ជាតិ
កូនព្យុះ តូរ៉ាហ្គី អាចបង្កឲ្យមានភ្លៀងខ្លាំងនៅកំពត តាកែវ កំពង់ស្ពឺ និងបណ្តាខេត្តផ្សេងទៀត ទឹកជំនន់កន្លងមកនៅខេត្តតាកែវ។ រូបថត AFP
× ខេត្តកំពត តាកែវ និងកំពង់ស្ពឺ នឹងមានភ្លៀងធា្លក់ខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៨-២០វិច្ឆិកា។ ក្នុងរយៈដូចគ្នានេះ ក្រៅពីកំពត តំបន់ជាប់សមុទ្រផ្សេងទៀត ក៏មានភ្លៀង និងខ្យល់បក់បោកខ្លាំង ជាមួយរលកសមុទ្រកម្ពស់ខ្ពស់ៗ ផងដែរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១៨ ខែវិច្ឆិកា។
ភ្លៀងធា្លក់ខ្លាំងបែបនេះ ដោយសារ កម្ពុជាទទួលរងកូនព្យុះទី២៧ ឈ្មោះ តូរ៉ាហ្គី (Toragi) ដែលនឹងធ្វើដំណើរឆ្លងកាត់លើភាគខាងត្បូងប្រទេសកម្ពុជា មុននឹងថយឥទ្ធិពលជាវិសម្ពាធវិញ នៅថ្ងៃទី១៩វិច្ឆិកា។ ព្យុះនេះ បានវិវត្តន៍ខ្លួនពីវិសម្ពាធទាប នៅលើសមុទ្រភាគខាងត្បូង និងកំពុងស្ថិតនៅក្បែរឆ្នេរភាគអាគ្នេយ៍ ប្រទេសវៀតណាម។
ស្ថានភាពបែបនេះ ក្រៅពីតំបន់មាត់សមុទ្រ ជាពិសេសខេត្តកំពត រួមទាំងខេត្តតាកែវ និងកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង, ស្វាយរៀង កណ្តាល កំពង់ឆ្នាំង នឹងមានភ្លៀងធា្លក់ពីមធ្យមទៅច្រើន និងបណ្តាខេត្តមួយចំនួនទៀត មានភ្លៀងធា្លក់ពីតិច ទៅមធ្យម ។
ក្រសួងធនធានទឹក បានផ្តាំដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមមាត់សមុទ្រទាំងអស់ បង្កើនការប្រុងបប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថា្នក់ផ្សេងៗ ដែលអាចបង្កឡើងជាយថាហេតុ៕
Tag:
ព្យុះ
ភ្លៀង
ជំនន់
កំពត
តាកែវ
កំពង់ស្ពឺ
តំបន់មាត់សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com