ជាតិ
បុណ្យអុំទូក
ក្រសួងសុខាភិបាល ត្រៀម​រថយន្ត​សង្គ្រោះ​ចំនួន​៦៨​គ្រឿងក្នុង​ពិធីបុណ្យ​អុំទូក​
18, Nov 2018 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល ត្រៀម​រថយន្ត​សង្គ្រោះ​ចំនួន​៦៨​គ្រឿង ក្នុង​រាជធានី​ភ្នំពេញ នាឱកាស​ប្រារព្ធ​ពិធីបុណ្យ​អុំទូក  បណ្តែតប្រទីប  អក​អ​បុក និង​សំពះ​ព្រះ​ខែ ថ្ងៃទី​២១-២៣​វិច្ឆិកា​នេះ​។ ក្រៅពី​រថយន្ត​សង្គ្រោះ ក្រសួង​ក៏បាន​ត្រៀម​តង់​សុខភាព​ចំនួន​១២​កន្លែង​ផងដែរ​។ តង់​ទាំងនេះ​នឹង​ផ្តល់​សេវា​សុខភាព​២៤​ម៉ោង​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល នា​ថ្ងៃទី​១៥​វិច្ឆិកា​។​

 
​រថយន្ត​សង្គ្រោះ​ទាំង​៦៨​គ្រឿង​នោះ ត្រូវបាន​រៀបចំ និង​បែងចែក​ប្រចាំការ​ទៅតាម​ផ្សេងៗ​ពីគ្នា ដោយមាន​រថយន្ត​សង្គ្រោះ​ចំនួន​១១​គ្រឿង ត្រូវ​ប្រចាំការ​នៅ​តង់​សុខភាព​ទាំង​១២​កន្លែង​។ មាន​រថយន្ត​សង្គ្រោះ​១៤​គ្រឿង ប្រចាំការ​នៅតាម​ដងផ្លូវ​-​ដង​ទន្លេ កន្លែង​សាធារណៈ​ផ្សេងៗ និង​រថយន្ត​សង្គ្រោះ​១៣​គ្រឿង​ទៀត ប្រចាំការ​តាម​កន្លែង​ស្នាក់នៅ​របស់​ក្រុម​កីឡាករ​អុំទូក​ទាំង​១០​ខេត្ត​។ 
 
​ដោយឡែក​រថយន្ត​សង្គ្រោះ​២៤​គ្រឿង​ទៀត ក្រសួង​បានរៀបចំ និង​ប្រចាំការ​នៅ​ក្រសួងសុខាភិបាល ដើម្បី​ប្រើប្រាស់​ក្នុងករណី​ចាំបាច់​បំផុត ក្នុង​រយៈ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក  បណ្តែតប្រទីប  អក​អ​បុក និង​សំពះ​ព្រះ​ខែ ឡើង​។ បើតាម​សេចក្តីជូនដំណឹង​ខាងលើ​។​
 
​ចំពោះ​ទីកន្លែង​តង់​សុខភាព​ទាំង​១២​កន្លែង​វិញ  គឺមាន​នៅ​កោះ​ពេជ្រ​, នៅ​ស្តុ​ប​កម្ពុជា​-​វៀតណាម​, សួនច្បារ​មុខ​នាយកដ្ឋានអង្គរក្ស​, បរិវេណ​សណ្ឋាគារ​រណ​សិរ្ស​, មុខ​គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​, ក្បែរ​វេទិកា​កិត្តិយស​ខាងត្បូង និង​ខាងជើង​, មុខ​វត្ត​ឧណ្ណាលោម​ព្រះ​គន្លង​, ផែ​ថ្ម​រាជធានី​ភ្នំពេញ​, គល់ស្ពាន​បេ​ឡេ​ត្រើយ​ខាងលិច​-​ខាងកើត និង​មាននៅ​ខាងជើង​ស្ពាន​ជ្រាយ​ចង្វារ​។​
 
​ក្រៅពី​ត្រៀមលក្ខណៈ​សង្គ្រោះ​ដល់​ពលរដ្ឋ ក្នុងឱកាស​បុណ្យជាតិ​នេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង សូម​ណែនាំ​ប្រជាពលរដ្ឋ​ទាំងអស់​« ត្រូវ​ចេះ​រក្សា​សុខភាព​ផ្ទាល់ខ្លួន​ឲ្យ​បានល្អ ដោយ​ចូលរួម​ការពារ​ជំងឺ​រាគរូស ពុល​អាហារ និង​ទប់ស្កាត់​ការចម្លង​រោគ​ឆ្លង​នានា​។ ដោយ​អនុវត្ត​វិធានការ​ថែរក្សា​អនាម័យ​ស្អាត  ទទួលទាន​ចំណីអាហារ​សុវត្ថិភាព និង​ពិសា​ទឹកស្អាត​។ ពិសេស​សូមកុំ​ច្រាន ឬ​ប្រជ្រៀត​គ្នា ដើម្បី​ទប់ស្កាត់​នូវ​ការដួលសន្លប់​ដែល​អាច​កើតឡើង​ជាយថាហេតុ​។ បង​-​ប្អូន វិលមុខ ស្រវាំងភ្នែក​សុំ​អង្គុយ និង​ហៅរក​អ្នក​ជួយសង្គ្រោះ​»៕
 

Tag:
 ​អុំទូក​
  សង្គ្រោះ​
  រថយន្ត​
  សុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com