អន្តរជាតិ
កិច្ចប្រជុំ​កំពូល APEC នៅ​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ មានរឿង​អ្វី​សំខាន់ៗ​ដែល​គួរ​ដឹង​?
16, Nov 2018 , 9:59 pm        
រូបភាព
​ប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ចាប់ផ្តើម​ចុង​សប្តាហ៍​នេះ​ពីថ្ងៃ​១៧​ដល់​១៨ ខែវិច្ឆិកា នា​រដ្ឋធានី Port Moresby ប្រទេស​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​។ មេដឹកនាំ​នៃ​ភាគី​ទាំង ២១ រួមជាមួយ​ប្រតិភូ​ជាន់ខ្ពស់ និង​អ្នកជំនួញ​ធំៗ​រាប់ម៉ឺន​នាក់​នោះ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​។ ខាងក្រោម​នេះ​ជា​ចំណុច​សំខាន់ៗ​មួយចំនួន​ដែល​គួរ​ដឹង​៖


 
១.​ម្ចាស់ផ្ទះ​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ជួប​រឿង​រញ៉េរញ៉ៃ​តាំងពី​ដើមទី​
​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ស្ថិតក្នុង​ចំណោម​រដ្ឋ​ក្រីក្រ​បំផុត និង​មាន​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​អន់​ខ្សោយ​បំផុត​ដែរ​។ ឆ្នាំ ២០១៤ សមាជិក​ទាំងអស់​ជ្រើសរើស​ប្រទេស​នេះ​ដោយ​ដឹកនាំ​កិច្ចប្រជុំ APEC ឆ្នាំ ២០១៨​នេះ​។ ការរៀបចំ​កិច្ចប្រជុំ​ធំៗ​បែបនេះ​ជា​លើកដំបូង កោះ​ប៉ាស៊ីហ្វិក​នេះ​ជួប​រឿងចម្រូងចម្រាស​ច្រើន ដ្បិត​ខ្លួន​ក្រីក្រ និង​ខ្វះខាត​សព្វគ្រប់​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវថ្នល់ មធ្យោបាយ​ធ្វើដំណើរ ទីកន្លែង​ស្នាក់នៅ​សម្រាប់​ប្រតិភូ និង​លទ្ធភាព​រក្សា​សន្តិសុខ​ថែមទៀត​។  
 
​រឿង​រញ៉េរញ៉ៃ​ជាងគេ​គឺ ការបញ្ជាទិញ​រថយន្ត​ទំនើប​ពី​អ៊ីតាលី​ចំនួន ៤០​គ្រឿង​ដែល​មួយគ្រឿងៗ​មានតម្លៃ​ប្រហែល ១៥ ម៉ឺន​ដុល្លារ​ដើម្បី​ដឹក​ប្រតិភូ​បរទេស​ចូលរួម​ប្រជុំ​។ រាស្ត្រ​ក្រីក្រ​ទិតៀន​រដ្ឋាភិបាល ដ្បិត​ពួកគេ​ប្រឈម​ភាពក្រីក្រ និង​រួមរឹត​ដោយ​ជំងឺ​តម្កាត់ តែ​រដ្ឋ​បែរជា​ត្រូវ​ចំណាយលុយ​វាល់​លាន​នាំ​ឡាន​ថ្លៃ​កប់​ពពក​ពី​អ៊ីតាលី​មក​ដឹក​ប្រតិភូ​បរទេស​ទៅវិញ​។​
 
២. គ្មាន​លោក ត្រាំ ចូលរួម លោក ស៊ី ជិន​ភីង ឡើងចាង​?
​កិច្ចប្រជុំ APEC លើក​នេះ​គ្មាន​វត្តមាន​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ទេ​។ ឯ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​ដែល​ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​សិង្ហ​បុរី​នោះ​ត្រឡប់​ទៅ​មូ​ស្គូ​វិញ ដោយ​មិន​ខ្ចី​ចូល​កិច្ចប្រជុំ​ដែលជា​វេទិកា​អន្តររដ្ឋាភិបាល មាន​សមាជិក​សរុប ២១ និង​ផ្តោត​សំខាន់​លើ​ការលើកស្ទួយ​ពាណិជ្ជ​ម្ម​សេរី​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឡើយ​។ 
 
​ផ្ទុយទៅវិញ ប្រធានាធិបតី​នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​ចិន ស៊ី ជិន​ភីង ចំណាយពេល​ដល់​ទៅ​ពីរ​ថ្ងៃមុន​ប្រជុំ​ដើម្បី​បំពេញ​ទស្ស​កិច្ច​ផ្លូវរដ្ឋ និង​សម្ពោធ​ផ្លូវ និង​សាលារៀន​ដែល​កសាង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ទៀត​។ ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ បាន​ក្រាល​កម្រាលព្រំ​ក្រហមឆ្អិនឆ្អៅ​ស្វាគមន៍​មេដឹកនាំ​ចិន ហើយ​រូបភាព​របស់លោក ត្រូវគេ​ព្យួរ​តាមផ្លូវ​ពាសពេញ​ក្រុង Port Moresby​ដែរ​។ វា​បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​ឥទ្ធិពល​ចិន​ដែល​កំពុង​រីកសាយ​ភាយ​នៅតាម​បណ្តា​កោះ​ប៉ាស៊ីហ្វិក​ដែរ​។​
 
​អ្នកជំនាញ​ខ្លះ​ព្រមាន​ថា អវត្តមាន​មេដឹកនាំ​អាមេរិក​មិន​ខុសពី​ផ្តល់ឱកាស​ដ៏​កម្រ​ដល់​មេដឹកនាំ​ចិន​ក្នុង​ពង្រឹង​ឥទ្ធិពល និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់ ចំពេល​ដែល​ភាព​តានតឹង​ពាណិជ្ជកម្ម និង​គោលនយោបាយ​គាំពារ​និយម​។ 
 
៣.​កិច្ចប្រជុំ​ពិសេស​ធ្វើ​លើ​នាវា​?
​ទីតាំង​នៃ​កិច្ចប្រជុំ​កំពូល​គឺ APEC Haus នៅ​រដ្ឋធានី Port Moresby ប៉ុន្តែ​កិច្ចប្រជុំ និង​ការចរចា​មួយចំនួន​នឹងត្រូវ​ធ្វើ​លើ​នាវា​ដោយសារ ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ គ្មាន​លទ្ធភាព​ផ្តល់​ទីកន្លែង​គ្រប់គ្រាន់​សម្រាប់​ការប្រជុំ និង​ស្នាក់នៅ​សម្រាប់​រាល់​អ្នកចូលរួម​ទាំង ១៥០០០​នាក់​ឡើយ​។ កាសែត​អូស្ត្រាលី ABC ផ្សាយ​ថា នាវា​ធំៗ​បី​គ្រឿង​ត្រូវបាន​រដ្ឋាភិបាល​អូស្ត្រាលី​បញ្ជូនទៅ​សំចត​នៅ Port Moresby ដើម្បី​ទទួល​ប្រតិភូ​ទាំងនោះ​។ 
 
​មេដឹកនាំ និង​ប្រតិភូ​ចំនួន រួមទាំង​អ្នកកាសែត​ភាគច្រើន​ក៏ត្រូវ​ស្នាក់​នៅលើ​នាវា​នេះដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រតិភូ​ខ្លះ​សប្បាយចិត្ត​ដែល​ត្រូវ​ប្រជុំ និង​សម្រាក​លើ​នាវា​បែបនេះ​។ វា​ប្លែក ហើយ​សន្តិសុខ​មិនសូវ​តឹងរ៉ឹង​។ 
 
៤.​ម៉ៃ ផេ​ន ចប់​ប្រជុំ​សុខចិត្ត​ជិះ​យន្តហោះ​ទៅ​សម្រាក​នៅ​អូស្ត្រាលី​

ហោះ​ចេញពី​ប្រជុំ​នៅ​សិង្ហ​បុរី លោក ម៉ៃ ផេ​ន នឹង​បន្ត​មក​ចូលរួម​ប្រជុំ APEC នៅ​ប៉ា​ពូ អាស៊ី នូ​វែ​ល​ហ្គី​ណេ​នេះ​ទៀត​ក្នុងនាម​ជា​បេស​កក​ជន​ពិសេស​របស់លោក ដូ​ណា​ល់ ត្រាំ​។ ខុសពី​លោក ស៊ី ជិន​ភីង ដែល​សម្រាក​នៅ​សណ្ឋាគារ​ថ្មី​មួយ​ទើប​សាងសង់​នៅ Port Moresby លោក ផេ​ន សុខចិត្ត​ជិះ​ហោះ​ទៅ​ក្រុង Cairns នៃ​រដ្ឋ Queensland អូស្ត្រាលី​ដើម្បី​សម្រាក​នៅ​ទីនោះ​ក្រោយ​ចប់​ប្រជុំ​។ គេ​វាយតម្លៃថា កន្លែង​ស្នាក់នៅ​មិន​សមរម្យ និង​សន្តិសុខ​ជាហេតុ​ផល​នៃ​ការសម្រេចចិត្ត​បែបនេះ​។​

​ពី​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ទៅ Queensland ត្រូវ​ចំណាយពេល​ប្រហែល បី​ម៉ោង​ប៉ុណ្ណោះ​។ គេ​រំពឹងថា ក្រៅ​អនុ​ប្រធានាធិបតី​អាមេរិក មេដឹកនាំ​ផ្សេងទៀត​នឹង​ធ្វើទៅ​ដំណើរ​ទៅ​សម្រាក​នៅ​អូស្ត្រាលី​ក្រោយ​ប្រជុំ​ចប់​។​
 
៥. ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ពឹង​បរទេស​ទាំងស្រុង​លើ​ការពង្រឹង​សន្តិសុខ​
​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ មិន​ប្រឈម​បញ្ហា​ភេរវកម្ម​ប៉ុន្មាន​ទេ ប៉ុន្តែ​វា​ប្រឈម​នឹង​អសន្តិសុខ អំពើហិង្សា និង​ឧក្រិដ្ឋកម្ម​។ តាម​របាយការណ៍​ទីក្រុង​ដែល​រស់​នៅបាន​របស់ Economist Intelligence Unit ឆ្នាំ ២០១៨ នេះ រដ្ឋធានី Port Moresby ជាប់​ឈ្មោះ​ជា​ក្រុង​គ្រោះថ្នាក់​ជាងគេ​ស្ថិត​បាត​តារាង​ពោល គឺ​ស្ថិតនៅ​លេខ​រៀង​ទី​១៣០ ក្នុងចំណោម​ប្រទេស ១៤០​។ 
 
​ដូច្នេះ ការទទួល​បដិសណ្ឋារកិច្ច និង​ការពារ​សន្តិសុខ​មេដឹកនាំ​ពិភពលោក​ច្រើន​បែបនេះ ប្រឈម​ភាពលំបាក និង​ស្មុគស្មាញ​ខ្លាំង​។ វត្តមាន​មេដឹកនាំ​ប្រទេស​មហាអំណាច​ដូចជា​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នាយករដ្ឋមន្ត្រី​រុស្ស៊ី ឌី​មី​ទ្រី មេ​វេ​ដេ​វ និង​អនុ​ប្រធានាធិបតី​អាមេរិក​លោក ម៉ៃ ផេ​ន រឹ​តែ​ជា​រឿង​បារម្ភ​បំផុត​។ 
 
​ដើម្បី​ធានា​សុវត្ថិភាព និង​សន្តិសុខ​ក្នុងពេល​ប្រជុំ រដ្ឋាភិបាល​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ បើកទ្វារ​ចំហ​ឲ្យ​រដ្ឋាភិបាល​បរទេស​ជួយ​។ អូស្ត្រាលី និង​អាមេរិក​ចេញមុខ​ជាងគេ ដោយ​ធានា​ការពង្រឹង​សន្តិសុខ​ទាំងមូល​ដោយ​ពង្រាយ​កងកម្លាំង​យោធា​, កងកម្លាំង​ពិសេស និង​សព្វាវុធ​មួយចំនួន​ទៀតផង​។ 
 
​អូស្ត្រាលី​បញ្ជូន​កម្លាំង ១៥០០​នាក់​មកកាន់​រដ្ឋធានី Port Moresby និង​នាវាចម្បាំង​ជាច្រើន​គ្រឿង​ទៅ​ការពារ​នាវា​ដែល​ប្រតិភូ​ស្នាក់នៅ ដោយមាន​វត្តមាន​យន្តហោះ​ចម្បាំង F-18 ជាច្រើន​គ្រឿង និង​យន្តហោះ​ឈ្លបយកការណ៍​ចាំ​ល្បាត​ពីលើ​ទីតាំង​នៃ​កិច្ចប្រជុំ​ផងដែរ​។ 
 
​រដ្ឋបាល​អាមេរិក​វិញ​ក៏​ពង្រាយ​ក្រុម​កង​ឆ្មាំ​សមុទ្រ (US Coast Guard) ទៅ​ធានា​សន្តិសុខ​នៅ​រដ្ឋធានី​នេះ​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​ដូចគ្នា​។ ប៉ុន្តែ​ចំនួន​កងទ័ព​ដែល​អាមេរិក​បញ្ជូន​ទៅនោះ​មាន​ប៉ុន្មាន​នាក់​ឡើយ គ្មាន​ការបញ្ជាក់​ឲ្យ​បានដឹង​ច្បាស់​ឡើយ​។​
 
៦.​អូស្ត្រាលី និង​ចិន​ប្រជែង​ឥទ្ធិពល​គ្នា​នៅ​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ 
​តាំងពី​ត្រូវបាន​គេ​ជ្រើសរើស​ឲ្យ​រៀបចំ​កិច្ចប្រជុំ​នេះ​នៅ​ឆ្នាំ ២០១៤ ចិន និង​អូស្ត្រាលី​ដែលជា​អតីត​ម្ចាស់​អាណានិគម បាន​ដណ្តើម​គ្នា​ចេញមុខ​ផ្តល់​ហិរញ្ញវត្ថុ​ជួយ​គាំទ្រ​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​។ 
​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវ និង​ទីតាំង​សំខាន់ៗ​ភាគច្រើន​គឺជា​លុយ​កម្ចី​និង​ជំនួយ​របស់​ចិន​ក្រោម​«​គម្រោង​ខ្សែក្រវាត់​មួយ​វិថី​មួយ​»​។ ឆ្នាំមុន​ដែរ ចិន​បានផ្តល់​រថយន្តយោធា ៦២​គ្រឿង​មានតម្លៃ​ប្រហែល ៥ លាន​ដុល្លារ ដោយ​សម្ភារ​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់​ធានា​សន្តិសុខ​កិច្ចប្រជុំ​ពេលនេះ​។ 
 
​ចំណែកឯ អូស្ត្រាលី​ឯណោះ​វិញ ក៏បានផ្តល់​ហិរញ្ញវត្ថុ ១៤,៤ លាន​ដុល្លារ​ដើម្បី​គាំទ្រ​ការពង្រឹង​សន្តិសុខ​អ៊ីនធឺណិត និង​ផ្តល់​លុយ ៥,៤​លាន​ដុល្លារ​ផ្សេងទៀត​សម្រាប់​ពង្រឹង​ស​សន្តិសុខ​ជាពិសេស​ប៉ូលិស​និង​ក្រុម​ពន្លត់អគ្គីភ័យ​ក្នុងអំឡុងពេល​ប្រជុំ បន្ថែម​លើ​ការពង្រាយ​កម្លាំង​សន្តិសុខ​។​
 
​ឥទ្ធិពល​ចិន​កើនឡើង​ឥតឈប់ឈរ​នៅតាម​បណ្តា​កោះ​ប៉ាស៊ីហ្វិក​មិន​ត្រឹមតែ​នៅ​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​ក្នុងពេល​ចុងក្រោយ តាមរយៈ​ការផ្តល់​កម្ចី វិនិយោគ និង​ជំនួយ​។  គ្រាន់តែ​នៅ​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​មួយ ឆ្នាំ ២០១៧ លុយ​វិនិយោគ​ចិន​មាន​ទំហំ ២,៤៦​ពាន់​លាន​ដុល្លារ​កើនឡើង​ពី ៨៦០​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៦ (​របាយការណ៍ China Global Investment Tracker)​។ របាយការណ៍​វិទ្យាស្ថាន Lowy បង្ហាញថា ជំនួយ​អភិវឌ្ឍន៍​របស់​ចិន​ផ្តល់​ឲ្យ ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ កើនឡើង​បី​ដង​ធៀប​នឹង​ឆ្នាំ ២០១៦ ដែលមាន​ទំហំ​ត្រឹម ២០,៨៣​លាន​ដុល្លារ​ប៉ុណ្ណោះ​។​
 
​ពេលនេះ​កោះ​ប៉ាស៊ីហ្វិក ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ក្លាយជា​ទីកន្លែង​ដែល​មហាអំណាច​ចិន និង​អូស្ត្រាលី​ប្រជែង​ឥទ្ធិពល​គ្នា​។ ឥទ្ធិពល​ចិន​សាយភាយ​ក្បែរ​របង​ផ្ទះ​បែបនេះ មិន​ធ្វើ​ឲ្យ​មហាអំណាច​ប៉ាស៊ីហ្វិក​គីឡូ​មធ្យម​ដូចជា​អូស្ត្រាលី​នេះ​ស្រួល​ចិត្ត​ឡើយ​។​
 
​ឆ្លើយតប​នឹង​បញ្ហា​នេះ អូស្ត្រាលី​បាន​ព្យាយាម​ពង្រឹង​ជំហរ​នយោបាយ​ការបរទេស​របស់ខ្លួន​ឡើងវិញ​ដោយ​ហ៊ាន​ប្រើប្រាស់​ហិរញ្ញវត្ថុ​ដែរ​ដើម្បី​ផ្តល់​ជម្រើស​ថ្មី​ដល់​កោះ​តូចៗ​ដែល​ងាយ​នឹង​លង់ខ្លួន​នឹង​លុយ​របស់​ចិន​។ ប៉ុន្មាន​ខែ​មុន ក្រសួងការបរទេស​អូស្ត្រាលី​ប្រកាស​បង្កើន​ជំនួយ​អភិវឌ្ឍន៍​ដល់​ទំហំ ៤១២​លាន​ដុល្លារ​ដល់​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​សម្រាប់​ឆ្នាំ ២០១៩-២០២០​។ 
 

Tag:
 APEC
  ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com