ជាតិ
មន្ត្រី​ខ្មែរ បដិសេធ​ទទួល​ប្រាក់រៀល ជា​ករណី​ដែល​មិនគួរ​ឲ្យ​កើតមាន​ទាល់តែសោះ​!
17, Nov 2018 , 10:19 pm        
រូបភាព
ដោយ:
​ជា​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម តែ​បែរជា​បដិសេធ​ប្រាក់រៀល ដែលជា​រូបិយ​បណ្ណ​របស់​ជាតិ​ទៅវិញ​។ ករណី​អ្នកស្រី គ្រី ណា​រី ដែល​បម្រើការ​ការងារ​នៅ​ទីស្នាក់ការ​ផ្ដល់​លិខិតឆ្លងដែន​ប្រចាំ​នៅ​ផ្សារ​អ៊ី​អន​ម៉​ល​ទី​២ អាចជា​រឿង​ដ៏​កម្រ​មួយ​នៅ​កម្ពុជា​។

 
​រឿងរ៉ាវ​ដែល​កើតឡើង​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា បាន​ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម​។ នៅថ្ងៃនោះ ពលរដ្ឋ​ម្នាក់​បាន​ទៅ​ដាក់ពាក្យ​ស្នើ​ផ្ដល់​លិខិតឆ្លងដែន បន្ទាប់ពី​បាន​បំពេញ បែបបទ​រួច អ្នកស្នើសុំ​បានមក​បញ្ជរ​បង់ប្រាក់ ដោយ​ស្នើ​បង់​សេវា​ចំនូ​ន ៤០​ម៉ឺន​រៀល​។ ពេលនោះ​ដែរ មន្ត្រី​ទទួលបន្ទុក​ខាង​សេវា​បានទាមទារ​ឱ្យ​បង់ ៤២​ម៉ឺន​រៀល ប៉ុន្តែ​ការណ៍​នេះ​ធ្វើឱ្យ​អ្នកស្នើសុំ​មិន​ពេញចិត្ត ក៏មាន​ការជជែក​គ្នា​តវ៉ា​លើ​អត្រា​ប្តូរប្រាក់​។ 
 
​បន្ទាប់មក​អ្នកស្រី គ្រី ណា​រី ក៏បាន​បញ្ឈប់​មិន​ទទួលយក​ប្រាក់រៀល ដោយបាន​ឲ្យ​លោក សេង សុខ​រ៉េ​ម ដែល​អ្នកស្នើសុំ​បង់​ជា​ប្រាក់​ដុល្លារ​វិញ ហើយ​ក្រោម​មក អ្នកស្នើសុំ​ដដែល​នេះ​ក៏​យល់ព្រម​បង់ប្រាក់​ដុល្លារ​ទៅតាម​ការទាមទារ​រប​ស់ម​ន្ត្រី​។​
 
​រឿងរ៉ាវ​នេះ បាន​ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម ហើយ​មួយថ្ងៃ​ក្រោយមក អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​រៀបរាប់​លំអិត​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​។ ជាមួយគ្នានេះ អគ្គនាយកដ្ឋាន​ទទួលស្គាល់ថា ការបដិសេធ​មិន​ទទួលយក​ប្រាក់រៀល ជា​កំហុស​របស់​មន្ត្រី​ទទួលបន្ទុក​ផ្តល់​សេវា​។​
 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បានសម្រេច​ដក អ្នកស្រី គ្រី ណា​រី ពី​ទីស្នាក់ការ​ផ្ដល់​លិខិតឆ្លងដែន​ប្រចាំ​នៅ​ផ្សារ​អ៊ី​អន​ម៉​ល​ទី​២ ឲ្យ​ទៅ​បម្រើការ​នៅ​នាយកដ្ឋាន​លិខិតឆ្លងដែន​វិញ​ដើម្បី​ត្រួតពិនិត្យ និង​ពិចារណា​អំពី​គោល​ការ​វិន័យ​នៃ​អង្គភាព​៕
 

Tag:
 ប្រាក់រៀល​-​ដុល្លារ​
  ​គ្រី ណា​រី​
© រក្សាសិទ្ធិដោយ thmeythmey.com