ជាតិ
បុណ្យអុំទូក
ទូក​«​ង​»​វែង​ជាងគេ​នៅលើ​ពិភពលោក នឹង​តាំង​បង្ហាញ​នៅ​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២៤-៣០​វិច្ឆិកា​
18, Nov 2018 , 7:59 pm        
រូបភាព
រូបភាពបានពីផេកហ្វេសប៊ុក លោក ស សុខា​ ប្រធាន គណៈកម្មការផលិតទូកង ដើម្បីបំបែកឯគទគ្គកម្មពិភពលោក
រូបភាពបានពីផេកហ្វេសប៊ុក លោក ស សុខា​ ប្រធាន គណៈកម្មការផលិតទូកង ដើម្បីបំបែកឯគទគ្គកម្មពិភពលោក
​ភ្នំពេញ​៖ ទូក «​ង​»​កម្ពុជា ឈ្មោះ «​កម្ពោជិក​បុត្ដា​ខេមរា​តរី​» ដែល​បាន​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក នឹងត្រូវ​យកមក​តាំង​បង្ហាញ​ជា​សាធារណៈ នៅ​ទល់មុខ​ខាងកើត​វាល​ព្រះមេរុ​ហ៍ រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២៤-៣០​វិច្ឆិកា ដើម្បី​ឲ្យ​សាធារណ​ជនជាតិ​-​អន្ដរជាតិ បាន​ចូលរួម​ទស្សនា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់ គណៈកម្មការ​ផលិត​ទូក «​ង​» ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក នៅ​ថ្ងៃទី​១៧​វិច្ឆិកា ឆ្នាំ​២០១៨​។​

 
​សូមបញ្ជាក់ថា ទូក «​ង​»​នេះ ត្រូវបាន​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក World Guinness Record ជា​ផ្លូវការ កាល​ថ្ងៃទី​១២​វិច្ឆិកា ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​លោក Pravin Patel អ្នក​វិ​ច្ឆ័​យ World Guinness Record ដែល​ប្រារព្ធ​ធ្វើ​នៅ​តំបន់​អ្នក​លឿង​ត្រើយ​ខាងកើត ក្រោម​អធិបតីភាព សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​។​
 
​ទូក​«​ង​»​នេះ មាន​ប្រវែង​៨៧.៣​ម៉ែត្រ ទទឹង​១.៩៤​ម៉ែត្រ និង​ជម្រៅ​០.៨​ម៉ែត្រ ត្រូវ​រចនា​ឡើង​ដោយមាន​ក្បាលទូក ជា​នាគ និង​កន្ទុយ​ហង្ស ប្រកបដោយ​ក្បូរ​ក្បាច់រចនា​ល្អ​ប្រណិត ដែល​ផ្ទុក​ចំណុះ​បាន ១៧៩​នាក់ និង​ចំណាយ​ថវិកា​ប្រមាណ​៥​ម៉ឺន​ដុ​លា្ល​រ​៕

Tag:
 ទូក​
  ឯតទគ្គ​កម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com