ដោយ៖ Matias Andres
ជីវិតរបស់កីឡារិនីប្រដាល់សេរី ឯម សុវណ្ណា (Em Sovannah) កំពុងមមាញឹកយ៉ាងខ្លាំង។ នាងមិនត្រឹមតែត្រៀមឡើងសង្វៀន ONE: DESTINY OF CHAMPIONS នៅថ្ងៃសុក្រ ទី៧ ខែធ្នូ ប៉ុណ្ណោះទេ កីឡាការិនីខ្មែរ-អាមេរិករូបនេះ ក៏នឹងត្រូវមកកាន់ទឹកដីកម្ពុជាជាលើកដំបូងផងដែរ។
សុវណ្ណា អ្នកប្រដាល់វ័យ២៦ឆ្នាំ និយាយទាំងរំភើបថា៖ «វាជាឱកាសធំណាស់ និយាយតាមត្រង់ទៅ ខ្ញុំមិនដឹងថាត្រៀមខ្លួនយ៉ាងម៉េចទេ តែខ្ញុំទន្ទឹងចាំខ្លាំងមែនទែន»។
ការមកភ្នំពេញលើកនេះ គ្រាន់តែជាការចាប់ផ្តើមលើកទីមួយ ហើយនឹងមានជាបន្តបន្ទាប់ទៀតសម្រាប់ជើងខ្លាំងខ្មែរ-អាមេរិក ដែលមានមូលដ្ឋាននៅ រដ្ឋកាលីហ្វនីញ៉ា រូបនេះ។
«ដំបូងឡើយខ្ញុំស្មានថាត្រូវទៅម៉ាឡេស៊ីតែម្តង ខ្ញុំរំភើបស្រាប់ហើយ ប៉ុន្តែដឹងអីបានឈប់នៅកម្ពុជាមុនសិន ខ្ញុំរឹតតែរំភើបខ្លាំងទៀត»។
សុវណ្ណា មានកំណើតនៅក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ប៉ុន្តែទៅរស់នៅក្រុងប៉ូម៉ូណា ដែលមានសហគមន៍ខ្មែរច្រើន។ «ខ្ញុំធំដឹងក្តីឡើងក្នុងវប្បធម៌ខ្មែរ ប្រណិបតន៍សាសនាព្រះពុទ្ធ ទៅវត្ត ហើយនឹងប្រារព្ធបុណ្យចូលឆ្នាំខ្មែរនៅទីនោះ ហើយខ្ញុំចេះនិយាយខ្មែរតិចៗទៀតពេលនៅតូច ប៉ុន្តែដល់ធំបន្តិចទៅខ្ញុំរៀងឆ្ងាយបន្តិចពីប្រពៃណីខ្មែរ។»
ឱកាសដែលបានឡើងប្រកួតក្បាច់គុនដ៏ធំនៅអាស៊ី មិនត្រឹមតែជួយដល់អាជីពជាអ្នកប្រដាល់នោះទេ ថែមទាំងជួយឲ្យនាងបានផ្សារភ្ជាប់ជាមួយប្រជាជាតិខ្មែររបស់ខ្លួន។ «ខ្ញុំគិតថា វាជាឱកាសដ៏ល្អមួយដែលឲ្យខ្ញុំអាចផ្សាភ្ជាប់ជាមួយខ្លួនឯងទៅនឹងដើមកំណើតរបស់ខ្ញុំ។ សង្សារបស់ខ្ញុំជនជាតិអ៊ីតាលី អ៊ីចឹងខ្ញុំក៏ទទួលឥទ្ធិពលវប្បធម៌របស់អ៊ីតាលីបន្តិចផងដែរ។ ពេលនេះ ខ្ញុំក៏ចាប់ផ្តើមចង់ដឹងចង់រៀនពីវប្បធម៌ខ្មែរម្តងទៀត»។
ថ្វីបើ ONE Championship ជាសង្វៀនប្រដាល់លើកទី៣ របស់នាងក៏ដោយ ប៉ុន្តែពេលប៉ះគូប្រកួតស្រីជើងខ្លាំងរបស់អ៊ុយក្រែនម្តងនេះមិនស្រួលប៉ុន្មានទេ ដោយសារគេមានបទពិសោធន៍ក្នុងទ្រុងច្រើនជាង សុវណ្ណា ៦ដងឯណោះ។
សព្វថ្ងៃកីឡាការិនី សុវណ្ណា កំពុងហ្វឹកហាត់នៅក្លិបប្រដាល់ Fight Science រដ្ឋឡូអែនជែលែស នាងត្រៀមរួចរាល់ដើម្បីបង្ហាញពិភពលោកនូវស្នៀតថ្មីៗរបស់នាង បន្ទាប់ការប្រកួតកាលពីខែកុម្ភះ ឆ្នាំ២០១៧ មក ដែលកាលនោះនាងផ្តួលគូប្រកួតត្រឹមតែ ៧៩ វិនាទីនៃការប្រកួតប៉ុណ្ណោះ បើនិយាយពីលើកទី១វិញគឺ បញ្ចប់ឆាប់ជានេះទៀតគឺត្រឹម ១៨ វិនាទីទេ។
ការប្រកួតលើសង្វៀន ONE ឆាប់ៗនេះ មិនត្រឹមតែនឹងលើកកេរ្តិ៍ឈ្មោះនាងឲ្យខ្ពស់ត្រដែតថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែ សុវណ្ណា សង្ឃឹមថាខ្លួននឹងមានឱកាសបានឡើងប្រកួតសង្វៀននៅកម្ពុជានៅថ្ងៃណាមួយផងដែរ៕