កីឡាអន្តរជាតិ
អន្តរជាតិ
World Boxing៖ បរិយាកាស​កខ្វក់​នៅ​ឥណ្ឌា បង្ខំ​កីឡាការិនី​យក​ក្រ​ម៉ា​រុំ​មុខ​ពេល​ហ្វឹកហាត់​
16, Nov 2018 , 3:57 pm        
រូបភាព
កីឡាការិនីប្រដាល់កូឡំប៊ីយកក្រម៉ារុំមុខការពារសុខភាពពេលហ្វឹកហាត់នៅឥណ្ឌា
កីឡាការិនីប្រដាល់កូឡំប៊ីយកក្រម៉ារុំមុខការពារសុខភាពពេលហ្វឹកហាត់នៅឥណ្ឌា
​កីឡាការិនី​ប្រដាល់​ជាច្រើន​នាក់​បាន​យក​កន្សែង​ធ្វើជា​ម៉ាស់​រុំ​ច្រមុះ​និង​មាត់ ដើម្បី​ការពារ​ពី​ការ​បំផុល​បរិយាកាស​ដែល​កំពុង​កើនឡើង​ខ្លាំង​នៅ​ឥណ្ឌា អំឡុង​ពួកគេ​ហ្វឹកហាត់​សម្រាប់​ចូលរួម​ប្រកួត​ប្រដាល់​ដណ្តើម​ជើងឯក​ពិភពលោក​ដែល​ធ្វើឡើង​នៅ​រដ្ឋធានី​ញូវដែលី​សប្ដាហ៍​នេះ​។

 
​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​នារី​ពិភពលោក AIBA Women's World Championship កំពុង​ប្រព្រឹត្តទៅ​នៅ​ពហុកីឡាដ្ឋាន​មួយ​ក្នុងប្រទេស​ឥណ្ឌា ចាប់ពី​ថ្ងៃទី​១៥ រហូតដល់​ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ក្រុមកីឡា​ការិនី​ដែល​ចូលរួម​ទាំង​នោះបាន​ត្អូញត្អែរ​អំពី​ផ្សែង​អ័ព្ទ​ពុល​ក្នុង​ទីក្រុង ដែល​បណ្តាលមកពី​ការដុត​កំទេច​ដំណាំ គល់​ជញ្ជ្រាំង​ស្រូវ និង​ការ​បំ​ភាយ​ឧស្ម័ន​ចេញពី​យានយន្ត និង​ឧស្សាហកម្ម​ជាដើម​។​
 
​ក្នុង​បរិយាកាស​ដែល​គ្មាន​ខ្យល់​ដើម្បី​បក់​ភាពកខ្វក់​ឲ្យ​ទៅ​ឆ្ងាយ បានធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ និង​កំពុង​បំពុលបរិស្ថាន​ក្នុង​ទីក្រុង​ធំជាងគេ​របស់​ឥណ្ឌា​។​
 
​កីឡាការិនី Bulgarian Stanimira Petrova អាយុ ២៧ ឆ្នាំ​ដែលជា​ម្ចាស់​មេដាយមាស ប្រភេទ​ទម្ងន់​ស្រាល​ក្នុងការ​ប្រកួត​ជើងឯក​ឆ្នាំ ២០១៤ រៀបរាប់ថា​៖«​គ្រួសារ​របស់ខ្ញុំ​មានការ​ព្រួយបារម្ភ​អំពីខ្ញុំ​។ យើង​ដឹងថា​វា​មិនល្អ​សម្រាប់​រាងកាយ​របស់​យើង​ទេ​។ វា​លំបាក​ណាស់​ខ្ញុំ​ត្រូវ​ពាក់​ក្រ​ម៉ា​ធ្វើជា​ម៉ាស​រហូត​ក្លាយជា​ទម្លាប់​របស់ខ្ញុំ​ទៅហើយ​»​។​
 
 
​បច្ចុប្បន្ននេះ អាជ្ញាធរ​ឥណ្ឌា​ក៏បាន​ហាមឃាត់​ឲ្យ​រថយន្ត​ធុន​ធ្ងន់​ចូលទៅក្នុង​ទីក្រុង និង​បាន​បញ្ជា​ឲ្យ​បញ្ឈប់​ការងារ​សាងសង់​មួយចំនួន ដើម្បី​រារាំង​មិន​ឲ្យ​មាន​ធូលី​។ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី គុណភាព​ខ្យល់​នៅតែមាន​បញ្ហា​ធ្ងន់ធ្ងរ​នៅ​តំបន់​នោះ​ដដែល​។​
 
​ទីភ្នាក់ងារ​ពត៌មាន Reuters បាន​ស្រង់​សម្តី​អ្នក​ប្រដាល់​ពី​ទ្វី​អ៊ឺរ៉ុប ៧ រូប ថា​ពួកគេ​បាន​ត្អូញត្អែរ​ពី​បញ្ហា​បរិយាកាស​នៅ​ទីនោះ​ដែលមាន​ក្លិន​មិនល្អ ហើយ​ថែមទាំង​ធ្វើ​ឲ្យ​ភ្នែក​ពួកគេ​រលាក​ទៀតផង​។​
 
​សូម្បីតែ​ក្រុម​គ្រូបង្វឹក​របស់​ពួកគេ​ក៏​បង្ហាញ​ការមិន​ពេញចិត្ត​ទៅខាង​ភាគី​អាជ្ញាធរ​ប្រទេស​នេះ ដែល​មិនបាន​ណែនាំ​ពី​ស្ថានភាព​ខ្យល់អាកាស​ទៅកាន់​កីឡាករ​ខ្លួន ហើយ​មិន​រៀបចំ​ឧបករណ៍​ការពារ​មួយចំនួន​ដល់​កីឡាករ​ដែល​ទៅ​ចួ​ល​រួម​នៅ​ទីនោះ​៕

 

Tag:
 ប្រដាល់​
  World Boxing
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com