អនុប្រធានាធិបតីអាមេរិកលោក ម៉ៃ ផេន បានព្រមានត្រង់ៗក្នុងជំនួបទ្វេភាគីជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ថា អាមេរិកមិនពេញចិត្តនឹងចំណាត់ការរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងការដោះស្រាយវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងបំពារបំពានសិទ្ធិសេរីភាពសារព័ត៌មានយ៉ាងធ្ងន់ធ្ងរតាមរយៈការចាប់ចងអ្នកកាសែតកន្លងមកឡើយ។
នាជំនួបទ្វេភាគីនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣នៅសិង្ហបុរី អនុប្រធានាធិបតីអាមេរិកលោក ម៉ៃ ផេន បានដាក់សម្ពាធលើមេដឹកនាំនៃរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាលោកស្រី ស៊ូជី ឲ្យព្យាយាមដោះស្រាយវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងឈានទៅផ្តន្ទាទោសអ្នកទទួលខុសត្រូវផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយការិយាល័យអនុប្រធានាធិបតី លោក ផេន បាននិយាយត្រង់ប្រាប់លោកស្រី ស៊ូជី ថា ហិង្សា និងការធ្វើទុក្ខបុកម្នេញប្រជាជនរ៉ូហ៊ីងយ៉ាពីសំណាក់ក្រុមយោធា និងក្រុមឧក្រិដ្ឋជនពាក់ព័ន្ធរហូតដល់បណ្តាលឲ្យមានជនភៀសខ្លួនជាង ៧០ម៉ឺននាក់ទៅបង់ក្លាដែសនោះជារឿងមិនអាចដោះសារបានឡើយ។
«ខ្ញុំបារម្ភខ្លាំងណាស់ដោយបានលឺពីការវិវត្តដែលកើតឡើងជុំវិញជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ នេះជាសោកនាដកម្មដែលធ្វើឲ្យប្រជាជនអាមេរិករាប់លាននាក់សោកសង្រេង។ ហិង្សានិងការធ្វើទុកបុកម្នេញលើប្រជាជនរ៉ូហ៊ីងយ៉ាពីសំណាក់យោធានិងក្រុមឧក្រិដ្ឋជននោះគ្មានអ្វីត្រូវដោះសារឡើយ»។ លោក ផេន និយាយខ្លាំងៗបែបនេះ។
តាងនាមឲ្យប្រធានាធិបតី លោក ផេន បន្តថា លោកក៏ព្រួយបារម្ភខ្លាំងពីការគ្រប់គ្រងបញ្ហា និងការដាក់ទោសទណ្ឌអ្នកដែលប្រព្រឹត្តហិង្សាដែលធ្វើឲ្យមនុស្សរាប់សែននាក់រងការឈឺចាប់ និងត្រូវបាត់បង់ជីវិតថែមទៀត។ បញ្ហាមួយទៀតដែលធ្វើឲ្យអាមេរិកខ្វល់ខ្វាយនោះគឺផែនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពីបង់ក្លាដែសត្រឡប់មកស្រុកកំណើតវិញ។
ក្រៅពីរឿងវិបត្តិជនភៀសខ្លួន អនុប្រធានាធិបតីក៏លើកឡើងពីការសង្កត់សង្កិនសារព័ត៌មានដោយចាប់អ្នកកាសែតដាក់ពន្ធនាគារកន្លងមកនេះ។ លោកសង្កត់ធ្ងន់ថា ប្រជាជនអាមេរិករាប់លាននាក់ព្រួយបារម្ភពីការចាប់ខ្លួន និងដាក់ពន្ធនាគារអ្នកកាសែតពីរនាក់កន្លងមក។ ប៉ុន្តែលោកនៅតែសង្ឃឹមថា រដ្ឋាភិបាលមីយ៉ាន់ម៉ានឹងឈានទៅស្តារសេរីភាព និងឯករាជភាពនៃស្ថាប័នសារព័ត៌មាននៅមីយ៉ាន់ម៉ាផងដែរ។
លោក ផេន ក៏ឆ្លៀតអរគុណលោកស្រី ស៊ូ ជី ដែលបានស្នើសុំឲ្យមានជំនួបទ្វេភាគីនេះឡើងដែរ។
ចំណែកលោកស្រី ស៊ូជី ឯណោះវិញទំនងជាមិនស្រួលអារម្មណ៍ប៉ុន្មានឡើយក្រោយបានលឺពាក្យពិតរបស់អនុប្រធានាធិបតីអាមេរិកក្នុងជំនួបនេះ។ លោកស្រីបានស្វាគមន៍ការគាំទ្រមីយ៉ាន់ម៉ាពីសំណាក់ភាគីពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហា ប៉ុន្តែឆ្លៀតឌឺដងទៅវិញថា គ្មានអ្នកណាដឹងពីស្ថានការណ៍មីយ៉ាន់ម៉ាច្បាស់ជាងមីយ៉ាន់ម៉ាខ្លួនឯងឡើយ។ ដូច្នេះហើយ លោកស្រីនៅតែជឿជាក់ថា មានតែមីយ៉ាន់ម៉ាប៉ុណ្ណោះដែលសក្តិសមនឹងបន្តពន្យល់ពីស្ថានការណ៍ជាក់ស្តែងដែលកំពុងកើតឡើងពិតប្រាកដដល់ភាគីដែលចង់ដឹង។
«យើងអាចនិយាយបានថា យើងយល់ពីប្រទេសយើងច្បាស់ជាងប្រទេសណាៗទាំងអស់។ ខ្ញុំច្បាស់ក្នុងចិត្តថា អ្នកនឹងនិយាយដូចគ្នាថា អ្នកដឹងពីប្រទេសអ្នកច្បាស់ជាងអ្នកផ្សេង។ ដូច្នេះហើយ យើងជាអ្នកដែលសក្តិសមជាងគេក្នុងការពន្យល់ពីអ្វីដែលកំពុងកើតឡើង និង ថាតើយើងមើលឃើញអ្វីដែលត្រូវបានរៀបចំនោះដូច្នេះម្តេចនោះ»។ ទីប្រឹក្សារដ្ឋមីយ៉ានម៉ា អះអាងដូច្នេះ។
យ៉ាងណាក៏ដោយចុះ មិនមែនមានតែលោក ផេន ម្នាក់ប៉ុណ្ណោះទេដែលព្យាយាមដាក់សម្ពាធអតីតអ្នកទោសនយោបាយ និងនិមិត្តរូបនៃសិទ្ធិសេរីភាព និងប្រជាធិបតេយ្យរូបនេះឲ្យដោះស្រាយវិបត្តិក្នុងស្រុក។ មេដឹកនាំម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ ក៏បានទិតៀនលោកស្រី ស៊ូជី មិនសំចៃមាត់ដែរក្នុងករណីដែលលោកស្រី ស៊ូជី មិនអើពើនឹងបញ្ហា ហើយព្យាយាមការពារឧក្រិដ្ឋកម្មបង្កឡើងដោយក្រុងយោធាថែមទៀតផង៕