សៀមរាប៖ ទេសចរជនជាតិចិន បានឈរនៅកំពូលតារាងដែលធ្វើដំណើរមកកម្សាន្តខេត្តសៀមរាបច្រើនជាងគេ។ តាមប្រាសាទនានា គេសង្កេតឃើញថា វត្តមានទេសចរជនជាតិចិន មានចំនួនច្រើនជាងគេ ហើយពួកគេនិយមមកជាក្រុមៗ។ ប្រតិបត្តិករទេសចរណ៍ផ្នែកសណ្ឋាគារ និងភោជនីយដ្ឋានយល់ថា ទេសចរចិនបានរួមចំណែកធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ហើយការចាយវាយរបស់ជនជាតិអាស៊ីមួយនេះ ក៏ប្រហាក់ប្រហែលទេសចរអឺរ៉ុបផងដែរ។ ពួកគេយល់ថា ទេសចរជនជាតិណាក៏ដោយ គឺសុទ្ធសឹងមានប្រយោជន៍ដល់កម្ពុជាជានិច្ច គ្រាន់តែមានចំនួនតិច ឬច្រើនតែប៉ុណ្ណោះ។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
នៅបណ្តាប្រទេសមួយចំនួន មិនថាកម្ពុជា បានដាក់គោលដៅទាក់ទាញភ្ញៀវទេសចរជនជាតិចិនជាទ្រង់ទ្រាយធំរៀងៗខ្លួន។ ក្នុងចំនួនប្រជាជនចិនប្រមាណ ១៣០០លាននាក់ គឺមាន ៣០០លាននាក់ ដែលមានលទ្ធភាពចេញកម្សាន្តក្រៅប្រទេស។ នៅក្នុងឆ្នាំ ២០១៧កន្លងទៅ ប្រជាជនចិនដែលធ្វើដំណើរកម្សាន្តក្រៅប្រទេសមានចំនួន ១២០លាននាក់ និងចាយអស់ប្រមាណ ២៦០ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងថា គេទស្សន៍ទាយថា ជនជាតិចិននឹងធ្វើដំណើរទេសចរណ៍លើពិភពលោកប្រហែលពី២០០ ទៅ ២៥០លាននាក់ នឹងអាចបង្ហូរការចំណាយរបស់ខ្លួនប្រហែលដល់ទៅ ៤៦០ពាន់លានដុល្លា ។ ហេតុដូច្នេះហើយ ទើបប្រទេសនៅលើពិភពលោកព្យាយាមចាប់យកឱកាសដ៏ល្អនេះដើម្បីអភិវឌ្ឍន៍ប្រទេស តាមរយៈវិស័យទេសចរណ៍។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងរយៈពេល៩ខែដើមឆ្នាំ ២០១៨នេះ ទេសចរចិនប្រមាណ ជាង៨៣ម៉ឺននាក់ ដែលមកកម្សាន្តខេត្តសៀមរាប ចំនួននេះគឺកើនឡើងជាង ៤០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។ តើចំនួនទេសចរចិនមានផលវិជ្ជមាន ឬអវិជ្ជមានសម្រាប់វិស័យទេសចរណ៍កម្ពុជា? ចម្លើយរបស់ប្រតិបត្តិករទេសចរណ៍ គឺទេសចរជនជាតិណាក៏ដោយ ក៏សុទ្ធសឹងអាចទាញប្រយោជន៍បានតិច ឬច្រើន។
លោក សាខន ប្រធានគ្រប់គ្រងទូទៅនៃសណ្ឋាគារ សារ៉ៃ បានឱ្យដឹងថា កន្លងមកអ្នករកស៊ីផ្នែកទេសចរណ៍មិនបានដាក់គោលដៅជាក់លាក់ថានឹងចាប់យកភ្ញៀវជនជាតិណាមួយទេ។ អ្វីដែលជាក់ស្ដែងដូចភ្ញៀវចិន គឺកើតឡើងដោយឯកឯង ឬអាចមានកត្តាមួយចំនួនដូចជាកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលប្រទេសទាំងពីរជាដើម។ ដូច្នេះក្នុងនាមជាអ្នករកស៊ីផ្នែកនេះ គឺមានតួនាទីត្រឹមទទួលទេសចរទាំងនោះតែប៉ុណ្ណោះ ហើយវត្តមានជនជាតិចិន មិនប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជាឡើយ គ្រាន់តែអាចប៉ះពាល់អារម្មណ៍តិចតួចរវាងភ្ញៀវនឹងភ្ញៀវតែប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់លោក សាខន។
កន្លងមកមានការលើកឡើងថា កំណើនទេសចរអាស៊ីមិនសូវកើនដល់សេដ្ឋកិច្ចឡើយ ដ្បិតថា អាស៊ីមិនសូវចាយច្រើនដូចទេសចរអឺរ៉ុប។ លោក សាខន យល់ថា ពីមុនលោកក៏ធ្លាប់គិតដូច្នេះដែរ តែបរិបទនេះបានប្រែប្រួល គឺភ្ញៀវទាំងពីរនេះមានរបៀបចាយខុសគ្នា។ លោក សាខន ពន្យល់យ៉ាងដូច្នេះថា សម្រាប់អឺរ៉ុប ពួកគេចូលចិត្តចាយដើម្បីបានបទពិសោធន៍ថ្មីៗអំឡុងពេលកម្សាន្ត ដូចជាចាយលើអាហារ ស្ប៉ា ជាដើមតែត្បិតត្បៀតលើតម្លៃបន្ទប់ ឯអាស៊ីមិនសូវទិញបទពិសោធន៍ថ្មីទេ តែពួកគេសូវខ្វល់រឿងតម្លៃបន្ទប់ស្នាក់នៅ។
ចំណែកលោក ស្រ៊ន ហ៊ាត ដែលមានអាជីវកម្មផ្នែកសណ្ឋាគារច្រើនកន្លែងផងនោះ បានលើកឡើងថា អាជីវកម្មមួយចំនួនក្នុងក្រុងសៀមរាប ពិតជាបង្វែរគោលដៅទៅភ្ញៀវចិនពិតប្រាកដមែន។ លោកពន្យល់ថា ការរកស៊ីមិនត្រូវពឹងលើភ្ញៀវណាតែមួយនោះទេ គឺវាអាស្រ័យទៅលើទីផ្សារជាក់ស្ដែង ដូចករណីទេសចរចិនដែលមានចំនួនច្រើននាពេលបច្ចុប្បន្ននេះ គឺចង់មិនចង់ ត្រូវមានអ្វីសម្រាប់ទទួលភ្ញៀវមួយនេះ។
អគ្គនាយក ស៊ីល ដឺអង្គរក្រុប លោក ស្រ៊ន ហ៊ាន ដែលមានអាជីវកម្មផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាន ក៏យល់ឃើញដូចលោក សាខន ដែរ គឺទេសចរចិនក៏អាចចាយច្រើនដូចអឺរ៉ុបដែរ ប្រសិនបើគេចេះរៀបចំត្រូវតាមតម្រូវការពួកគេ។
ទាក់ទងនឹងភ្ញៀវទេសចរចិននេះដែរ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាខេត្តសៀមរាប លោក ផាវ ព្រឿន យល់ថា គ្រប់ទេសចរទាំងអស់សុទ្ធតែផ្តល់អត្ថប្រយោជន៍ គ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ តែលោកបដិសេធចំពោះការលើកឡើងថាបានមិនប៉ះពាល់ដល់វិស័យទេសចរណ៍។ ទេសចរកើនឡើងជារឿងល្អ។ ពីមុនទេសចរចិនអាចមិនទាន់ស្គាល់កម្ពុជា ដោយសារការផ្សព្វផ្សាយនៅមានកម្រិត ឬទើបមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការជម្រុញឱ្យមានទេសចរទៅវិញទៅមក។ល។ នេះជាការយល់ឃើញរបស់លោក ផាវ ព្រឿន។
ឯលោក ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្ដរមានជ័យវិញ យល់គ្នាដូចគ្នានេះដែរ។ លោកថា ឆ្មាស ឆ្មាខ្មៅ សុទ្ធតែឆ្មា សំខាន់ឱ្យតែចេះចាប់កណ្ដុរបាន។
បើទោះបីរបាយការណ៍ទេសចរណ៍បានបង្ហាញពីតួលេខទេសចរកើនឡើងជាលំដាប់មកកាន់ខេត្តសៀមរាបយ៉ាងណាក្ដី ប៉ុន្តែអ្នករកស៊ីលើវិស័យនេះយល់ឃើញថា បរិមាណបន្ទប់ស្នាក់នៅមានចំនួនសមល្មមសម្រាប់ការទទួលទេសចរទាំងនោះ។ ពួកគេយល់ថា សណ្ឋាគារមិនគួរសង់បន្ថែមទៀតទេនៅពេលនេះ ប្រសិនបើមិនចង់ជួបហានិភ័យគ្មានភ្ញៀវស្នាក់នៅ។ លោក ហ៊ុយ ភៀវ យល់ថា គេគួររង់ចាំពេលសមរម្យណាមួយ ដើម្បីបង្កើនបន្ទប់ស្នាក់នៅបន្ថែមទៀត៕