អន្តរជាតិ
អាមេរិកនៅតែជឿជាក់លើកូរ៉េខាងជើង ទោះក្រុងព្យុងយ៉ាងទើបសាកល្បងអាវុធថ្មីក៏ដោយ
× ក្រសួងការបរទេសអាមេរិកបានប្រកាសថា សហរដ្ឋអាមេរិកនៅតែជឿកូរ៉េខាងជើងក្នុងការរំសាយនុយក្លេអ៊ែរដដែល។ ការប្រកាសរបស់អាមេរិក ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងទើបសាកល្បងអាវុធទំនើបថ្មីមួយបន្ទាប់ពីស្ងៀមស្ងាត់អស់ពេលច្រើនខែរួចមក។ សម្រាប់អាមេរិក កិច្ចសន្យារវាងប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅសិង្ហបុរី ដែលមានអត្ថន័យទូលាយ អាចនឹងសម្រេចបានមិនខាន។
ស្របពេលការចរចារជាមួយអាមេរិកលើការរំសាយនុយក្លេអ៊ែរជាប់គាំង កូរ៉េខាងជើងបានសាកល្បងអាវុធប្រភេទថ្មីរបស់ខ្លួន។ ដោយស្រង់ប្រភពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap ផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ថា ក្រុងព្យុងយ៉ាងបានសាកល្បងអាវុធស៊េរីទំនើបដែលទើបអភិវឌ្ឍថ្មីនៅឯវិទ្យាស្ថានការពារជាតិមួយកន្លែង។ គេមិនដឹងពីប្រភេទអាវុធថ្មីនេះទេ តែប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជាអ្នកត្រួតពិនិត្យការសាកល្បងដោយផ្ទាល់។
នៅវ៉ាស៊ីនតោនឯណោះវិញ ក្រសួងការបរទេសអាមេរិកក៏ចេញសេចក្ដីថ្លែងការណ៍មួយភ្លាមដែរ តែមិនបានថ្កោលទោសកូរ៉េខាងជើងឡើយ។ ក្រសួងការបរទេសអាមេរិកបានរំឭកពីកិច្ចព្រមព្រៀងរំសាយនុយក្លេអ៊ែររវាងលោក គីម និងប្រធានាធិបតី ដូណាល់ ត្រាំ សំដៅបង្កើតអនាគតភ្លឺស្វាងសម្រាប់កូរ៉េខាងជើង។ តាមរយៈសេចក្ដីថ្លែងការណ៍ដដែល អាមេរិកនៅតែមានទំនុកចិត្តថា ការសន្យានៅសិង្ហបុរីនឹងសម្រេចជាលទ្ធផល។
នេះជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងផ្សាយពីសកម្មភាពរបស់លោក គីម ក្នុងការចុះត្រួតពិនិត្យសកម្មភាពយោធាបែបនេះ។ វត្តមានចុងក្រោយរបស់លោក គីម គឺនៅខែវិច្ឆិកា ឆ្នាំ២០១៧ នៅពេលកូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិក Hwasong-15 ដែលរត់ដល់អាមេរិកឯណោះ។ មេដឹកនាំកូរ៉េខាងជើងអះអាងថា ការអភិវឌ្ឍអាវុធថ្មីនេះត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់ឪពុកខ្លួន គឺលោក គីម ជុងអ៊ីល ។
ក្នុងសេចក្ដីរាយការណ៍របស់ទូរទស្សន៍រដ្ឋកូរ៉េខាងជើង អាវុធថ្មីដែលមិនដឹងប្រភេទនេះ មានគោលដៅការពារទឹកដី និងពង្រឹងសមត្ថភាពរបស់កងទ័ពប្រជាជនកូរ៉េ។ លោក គីម ដែលជាមេដឹកនាំជំនាន់ទីបី ក៏បានសរសើរក្រុមអ្នកវិទ្យាសាស្ត្រកូរ៉េខាងជើង និងចាត់ទុកការសាកល្បងដ៏ជោគជ័យនេះជាការអភិវឌ្ឍអស្ចារ្យនៃសមត្ថភាពការពារប្រទេស ហើយក៏ជាការបង្ហាញសមត្ថភាពរីកចម្រើនរបស់កូរ៉េខាងជើងទៅកាន់តំបន់ផងដែរ។
ការធ្វើតេស្តអាវុធថ្មីសំណាក់កូរ៉េខាងជើង ធ្វើឡើងស្របពេលដែលការចរចាជាមួយអាមេរិកដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយលោក គីម និងលោក ត្រាំ មិនទាន់ផ្លែផ្កាអ្វីទេ។ គម្រោងជួបគ្នាលើកចុងក្រោយ ត្រូវបានលើកពេលវិញដោយមន្ត្រីក្រុងវ៉ាស៊ីនតោននិយាយថា ក្រុងព្យុងយ៉ាងមិនទាន់ត្រៀមខ្លួនរួចរាល់៕
Tag:
អាមេរិក
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com