទ្ធិដោយ thmeythmey.com