អន្តរជាតិ
អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន ប្តូរ​ចិត្ត​មិន​ទៅ​សម្រាក​នៅ​អូស្ត្រាលី ដោយ​ស្នាក់នៅ​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​
17, Nov 2018 , 4:15 pm        
រូបភាព
ដោយ: ថ្មីៗ
​អនុ​ប្រធានាធិបតី​អាមេរិក​លោក ម៉ៃ ផេ​ន បានសម្រេច​នៅ​នាទីចុងក្រោយ​ដោយ​មិន​ធ្វើដំណើរ​ទៅ​សម្រាក​នៅ​រដ្ឋ Queensland ទឹកដី​អូស្ត្រាលី​ឡើយ បន្ទាប់ពី​ចប់​ប្រជុំ APEC នៅ​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​។ មន្ត្រី​អាមេរិក​បញ្ជាក់ថា ប្តូរ​ការសម្រេចចិត្ត​នេះ​គឺ​ទាក់ទង​នឹង​កាលវិភាគ​ប្រជុំ និង​ការរក្សាសន្តិសុខ​ដែរ​។

  

 
​ចុងក្រោយ អនុ​ប្រធានាធិបតី​អាមេរិក​លោក ម៉ៃ ផេ​ន នឹង​ចំណាយ​ពេលវេលា​ស្នាក់នៅ​ទីក្រុង Port Moresby ដែលជា​ទីតាំង​រៀបចំ​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ថ្ងៃ​សៅរ៍​ទី ១៧ ខែវិច្ឆិកា​នេះ​។
​វា​ជាការ​សម្រេចចិត្ត​នៅ​នាទីចុងក្រោយ ដ្បិត​ដើមឡើយ​ការិយាល័យ​អនុ​ប្រធានាធិបតី​ប្រកាសថា លោក សុខចិត្ត​ជិះ​ហោះ​ទៅ​ក្រុង Cairns នៃ​រដ្ឋ Queensland អូស្ត្រាលី​ដើម្បី​សម្រាក​នៅ​ទីនោះ​ក្រោយ​ចប់​ប្រជុំ​។ គេ​វាយតម្លៃថា កន្លែង​ស្នាក់នៅ​មិន​សមរម្យ និង​សន្តិសុខ​ជាហេតុ​ផល​នៃ​ការសម្រេចចិត្ត​បែបនេះ​។​
 
​ពី​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ទៅ Queensland ត្រូវ​ចំណាយពេល​ប្រហែល បី​ម៉ោង​ប៉ុណ្ណោះ​។ កន្លងមក ក្រៅ​អនុ​ប្រធានាធិបតី​អាមេរិក មេដឹកនាំ​ផ្សេងទៀត​ក៏​ជ្រើសរើស​ការធ្វើដំណើរ​ទៅ​សម្រាក​នៅ​អូស្ត្រាលី​ក្រោយ​ប្រជុំ​ចប់​ដែរ​។ ប៉ុន្តែ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភិ​ង ជា​មេដឹកនាំ​ម្នាក់​ដែល​តាំងពី​ដើមទី​មក​សម្រេចចិត្ត​ស្នាក់នៅ​សណ្ឋាគារ Stanley ដែល​ទើប​សារ​សង់​ថ្មី​ក្នុង​រដ្ឋធានី Port Moresby នេះ​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ស្រង់​សម្តី​មន្ត្រីជាន់ខ្ពស់​អាមេរិក​ម្នា​ក់​ដែល​បញ្ជាក់​ពី​ការសម្រេចចិត្ត​នេះ​ដូច្នេះ​៖« ការ​ស្នាក់នៅ​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ វា​ល្អ​សម្រាប់​កាលវិភាគ​នៃ​កិច្ចប្រជុំ ហើយ​មន្ត្រី​ពាក់ព័ន្ធ​អាចមាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​ដឹកជញ្ជូន និង​សន្តិសុខ​បាន​ងាយស្រួល​»​។​
 
​បច្ចុប្បន្ននេះ សន្តិសុខ​ទូទៅ​នៅ​ក្រុង Port Moresby ត្រូវបាន​រឹតបន្តឹង​យ៉ាង​តឹងរ៉ឹង​បំផុត​ដោយមាន​វត្តមាន​កងទ័ព​អាមេរិក​, អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង​នាវាចម្បាំង និង​យន្តហោះ​ចម្បាំង​ល្បាត​ជុំវិញ​ដែរ​។ 
 
​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ មិន​ប្រឈម​បញ្ហា​ភេរវកម្ម​ប៉ុន្មាន​ទេ ប៉ុន្តែ​វា​ប្រឈម​នឹង​អសន្តិសុខ អំពើហិង្សា និង​ឧក្រិដ្ឋកម្ម​។ តាម​របាយការណ៍​ទីក្រុង​ដែល​រស់​នៅបាន​របស់ Economist Intelligence Unit ឆ្នាំ ២០១៨ នេះ រដ្ឋធានី Port Moresby ជាប់​ឈ្មោះ​ជា​ក្រុង​គ្រោះថ្នាក់​ជាងគេ​ស្ថិត​បាត​តារាង​ពោល គឺ​ស្ថិតនៅ​លេខ​រៀង​ទី​១៣០ ក្នុងចំណោម​ប្រទេស ១៤០៕
 

Tag:
 ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​
  ម៉ៃ ផេ​ន​
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com