ព្រៃវែង៖ លោកយាយ នួន យាន ចេះត្បាញ«ត្រក» ដែលចាស់ៗយកទៅដាក់ស្លាម្លូនោះ តាំងពីអាយុ១០ឆ្នាំមកម្ល៉េះ។ ដោយក្តីស្រឡាញ់ និងចូលចិត្តតម្បាញនេះ លោកយាយ យាន ដែលមានអាយុ៨៥ឆ្នាំហើយ មិនមានបំណងបោះបង់មុខរបរបន្តពីដូនតារបស់ខ្លួនឡើយ។ បច្ចុប្បន្ន លោកយាយ នួន យាន កំពុងប្រឈមនឹងការបាត់បង់មុខរបរប្រពៃណីមួយនេះ ដោយគ្មានកូនចៅណាម្នាក់ចង់ស្នងមុខរបរនេះពីម្តាយចំណាស់ដែលមានបទពិសោធន៍ត្បាញត្រកប្រមាណ៧៥ម្នាក់នេះឡើយ។
បំណងចង់ពង្រីក និងចង់ឱ្យកូន ឬចៅ បន្តមុខរបរត្បាញ«ត្រក» ដែលគេយកទៅដាក់ស្លាម្លូ, ផើងតែ និងយកទៅដាក់តាំងលម្អនៅក្នុងផ្ទះជាដើមនេះ ទំនងជាមិនអាចសម្រេចបានដូចក្តីស្រមៃរបស់លោកយាយ នួន យាន ដែលចេះត្បាញត្រកនេះពីដូនតាតាំងពីលោកយាយមានអាយុ១០ឆ្នាំមកម្លោះ។
លោកយាយវ័យ៨៥ឆ្នាំ ដែលកំពុងត្បាញត្រកយ៉ាងយកចិត្តទុកដាក់នៅក្រោមផ្ទះ នាស្រុកកំចាយមារ ខេត្តព្រៃវែងរូបនេះ កំពុងបារម្ភពីគ្មានកូនចៅណាម្នាក់ចង់ស្នងមុខរបរប្រពៃណីមួយនេះពីខ្លួនឡើយ ខណៈពេលដែលកូន និងចៅៗរបស់លោកយាយ នួន យាន ទំនេរពីធ្វើស្រែ ងាកទៅធ្វើការងារសំណង់វិញ ហើយមិនចង់ឱ្យលោកយាយបន្តត្បាញត្រកនេះទៀតឡើយ។
«ខ្ញុំព្រួយបារម្មចំពោះការបាត់បង់កេរដំណែលពីចាស់បុរាណ្យ ដែលបានបន្សល់ទុកមកនេះណាស់ ព្រោះក្មេងៗបច្ចុប្បន្នមិនសូវយកចិត្តទុកដាក់ និងខ្ជិលចំពោះការចាក់ ត្បាញត្រង់នេះណាស់។ ក្មេងៗឥឡូវច្រើនតែទៅធ្វើការរោងចក្រ, ចំណាកស្រុក ហើយម្យ៉ាងទៀតវិត្ថុធាតុដើមក៏កាន់តែពិបាករកទៀត»។ លោកយាយ នួន យាន រៀបរាប់យ៉ាងដូច្នេះដោយសំដៅចំពោះកូនចៅរបស់លោកយាយ និងយុវជននៅក្នុងភូមិ ដែលមិនចាប់អារម្មណ៍នឹងបន្តមុខរបរពីដូនតាមួយនេះឡើយ។
លោកយាយដែលរស់នៅក្នុងភូមិក្របៅជួរ ឃុំក្របៅរូបនេះ អះអាងថា បើទោះជាយុវជនជំនាន់ក្រោយមិនចង់ធ្វើការងារតម្បាញត្រកនេះក៏ដោយ ក៏ខ្លួនមិនមានបំណងបោះបង់តម្បាញនេះចោលឡើយ ពោលគឺលោកយាយនៅតែបន្តប្រកបមុខរបរនេះទាល់តែធ្វើលែងបានទើបឈប់។
ដើម្បីបានត្រកមួយ លោកយាយ នួន យាន បញ្ជាក់ថា៖ «ខ្ញុំចំណាយពេលត្បាញពី៤ទៅ៦ថ្ងៃ តាមទំហំតូចឬធំ។ ខ្ញុំ ធ្វើវាតែពេលទំនេរពីការធ្វើបុណ្យទានប៉ុណ្ណោះ។ ហើយលក់ក្នុងតម្លៃពី៤ម៉ឺនរៀលទៅ៧ម៉ឺនរៀល»។ លោកយាយអាយុ៨៥ឆ្នាំ ដែលមានបទពិសោធន៍ត្បាញត្រកប្រមាណ៧៥ឆ្នាំរូបនេះ អះអាងបន្ថែមយ៉ាងដូច្នេះ៖ «ត្រកនេះត្បាញមិនទាន់អ្នកទិញឡើយ ព្រោះត្បាញដោយដៃដែលមើលទៅស្រស់ស្អាតបែបធម្មជាតិ និងច្នៃដោយភាពប៉ិនប្រសព្វ»។
លោកយាយបានឱ្យដឹងទៀតថា «ត្រក» ដែលត្បាញអំពីវល្លិផ្តៅ និងដើមរំពាក់ ចាក់ជាក្បាច់ដូចជា ក្បាច់ភ្នែកក្រួច, វ័ណ្ដ និងជើងឆ្នាំង រួចយកមកផ្គុំបញ្ចូលគ្នា ទើបបានជា«ត្រក»ដ៏ស្រស់ស្អាតមួយ។ សម្រាប់ដើមផ្តៅ និងរំពាក់ គឺលោកយាយបានឱ្យកូនទៅកាប់ពីព្រៃ និងពេលខ្លះត្រូវទិញពីអ្នករស់នៅខាងស្រុកទន្លេ ពោះឥឡូវ វត្ថុធាតុដើមទាំងអស់នេះ ពិបាករកព្រោះគេកាប់ព្រៃចោលអស់ហើយ។
ទោះជាលោកយាយ នួន យាន វ័យ៨៥ឆ្នាំ ត្បាញ«ត្រក» បានស្រស់ស្អាតយ៉ាងណាក៏ដោយ តែក្តីស្រមៃរបស់លោកយាយ ដែលចង់ឃើញតម្បាញត្រកនេះអាចរស់បានជានិរន្តរ ទំនងជាមិនអាចទៅរួចឡើយ។ មូលហេតុពីរសំខាន់ៗ គឺវត្ថុធាតុដើមដូចជា ដើមវល្លិផ្តៅ និងដើមរំពាក់កាន់តែបាត់បង់ និងយុវជនជំនាន់ថ្មី លែងចង់ធ្វើតម្បាញ«ត្រក»នេះ ដោយពួកគេចាប់អារម្មណ៍ការងាររោងចក្រ និងចំណាស្រុកជាង។
«ថ្មីៗ២៥ រាជធានី-ខេត្ត» ជាផ្នែកមួយនៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com)។ ThmeyThmey 25 ផ្តល់ព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, មុខរបរប្រពៃណី, ជំនួញខ្នាតតូច-មធ្យម, បរិស្ថាន និងទេសចរណ៍តាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា។ ដើម្បីទទួលបានព័ត៌មានទាំងនេះ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS:
https://apple.co/2ub9pdj និង Android:
http://bit.ly/2KSe1MB ។ ព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក
Thmey Thmey 25 និង YouTube Channel:
https://goo.gl/D6xQBv ៕