អន្តរជាតិ
Brexit៖ លោកស្រី ម៉េយ៍ ប្រឈមមុខការអស់តំណែង
× នាយករដ្ឋមន្ត្រីអង់គ្លេស ថេរ៉េសា ម៉េយ៍ កំពុងប្រឈមមុខវិបត្តិដ៏ធំមួយក្នុងរយៈពេលកាន់តំណែង។ សេចក្ដីព្រាងកិច្ចព្រមព្រៀងលែងលះជាមួយសហភាពអឺរ៉ុបរបស់លោកស្រី ទទួលបានការមិនពេញចិត្តខ្លាំងពីសមាជិករដ្ឋាភិបាលរបស់លោកស្រី និងពីផ្ទៃក្នុងបក្សអភិរក្សកំពុងកាន់អំណាចផង។ រដ្ឋមន្ត្រីបួននាក់បានសុំលាលែងពីតំណែង ខណៈសមាជិកសភាខ្លះបានដាក់សំណើដកលោកស្រីចេញពីតំណែងនាយករដ្ឋមន្ត្រី។
ច្រើនជាងពីរឆ្នាំក្រោយសម្រេចចិត្តដើរចេញពីសហភាពអឺរ៉ុប ចក្រភពអង់គ្លេសនៅតែមិនទាន់ច្បាស់ថា អាចចាកចេញពីអង្គការតំបន់មួយនេះដោយស្រួលដូចការគ្រោងទុកនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ឬយ៉ាងណាឡើយ។ លោកស្រី ថេរ៉េសា ម៉េយ៍ ដែលក្លាយជានាយករដ្ឋមន្ត្រីក្រោយប្រជាមតិឆ្នាំ២០១៦ ក៏ជួបបញ្ហារាប់សិបជំពូកក្នុងការសម្រេចឲ្យបានលក្ខខណ្ឌចែកផ្លូវជាមួយអឺរ៉ុប ទោះជាសន្យានាំអង់គ្លេសចេញពីអឺរ៉ុបតាមផ្លូវដែលស្រួលក្ដី។
មកដល់ថ្ងៃទី១៥ ខែវិច្ឆិកា លោកស្រី ម៉េយ៍ ក៏ជួបវិបត្តិដ៏ខ្លាំងក្លាក្នុងអាណត្តិនាយករដ្ឋមន្ត្រីរបស់ខ្លួន។ សមាជិករដ្ឋាភិបាលជាន់ខ្ពស់ជាច្រើនរាប់ទាំងរដ្ឋមន្ត្រីទទួលបន្ទុកការចរចាចាកចេញ Dominic Raab បានសម្រេចចិត្តលាលែងពីតំណែងជុំវិញកិច្ចព្រមព្រៀងរបស់លោកស្រី។ សមាជិកសភាបក្សអភិរក្សក៏មិនពេញចិត្តទៅទៀត ដោយខ្លះបានស្នើដកតំណែងលោកស្រី ម៉េយ៍ ទាំងពីតំណែងប្រធានបក្ស និងតំណែងនាយករដ្ឋមន្ត្រី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
លើសពីនោះ សមាជិកសភាអង់គ្លេសមកពីគ្រប់និន្នាការក៏បានព្រមានទុកមុនរួចហើយថា គ្មានផ្លូវណាដែលគម្រោងរបស់លោកស្រី ម៉េយ៍ អាចផុតសភាឡើយ។ នាយករដ្ឋមន្ត្រីអង់គ្លេសហាក់មិនមានការបារម្ភចំពោះពាក្យព្រមានឡើយ ហើយជឿជាក់ថា សេចក្ដីព្រាងរបស់លោកស្រីនឹងឆ្លងផុតមិនខាន។ ទោះមានការមិនពេញលើសេចក្ដីព្រាងក្ដី លោកស្រី និយាយការពារខ្លួនថា គ្រប់សរសៃក្នុងខ្លួនដឹងថា ដំណើរចាកចេញពីអឺរ៉ុបដែលបានកំណត់ គឺត្រឹមត្រូវ។
តាមពិតទៅ សេចក្ដីព្រាង Brexit របស់លោកស្រី ម៉េយ៍ រងពាក្យរិះគន់លើបញ្ហាជាច្រើន។ បញ្ហាព្រំដែនរវាងអង់គ្លេស និងអៀឡង់ខាងជើងនៅតែមិនដាច់ស្រេចក្នុងសេចក្ដីព្រាងនេះ។ អ្នករិះគន់ខ្លះទៀតបារម្ភថា ការលែងលះនេះនឹងមិនដាច់ស្រេចឡើយព្រោះអង់គ្លេសអាចបន្តជាប់ជំពាក់ជាមួយសហភាពពន្ធគយរបស់អឺរ៉ុប ឯខ្លះទៀតចោទលោកស្រី ម៉េយ៍ ថា ធ្វើសម្បទានច្រើនពេកឲ្យអឺរ៉ុបដើម្បីគោលដៅចាកចេញនោះ។ ក្រុមអ្នកគាំទ្រឲ្យអង់គ្លេសបន្ដស្ថិតនៅក្នុងអឺរ៉ុបវិញ ចង់ឲ្យបោះឆ្នោតម្ដងទៀត។
សេចក្ដីព្រាងចម្រូងចម្រាស់របស់លោកស្រី ម៉េយ៍ ដែលកម្រាស់៥៨៥ទំព័រនោះ មានគោលដៅធានាការលែងលះតាមសម្រួលជាមួយអឺរ៉ុប។ មេដឹកនាំអឺរ៉ុបនឹងជជែកពីសេចក្ដីព្រាងលែងលះក្នុងកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃទី២៥ ខែវិច្ឆិកា ហើយផ្ដល់ភ្លើងខៀវហើយនោះ សភាអង់គ្លេសនឹងបោះឆ្នោតលើសេចក្ដីដដែលនេះនៅដើមខែធ្នូខាងមុខ ដើម្បីធានាថា អង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបផ្លូវការតាមកាលកំណត់៕
Tag:
Brexit
អឺរ៉ុប
Theresa May
© រក្សាសិទ្ធិដោយ thmeythmey.com