អន្តរជាតិ
អាមេរិក ចាប់ដៃ​អូស្ត្រាលី​បើក​មូលដ្ឋានទ័ព​ថ្មី​នៅ ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ទប់ទល់​ចិន​
17, Nov 2018 , 9:19 pm        
រូបភាព
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន នៅវេទិកា​APEC
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន នៅវេទិកា​APEC
​អាមេរិក​សប្តាហ៍​នេះ​បានប្រកាស​សាធារណ​ថា ខ្លួន​នឹង​បង្កើត​មូលដ្ឋានទ័ព​នៅ​ប៉ា​ពូ អាស៊ី​នូ​វែ​ល​ហ្គី​ណេ នៅពេល​ខាងមុខ​។ អាមេរិក​នឹងចូលរួម​ជាមួយ​សម្ព័ន្ធ​មិត្ត​ខ្លួន​អូស្ត្រាលី​ក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន​ទ័ពជើងទឹក​យុទ្ធសាស្ត្រ​នេះ​។


 
​ថ្ងៃ​សៅរ៍​ទី ១៧ ខែវិច្ឆិកា មុន​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​មកដល់​នៅ​ប៉ា​ពូ អាស៊ី​នូ​វែ​ល​ហ្គី​ណេ តំណាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ អនុ​ប្រធានាធិបតី​លោក ម៉ៃ ផេ​ន បានប្រកាសថា អាមេរិក​នឹងចូលរួម​ជាមួយ​អូស្ត្រាលី​ដើម្បី​បើក​ដំណើរការ​មូលដ្ឋានទ័ព​ជើង​ទឹក Lombrum​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ដកស្រង់​សម្តី​លោក ម៉ៃ ផេ​ន ដូច្នេះ​៖« អាស​មេ​រិ​ក​នឹង​សហការ​ជាមួយ​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ និង​អូស្ត្រាលី​ក្នុង​គម្រោង​រួមគ្នា​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក Lombrum​។ យើង​នឹងធ្វើ​ការងារ​ជាមួយ​ប្រទេស​ទាំងពីរ​ដើម្បី​ការពារ​អធិបតេយ្យ និង​សិទ្ធិ​គ្រប់គ្រង​ដែនសមុទ្រ​របស់​កោះ​ប៉ាស៊ីហ្វិក​»​។   
 
​ការប្រកាស​បើក​ដំណើរការ​មូលដ្ឋានទ័ព​ជើង​ទឹក​របស់ខ្លួន​នៅ​កោះ​ប៉ាស៊ីហ្វិក​នេះ​មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ ដ្បិត​វា​មានការ​លេចចេញ​ព័ត៌មាន​ជុំវិញ​ការចរចា​គ្នា​រវាង​អាមេរិក​និង​រដ្ឋាភិបាល​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​ច្រើន​ដែរ​។ កាលពី​ខែសីហា មេទ័ព​អាមេរិក​ប្រចាំ​ទីបញ្ជាការ​កងទ័ព​ឥណ្ឌូ​ប៉ាស៊ីហ្វិក​. Philip Davidson បាន​ទៅ​ទស្សនកិច្ច​នៅ​រដ្ឋធានី Port Moresby ហើយ​លោក​បាន​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​ដែរ​។​
 
​មូលដ្ឋានទ័ព​នេះ​ត្រូវបាន​សាងសង់ឡើង​ដោយ​កងទ័ព​អាមេរិក​តាំងពី​ឆ្នាំ ១៩៤៤ ម្ល៉េះ​នៅលើ​កោះ Manus ដែលមាន​ទំហំ​ប្រហែល ២០០០ គីឡូ​ម៉ែ​ការ៉េ​ដែល​ស្ថិតនៅ​ភាគ​ខាងជើង​កោះ New Britain​។ កាលនោះ​អាមេរិក​ក៏បាន​សង់​ផ្លូវ​រត់​សម្រាប់​យន្តហោះ​មាន​ចម្ងាយ ២,៧ គីឡូម៉ែត្រ និង​ទីតាំង​ស្នាក់អាស្រ័យ​នៅ​សម្រាប់​កងទ័ព​ចំណុះ​ដល់​រាប់ម៉ឺន​នាក់​ផង​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កោះ Manus ត្រូវបាន​អូស្ត្រាលី​ប្រើប្រាស់​ជាម​ជ្ឈ​ម​ណ្ឌ​ឃុំខ្លួន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ដែល​ប៉ង​ចូល​ទឹកដី​អូស្ត្រាលី​។​
 
​យ៉ាងណា​ក៏ដោយចុះ ការ​ឈានទៅ​បើក​មូលដ្ឋានទ័ព​ថ្មី​របស់​អាមេរិក​ដោយ​ចាប់ដៃ​អូស្ត្រាលី​ជា​សម្ព័ន្ធមិត្ត​នេះ​ជាការ​ឆ្លើយតប​នឹង​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​ចិន​មិន​ឈប់ឈរ​នៅក្នុង​តំបន់​ជាពិសេស​តាម​បណ្តា​កោះ​ប៉ាស៊ីហ្វិក​រួមទាំង​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​ផង​។ អូស្ត្រាលី​ភ័យ​បារម្ភ​ចំពោះ​ការកើនឡើង​នៃ​ឥ​ទិ្ធ​ពល​របស់​ចិន​ក្នុង​តំបន់ និង​បារម្ភ​ផងដែរ​ថា ចិន​នឹង​អាច​បើក​មូលដ្ឋានទ័ព​របស់​ខ្លួន​នៅ​ទីនោះ​ផង​។ បើតាម​របាយការណ៍​វិទ្យា​ស្ថាន Lowy ចិន​ផ្តល់ជំនួយ​យ៉ាងហោចណាស់ ២,៣​ពាន់​លាន​ដុល្លារ​ចាប់ពី​ឆ្នាំ ២០០៦ ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់  ហើយ​បន្ត​ចំណាយ​ទុន​កាន់តែច្រើន​វិនិយោគ​ក្នុង​តំបន់​នេះ​ក្រោម​គម្រោង​ខ្សែក្រវាត់​មួយ​វិថី​មួយ (BRI)​។​
 
​តាមពិតទៅ កោះ Manus ជា​តាំង​យុទ្ធសាស្ត្រ​សម្រាប់​អាមេរិក និង​អូស្ត្រាលី ដោយសារ​វា​មាន​ចម្ងាយ​ត្រឹម ១៦០០ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​កោះ​អាមេរិក​ហ្កា​ម ដែល​កងទ័ព​ម៉ា​រី​ន​អាមេរិក​នឹង​ឈរជើង​ក្រោយ​ប្តូរ​ទីតាំង​ពី​កោះ​អូ​ហ្គី​ណា​វ៉ា​ជប៉ុន​នោះ​។  កោះ​នេះ​ក៏​ស្ថិតនៅ​ចម្ងាយ​ប្រហែល ២០០០ គីឡូម៉ែត្រ​ពី​កោះ Darwin របស់​អូស្ត្រាលី​ដែលជា​មូលដ្ឋាន​កងទ័ព​ម៉ា​រី​ន ២៥០០​នាក់​ឈរជើង​ដែរ​៕
 

Tag:
 ចិន​
  ម៉ៃ ផេ​ន​
  Manus
  ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ
© រក្សាសិទ្ធិដោយ thmeythmey.com