អន្តរជាតិ
ជម្លោះ​ពាណិជ្ជកម្ម​៖ ចិន​ប្រាប់​អាមេរិក​ថា ខ្លួន​មិន​ជំពាក់ មិន​អង្វរ និង​មិន​ខ្លាច​នរណា​ឡើយ​
16, Nov 2018 , 2:40 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី១៥ ខែវិច្ឆិកា (រូបភាពពីវេបសាយក្រសួងការបរទេសចិន)
អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី១៥ ខែវិច្ឆិកា (រូបភាពពីវេបសាយក្រសួងការបរទេសចិន)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​ជួប​ជាមួយ​សម​ភាគី​ចិន ស៊ី ជិន​ភីង នៅក្រៅ​កិច្ចប្រជុំ G-20 នៅ​អា​ហ្ស​ង់​ទីន​។ អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន ប្រាប់​កាសែត Washington Post ថា អាមេរិក​ចំហ​ទ្វារ​សម្រាប់​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ចិន​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម តែ​ចិន​ត្រូវ​ធ្វើតាម​ការទាមទារ​រ​បស់​អាមេរិក​នាពេល​កន្លងមក​។ ការលើកឡើង​របស់លោក ផេ​ន ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​រង្កៀស​ចិត្ត​យ៉ាងខ្លាំង និង​ថា ការចរចា​ដែលមាន​ការគោរព​គ្នា ជា​ច្រកចេញ​ដ៏​ល្អ​។​

 
​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា បាន​ប្រតិកម្ម​ទៅនឹង​ការអធិប្បាយ​របស់​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន ក្នុង​បទ​សម្ភាស​ជាមួយ​កាសែត Washington ។ លោក ម៉ៃ ផេ​ន និយាយថា អាមេរិក​នឹង​បើកទ្វារ​សម្រាប់​ការដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ពេល​ប្រធានាធិបតី​អាមេរិក និង​ចិន​ជួបគ្នា​នៅ​អា​ហ្ស​ង់​ទីន ប៉ុន្តែ​ក្នុងករណី​ដែល​ចិន​មាន​ឆន្ទៈ​ផ្លាស់ប្ដូរ​ឥរិយាបថ​តាម​បំណង​អាមេរិក​លើ​វិស័យសេដ្ឋកិច្ច យោធា និង​នយោបាយ ហើយ​ត្រូវធ្វើ​សម្បទាន​លើ​បញ្ហា​ដែល​អាមេរិក​ចង់បាន​ផង​។​
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying បាន​ប្រាប់​ឲ្យ​អាមេរិក​គោរព​សិទ្ធិ អធិបតេយ្យ និង​ការអភិវឌ្ឍ​របស់​ចិន​ដូចដែល​ចិន​ធ្វើ​ដាក់ខ្លួន​ដូច្នោះ​ដែរ​។ លោកស្រី Hua ក៏​ឆ្លៀត​រំឭក​អាមេរិក​ពី​សុន្ទរកថា​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ក្នុង​ពិព័រណ៍​នាំចូល​អន្តរជាតិ​កាលពី​ខែ​ដើម​នេះ​ថា​៖ «​បន្ទាប់ពី​ឆ្លងកាត់​បទពិសោធ និង​ទុក្ខសោក​ជាង​៥​ពាន់​ឆ្នាំ ចិន​នៅតែ​ជា​ចិន ហើយ​នៅពេល​ខាងមុខ ចិន​នឹង​បន្ត​ស្ថិតនៅ​កន្លែង​ដដែល​។​»  
 
​ងាក​ទៅ​សំណុំរឿង​ពាណិជ្ជកម្ម​ដែល​នៅតែ​ក្ដៅគគុក​វិញ អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់​ជំហរ​ចិន​ជាថ្មី​ថា ការចរចា​ដោយ​ផ្អែកលើ​ការគោរព​គ្នា សមភាព និង​ផលប្រយោជន៍​រវាង​គ្នា គឺជា​ផ្លូវ​ត្រឹមត្រូវ​តែមួយគត់​ដើម្បី​ចេញពី​ជម្លោះ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដូច​ពេល​បច្ចុប្បន្ននេះ​។ ត្រង់ចំណុច​នេះ លោកស្រី Hua បាន​ប្រាប​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​ប្រចាំថ្ងៃ​ថា ចិន​មិន​ជំពាក់ មិន​អង្វរ​លន់តួ និង​មិន​ខ្លាច​អ្នកណាម្នាក់​នោះឡើយ​។​
 
​ក្នុងការ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កើតឡើង​តាំងពី​ខែកក្កដា លោកស្រី Hua ក៏​ស្នើ​ឲ្យ​អាមេរិក​អនុវត្តតាម​ការព្រមព្រៀង​រវាង​លោក ត្រាំ និង​លោក ស៊ី ។ ក្នុងការ​ជជែក​តាម​ទូរ​សព្ទ​កន្លងមក ប្រធានាធិបតី​មហាអំណាច​ទាំងពីរ​បានបង្ហាញ​ឆន្ទៈ​រក្សា​ទំនាក់ទំនង​ទ្វេភាគី​ល្អប្រសើរ ហើយ​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ព្រមទាំង​ស្វែងរក​ច្រកចេញ​ដែល​អាច​ទទួលយកបាន​សម្រាប់​ភាគី​ទាំងពីរ​។    
 
​មិន​ត្រឹម​រឿង​ពាណិជ្ជកម្ម​ឡើយ មន្ត្រី​ក្រសួងការបរទេស​ចិន​ក៏​ឆ្លើយតប​នឹង​ការអធិប្បាយ​របស់ ផេ​ន ដែល​ចង់​ឲ្យ​ចិន​គោរព​ច្បាប់​អន្តរជាតិ​ឲ្យ​បាន​ច្រើន​។ លោកស្រី Hua និយាយ​ឌឺដង​ថា បើ​និយាយ​ពី​ការគោរព​ច្បាប់​អន្តរជាតិ ចិន​គឺជា​គំរូ​គេ​ទៅហើយ​។ អ្នកនាំពាក្យ​រូបនេះ​ក៏​ទាញយក​សន្និសីទ​សារព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​កាលពី​ដើមខែ​នេះ ដែល​បាន​ចំណាយពេល​១៥​នាទី​រៀបរាប់​ពី​ប្រវត្តិ​បំពាន​ច្បាប់​អន្តរជាតិ​របស់​អាមេរិក​៕

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com