ជាតិ
គម្រោងស្តារផ្លូវរត់សម្រាប់យន្តហោះប្រវែង៣០០០ម៉ែត្រ ត្រូវបានបញ្ចប់
× ក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា (Cambodia Airports) បានប្រកាសបញ្ចប់ការជួសជុលផ្លូវរត់ប្រវែង៣០០០ម៉ែត្រ សម្រាប់យន្តហោះ ជាមួយនឹងការរៀបចំពិធីតាមសាសនាដើម្បីទទួលបានពរជ័យនិងសេចក្តីសុខនៅថ្ងៃទី១៥ខែវិច្ឆិកា។ នេះបើតាមយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airports។
ក្នុងរយៈពេល៧ខែ ការដ្ឋានជួសជុល និងធ្វើឲ្យកាន់តែប្រសើរនូវផ្លូវរត់សម្រាប់យន្តហោះដែលដំណើរការក្នុងពេលយប់ ត្រូវបានបញ្ចប់។ ការដ្ឋាននៃការពង្រីក និងធ្វើឲ្យកាន់ទំនើបនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ គឺជាផ្នែកមួយនៃការត្រៀមខ្លួនទទួលចំនួនភ្ញៀវទេសចរ និងអ្នកដំណើរដែលកាន់តែកើនឡើង។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airports បានសរសេរថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ព្រលានយន្តហោះមានផលប្រយោជន៍ជាច្រើនដូចជា៖ ការធ្វើឲ្យកាន់តែប្រសើរ និងកាន់តែមានសុវត្ថិភាពសម្រាប់ការចេញដំណើរ និងចុះចតរបស់យន្តហោះ ប្រព័ន្ធបំភ្លឺផ្លូវរត់សម្រាប់យន្តហោះ និងការបំពាក់រនាំងការពារថ្មីជាដើម។
លោក អេរីក ដេឡូប៊ែល (Eric DELOBEL) ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Airports បានមានប្រសាសន៍ថា ការវិនិយោគទៅលើគម្រោងដ៏ធំនៃការជួសជុលព្រលានយន្តហោះនេះ គឺជាការបង្ហាញអំពីភាពជឿជាក់មួយ។ លោកបន្តថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញពេលនេះត្រូវបានបំពាក់ដោយប្រព័ន្ធផ្លូវរត់មួយដែលអាចទទួលយន្តហោះពី១០ទៅ១៥ឆ្នាំទៅមុខទៀត។ លោក Eric បានបន្តយ៉ាងដូច្នេះថា៖«យើងជឿជាក់យ៉ាងមុតមាំនៅក្នុងកាលៈទេសៈនៃការរីកចម្រើនរបស់ប្រទេស ជាពិសេសកំណើននៃភ្ញៀវទេសចរដែលនៅតែបន្តចូលមកកម្ពុជា។ ដើម្បីអាចទទួលបានពួកគេបានក្នុងពេលនេះ និងក្នុងទសវត្សរ៍ខាងមុខនេះទៀត ក្រុមហ៊ុនរបស់យើងកំពុងតែវិនិយោគលើសេវា និងធនធានមនុស្ស»។
គួររម្លឹកថា តាំងពី៤ឆ្នាំមុន ក្រុមហ៊ុនព្រលានយន្តហោះបានប្រកាសគម្រោងជួសជុល និងស្តារព្រលានយន្តហោះជាមួយនឹងថវិកា១២លានដុល្លារ ដែលគ្របដណ្តប់ទៅលើការជួសជុលស្ថានីយចេញដំណើរ និងមកដល់ ប្រព័ន្ធចំណតយានយន្តដ៏ទំនើប ប្រព័ន្ធព័ត៌មាន និងទីតាំងលក់ទំនិញ និងអាហារដ្ឋានជាដើម។
ក្រុមហ៊ុនព្រលានយន្តហោះ Cambodia Airports ត្រូវបានវិនិយោគរួមគ្នាដោយក្រុមហ៊ុនព្រលានយន្តហោះបារាំង Vinci ដែលកាន់កាប់ហ៊ុនចំនួន៧០ភាគរយ និងក្រុមហ៊ុន Muhibbah Masteron Cambodia ដែលជាក្រុមហ៊ុនម៉ាឡេស៊ីកម្ពុជា ដែលកាន់កាប់ហ៊ុន៣០ភាគរយ។ Cambodia Airports កំពុងគ្រប់គ្រងព្រលានយន្តហោះទាំងបីរបស់កម្ពុជាគឺ ភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។
កាលពីឆ្នាំ២០១៧ ព្រលានយន្តហោះទាំងបីរបស់កម្ពុជាបានទទួលអ្នកដំណើរឆ្លងកាត់សរុបចំនួន ៨លាន៨សែននាក់ ក្នុងនោះ ៤លាន២សែននាក់បានឆ្លងកាត់ព្រលានយន្តហោះភ្នំពេញ និង៤លាន២សែននាក់ទៀតបានឆ្លងកាត់ព្រលានយន្តហោះសៀមរាប។ ព្រលានយន្តហោះខេត្តព្រះសីហនុទទួលបានអ្នកដំណើរចំនួន ៣៣៨ ០០០នាក់។ ក្នុងមួយសប្តាហ៍ ព្រលានយន្តហោះទាំងបីទទួលបានជើងហោះហើរប្រមាណ៧០០៕
© រក្សាសិទ្ធិដោយ thmeythmey.com