កីឡាអន្តរជាតិ
អន្តរជាតិ
PSG ប្រឈមការដាក់ពិន័យមិនឲ្យលេង UCL និងទិញកីឡាករថ្មីចូល
× សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បាននិយាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ថាការពិនិត្យបន្ថែមលើក្លិបយក្សបារាំង Paris Saint-Germain ជុំវិញការចោទប្រកាន់ក្លែងបន្លំឯកសារលើការចំណាយដែលល្មើសនឹងច្បាប់ Financial Fair Play (FFP) នឹងត្រូវរង់ចាំការសម្រេចពីតុលាការអាជ្ញាកណ្តាលកីឡាជាមុនសិន។
កាសែតបារាំង Daily L'Equipe ថា UEFA កំពុងពិចារណាលើការបញ្ជាឲ្យក្លិប PSG កែប្រែគណនីប្រាក់ចំណាយរបស់ខ្លួនឲ្យបានត្រឹមត្រូវឡើងវិញដើម្បីឲ្យមានភាពសមស្របទៅនឹងតម្លៃនៃកិច្ចសន្យាឧបត្ថម្ភរបស់ខ្លួនជាមួយអាជ្ញាធរទេសចរណ៍កាតា (QTA)។
ក្លិបដែលគ្រប់គ្រងដោយសេដ្ឋីកាតាមួយនេះបានប្រកាសថាកិច្ចសន្យាជាមួយក្រុមហ៊ុនឧបត្ថម្ភមានតម្លៃ ១០០ លានអឺរ៉ូ (១១៣លានដុល្លារអាមេរិក) នៅក្នុងរយៈពេលប៉ុន្មានឆ្នាំពោលគឺក្នុងរដូវកាល ២០១៣-២០១៤ និង ២០១៤-២០១៥។
ប៉ុន្តែកាសែត L'Equipe ដដែលអះអាងថាអង្គភាពត្រួតពិនិត្យការចំណាយរបស់ UEFA បង្ហាញពីចំនួនទឹកប្រាក់របស់ក្លិបយក្សបារាំងនេះឃើញតែប្រមាណ ៥៨ លានអឺរ៉ូ (៦៥លានដុល្លារអាមេរិក) ប៉ុណ្ណោះ។
ដូច្នេះផលប៉ះពាល់នៃការផ្លាស់ប្តូរទិន្នន័យខាងលើនេះអាចនឹងធ្វើឲ្យម្ចាស់ជើងឯក Ligue 1 បារាំងធ្លាក់ចុះយ៉ាងខ្លាំងទៅក្នុងការចំណាយលើសកំណត់ ដែលមានន័យថាពួកគេអាចប្រព្រឹត្តខុសនឹងច្បាប់ហិរញ្ញវត្ថុ FFP ដែលបង្កើតឡើងដោយ UEFA នោះ។
ប្រសិនបើ PSG ត្រូវបានដាក់ទណ្ឌកម្មចំពោះការរំលោភបំពានលើការចំណាយទិញកីឡាករហួសកំណត់ល្មើសនឹងច្បាប់ FFP មែននោះ ពួកគេអាចនឹងប្រឈមមុខនឹងការហាមឃាត់ពីការប្រកួតក្របខណ្ឌ Champions League និងការប្រកួតពាននៅតំបន់អឺរ៉ុបផ្សេងៗទៀត ក៏ដូចជាហាមមិនឲ្យទិញកីឡាករចូលជាដើម។
PSG ដែលចំណាយប្រាក់ច្រើនកប់ពពករហូត៤០០លានអឺរ៉ូ (៤៥៣លានដុល្លារអាមេរិក) លើកីឡាករពីររូបរួមមាន Kylian Mbappe និង Neymar បានប្រតិកម្ម និងប្តឹងទៅកាន់តុលាការអាជ្ញាកណ្តាលកីឡា CAS ផងដែរ។ ដូច្នេះលទ្ធផលបែបណា នឹងត្រូវរង់ចាំការសម្រេចពី CAS លើការប្តឹងឧទ្ធរណ៍របស់ PSG៕
Tag:
បាល់ទាត់
Financial Fair Play
Paris Saint-Germain
© រក្សាសិទ្ធិដោយ thmeythmey.com