ជាតិ
ទេសចរ​កាន់តែច្រើន​ទៅ​ទស្សនា​ប្រាសាទសំបូរព្រៃគុក មគ្គទេសក៍​បារម្ភ​ពី​បញ្ហា​បរិស្ថាន
18, Nov 2018 , 8:59 am        
រូបភាព
​គណៈកម្មការ​អចិន្ត្រៃយ៍​ដែលមាន​១៩៣​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​យូណេស្កូ​បានអនុម័ត​បញ្ចូល​«​តំបន់​ប្រាសាទសំបូរព្រៃគុក​» ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៧ នៅ​ទីក្រុង​ក្រា​កូវ​នៃ​ប្រទេស​ប៉ូឡូញ​។ ចាប់ពី​ព្រឹត្តិការណ៍​នោះមក អ្នកទេសចរ​អន្តរជាតិ និង​ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន​បាន​ទៅ​ទស្សនា​ប្រាសាទសំបូរព្រៃគុក នៃ​អាណាចក្រ​ចេនឡា​ក្នុង​សតវត្សរ៍​ទី​៧​។

 
​អ្នកទេសចរ​បរទេស ពី​១៥០ ទៅ​២០០​នាក់ បាន​ចូលទៅ​ទស្សនា​ក្រុម​ប្រាសាទសំបូរព្រៃគុក ជា​រៀងរាល់ថ្ងៃ​។ នេះ​បើតាម​ការអះអាង​របស់​លោក ចេង ចិន្តា ដែលជា​មគ្គទេសក៍​ទេសចរណ៍​ប្រចាំ​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក ដោយ​បញ្ជាក់​ផងដែរ​ថា អ្នកទេសចរ​អន្តរជាតិ​ម្នាក់ ត្រូវ​ទិញ​សំបុត្រ​ទស្សនា​ដែលមាន​តម្លៃ​១០​ដុល្លារ​។ មិន​ត្រឹមតែ​បរទេស​ទេ ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន ជាពិសេស​នៅ​រៀងរាល់ថ្ងៃ​បុណ្យជាតិ ដែលជា​ថ្ងៃ​ឈប់សម្រាក ក៏បាន​ទៅ​ទស្សនា ក្រុម​ប្រសាទ​នៃ​រាជធានី​ឥសាន​បុ​រៈ​នោះដែរ​។​


 
​ក្នុងនាម​ជា​មគ្គទេសក៍​ផង និង​ជា​អ្នកភូមិ​ផ្ទាល់​ផង លោក ចិន្តា បាន​មានប្រសាសន៍ថា លោក​ពិតជា​រីករាយ​ចំពោះ​កំណើន​ទេសចរ ដែល​កំពុង​មក​ស្គាល់​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌ និង​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​ផង និង​កំពុង​ចូលរួមចំណែក​អភិវឌ្ឍ​ជីវភាព​របស់​អ្នកភូមិផង តាមរយៈ​ការប្រើប្រាស់​សេវា​នានា​របស់​អ្នកភូមិ​។
​ប៉ុន្តែ​មគ្គទេសក៍​រូបនេះ មិន​សប្បាយ​គ្រប់ពេល​រហូត​នោះឡើយ​។ ការមកដល់​នៃ​អ្នកទេសចរ ក៏បាន​ធ្វើ​ឲ្យ​លោកចិន្តា​បារម្ភ អំពី​ផលប៉ះពាល់​បរិស្ថាន ដែល​បង្កដោយ​សំរាម​គ្រប់​ប្រភេទ​។ មគ្គទេសក៍​រូបនេះ​មិន​និយាយ​អំពី​ទេសចរ​បរទេស ប៉ុន្តែ​ពី​អ្នក​ក​ទេសចរ​ក្នុងស្រុក​។ «​ខ្ញុំ​បារម្ភ​មែន តែ​ខ្ញុំ​ក៏​មិន​ខឹង​នឹង​ពួកគាត់​ដែរ ។ មកពី​ពួកគាត់​មិនបាន​យល់ថា ដប​ទឹក​ប្លា​ស្ទិ​ក​ដែល​ពួកគាត់​ចោល​នោះ មិន​រលាយ និង​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​ខ្លាំង​»​។  


 
​លោក ចេង ចិន្តា រំ​ឮ​ក​អំពី​ការ​ចោល​សំរាម​របស់​អ្នកទេសចរ​ក្នុងស្រុក​។ ទោះយ៉ាងណា​ក៏ដោយ ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​នៅក្នុង​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ពិភពលោក​នេះ លោក ចេង ចិន្តា ក៏បាន​បង្ហាត់បង្រៀន​កុមារ​ក្នុងភូមិ​ឲ្យ​ចូលរួម​រើស​សំរាម និង​ថែរក្សា​បរិស្ថាន​ផងដែរ​។ 
 
​សូមបញ្ជាក់ថា មាន​មគ្គទេសក៍​ទេសចរណ៍​ចំនួន​១១​នាក់ ដែល​កំពុង​បំពេញការងារ​ជាប្រចាំ នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក​៕
 



Tag:
 សំបូរ​ព្រៃ​គុក​
  សំរាម​
  ប្រាសាទតោ​
© រក្សាសិទ្ធិដោយ thmeythmey.com