អន្តរជាតិ
ប្រមុខរបបសឹកថៃ ប្រាយុទ្ធ អាចមានឱកាសដឹកនាំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំក្រោយដោយផ្ទាល់ទេ?
× កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ដែលមានសិង្ហបុរីជាប្រធានវិលជុំ បានបញ្ចប់ជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍។ អ្នកដែលនឹងត្រូវបន្តវេនបន្ទាប់នោះ គឺរាជាណាចក្រថៃ ដែលបច្ចុប្បន្ន កំពុងតែដឹកនាំដោយរដ្ឋាភិបាលរបបសឹក មានលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទ អូជាប្រមុខ។ ថាតើ អ្នកកាន់ញញួរអាស៊ានបន្ទាប់លោកប្រាយុទ្ធ អាចមានឱកាសដឹកនាំកិច្ចប្រជុំកំពូលផ្ទាល់ដែរទេនោះ ប្រសិនថៃត្រូវរៀបចំបោះឆ្នោតរើសរដ្ឋាភិបាលថ្មីនៅដើមឆ្នាំក្រោយ ជាសំណួរពេញនិយមពេលនេះ។
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទ អូចា នៅថ្ងៃ១៥ វិច្ឆិកា បានទទួលញញួរនិមិត្តរូបប្រធានវិលជុំអាស៊ានពីលោកនាយករដ្ឋមន្ត្រី លី សៀនឡុង ជាមួយនឹងការប្តេជ្ញាចិត្តបន្តដឹកនាំអាស៊ានឲ្យឆ្ពោះទៅមុខ និងបន្តធានាការអនុវត្តរាល់គោលនយោបាយ ដែលត្រូវបានដាក់ចេញក្នុងពេលសិង្ហបុរីជាប្រធាន ជាពិសេសបណ្តាញទីក្រុងឆ្លាតអាស៊ាន ដែលគោលនយោបាយថ្មីស្រឡាងរបស់អាស៊ាន។
តាមសេចថ្លែងការណ៍ពេលទទួលញញួរនិមិត្តរូបប្រធានអាស៊ាន របស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំក្រោយ ពោលគឺកិច្ចប្រជុំកំពូលលើកទី៣៤ និង៣៥ នឹងត្រូវប្រព្រឹត្តឡើយងក្រោមមូលបទថ្មីគឺ «ការធ្វើឲ្យជឿនលឿននៃភាពជាដៃគូដើម្បីនិរន្តភាព»។ ហើយបើមិនមានការប្រែប្រួលនោះទេ កិច្ចប្រជុំកំពូលទាំងពីរ នឹងប្រារព្ធឡើងនៅថ្ងៃខែមិថុនា និងខែវិច្ឆិកាឆ្នាំ២០១៩។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ពេលដែលថៃ ត្រូវមកកាន់វេនជាអ្នកកាច់ចង្កូចនាវារបស់អាស៊ាន ចំពេល ដែលរាជាណាចក្រមួយនេះ ត្រូវមានការផ្លាស់ប្តូរទ្រង់ទ្រាយធំ នៃក្បាលម៉ាស៊ីនដឹកនាំ។ ការផ្លាស់ប្តូរនោះគឺ ចំពេលដែល ថៃ ត្រូវរៀបចំការបោះឆ្នោតជាតិលើកដំបូងក្នុងរយៈពេលបួនឆ្នាំ បន្ទាប់ពីត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលយោធាតាំងពីឆ្នាំ២០១៤មកនោះ។
តាមសេចក្តីប្រកាសរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ថៃ នឹងរៀបចំការបោះឆ្នោតជាតិនៅខែកុម្ភៈ ហើយគណៈរដ្ឋមន្ត្រីថ្មី ត្រូវបានរំពឹងថា នឹងអាចចាប់ផ្តើមនៅខែមិថុនា។ នេះ ក៏មានន័យផងដែរថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ក៏អាចនឹងមិនមានឱកាសក្នុងការដឹកនាំប្រជុំកំពូលដោយផ្ទាល់បានឡើយ ប្រសិនបើការបោះឆ្នោត ត្រូវបានប្រព្រឹត្តឡើងតាមរបៀបវារៈនេះ ។
ក៏ប៉ុន្តែ លោក ក៏អាចនឹងវិលត្រឡប់មកកាន់តំណែងនេះបានផងដែរ ក្នុងករណីដែលលោកនាយករដ្ឋមន្ត្រី ឈរឈ្មោះក្នុងបក្សនយោបាយណាមួយដើម្បីប្រកួតប្រជែងយកជ័យជម្នះក្នុងការបោះឆ្នោតខាងមុននេះ។ នៅខែតុលាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ក៏ធ្លាប់សារភាពត្រង់ផងដែរថា លោកក៏ចាប់អារម្មណ៍នឹងនយោបាយដែរ តែលោកមិនបង្ហើបពីចេតនាត្រង់ៗក្នុងការប្រកួតប្រជែងសម្រាប់តំណែងនាយករដ្ឋមន្ត្រីឡើយ៕
Tag:
ថៃ
អាស៊ាន
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com