ជាតិ
លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រី​វប្បធម៌ បាន​ពានរង្វាន់​បុរាណវិទ្យា​ប៉ា​ស្ទូ​ម​ឆ្នាំ​២០១៨
18, Nov 2018 , 5:16 pm        
រូបភាព
ដោយ: រួបរួម
​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ទទួល​ពានរង្វាន់​បុរាណវិទ្យា​ប៉ា​ស្ទូ​ម ឆ្នាំ​២០១៨ (Paestum Archaeology Award) នៅ​ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

 
Paestum Archaeology Award ត្រូវបាន​បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ​២០០៥ ដើម្បី​ផ្តល់ជូន​បុគ្គល​ដែល​រួមចំណែក​ក្នុងការ​ថែរក្សា​តម្លៃ​បេតិកភណ្ឌ​វប្បធម៌ ក៏ដូចជា​ការលើកកម្ពស់​ទេសចរណ៍​ទៅកាន់​តំបន់​បុរាណវិទ្យា​។ នៅ​ឆ្នាំ​២០១៨​នេះ លោកស្រី ភឿង ស​កុ​ណា ស្ថិតក្នុង​ចំណោម​ជ័យលាភី​ឆ្នើម​ចំនួន​៣​នាក់ ដែល​ក្នុងនោះ​មាន លោកស្រី Irina Bokova អតីត​អគ្គនាយិកា​អង្គការ​យូណេស្កូ និង​លោក Paolo Verri អគ្គនាយក​មូលនិធិ Matera-Basilicata 2019 ។​
 
​ពិធី​ប្រគល់​រង្វាន់​ត្រូវបាន​ប្រព្រឹត្ត​ទៅនា​វេទិកា​កិច្ចប្រជុំ​លើក​ទី​២១​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​អំពី​បេតិកភណ្ឌ និង​ទេសចរណ៍​នៃ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ និង​អឺរ៉ុប (Mediterranean Exchange of Archaeological Tourism) ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា នៅ​រមណី​ដ្ឋា​ន​ពិភព​លោកប៉ា​ស្ទូ​ម ប្រទេស​អ៊ីតាលី​។​


 
​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ចូលរួម​ជា​វាគ្មិន​គន្លឹះ​ក្នុង​ការជជែក​ពិភាក្សា ប្រៀបធៀប​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​និង​វិទ្យាសាស្ត្រ​អំពី​រមណីយដ្ឋាន​ពិភពលោក​។​
 
​ការទទួលបាន​ពានរង្វាន់ Paestum Archaeology Award ដោយសារ​លោកស្រី ភឿង ស​កុ​ណា មាន​សកម្មភាព​យ៉ាងខ្លាំង​ក្នុងការ​ការពារ ថែរក្សា លើក​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​នៅ​កម្ពុជា​ដូចជា រមណីយដ្ឋាន​អង្គរ រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក និង​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​។​
 
Paestum ធ្លាប់ជា​ទីក្រុង​បុរាណ​របស់​ក្រិ​ក ដែល​ស្ថិតនៅ​តំបន់ Magna Graecia ភាគខាងត្បូង​ប្រទេស​អ៊ីតាលី​។ ទីក្រុង​នេះ មាន​សំណង់​ប្រាសាទបុរាណ​ក្រិ​ក​ដ៏​ល្បីល្បាញ ដែល​ត្រូវបាន​សាងសង់ឡើង​នៅ​រវាង​ឆ្នាំ​៦០០ ទៅ​៤៥០​មុន​គ្រឹ​ស្ត​សករាជ​។ 


 
​បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៥​មក  ស្ថាប័ន និង​បុគ្គល​ជាង​៤០​ហើយ​ដែល​ទទួលបាន​ពានរង្វាន់ «Paestum Archeologia Award» នេះ ដែល​ក្នុងនោះ​មានដូចជា ស្ត្រី​ទីមួយ​ស៊ី​រី Asma al-Assad, ព្រះអង្គម្ចាស់​ម៉ូ​ណា​កូ Alberto II, លោកស្រី Mai bint Mohammed Al Khalifa រដ្ឋមន្ត្រី​វប្បធម៌​បា​រ៉ែ​ន​, អ្នក​ផលិត​ភាពយន្ត​ឯកសារ លោក Folco Quilici និង​អ្នកសារព័ត៌មាន​ល្បីឈ្មោះ Viviano Domenici​ ​ជាដើម​៕
 

Tag:
 ភឿង ស​កុ​ណា​
  ក្រសួង​វប្បធម៌​
  អប្សរា
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com