អន្តរជាតិ
ប្រធានាធិបតី ស៊ី៖ ចិន និងព្រុយណេ គឺជាមិត្តភក្តិ និងដៃគូ ដែលតែងទុកចិត្តគ្នាទៅវិញទៅមក
× បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅរដ្ឋកោះប៉ាស៊ីហ្វិក ប៉ាពូអាស៊ី ណូវែលហ្គីណេ ដែលជាសមរភូមិផ្លែផ្កាពាក្យសម្តីរវាងអាមេរិក និងចិនរួចមក លោកប្រធានាធិបតីចិន ស៊ី ជិនភីង បានបន្តដំណើរទស្សនកិច្ចផ្លូវការទៅកាន់រដ្ឋសមាជិកអាស៊ានព្រុយណេ។ សម្រាប់លោកប្រធានាធិបតី ព្រុយណេ គឺជាមិត្តភក្តិ និងដៃគូដ៏ល្អរបស់ចិនអស់រយៈពេលច្រើនទសវត្សរ៍មកហើយ។
លោកប្រធានាធិបតី ស៊ី ជិនភីង នៅថ្ងៃ១៨ វិច្ឆិកា បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់ព្រុយណេ ដែលទស្សនកិច្ចនេះ ធ្វើឲ្យលោក ក្លាយជាប្រមុខរដ្ឋរបស់ចិនទីមួយហើយដែលបានមានវត្តមាននៅក្នុងទឹកដីរដ្ឋអាស៊ីអាគ្នេយ៍សម្បូរទៅដោយធនធានធម្មជាតិរ៉ែ ក្នុងរយៈពេល១៣ឆ្នាំមកនេះ។ នេះបើយោងតាមភ្នាក់ងារព័ត៌មានចិន Xinhua។
នាជំនួបជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់ព្រុយណេ លោកប្រធានាធិបតី បានគូសបញ្ជាក់ថា ចិន និងព្រុយណេ គឺជាអ្នកជិតខាងតាមរយៈដែនសមុទ្រដ៏ជិតស្និទ្ធ ហើយក៏ជាមិត្តភក្តិ និងដៃគូ ដែលតែងតែជឿទុកចិត្តគ្នាទៅវិញទៅមក ដ្បិតប្រទេសទាំងពីរ មានប្រវត្តិសាស្ត្រផ្លាស់ប្តូរគ្នាជាមិត្តភាពយូរណាស់មកហើយ។ នេះបើតាមប្រភពព័ត៌មានដដែលនោះ។
តាមភ្នាក់ងារព័ត៌មានចិន Xinhua នាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនេះ លោកប្រធានាធិបតី ស៊ី ក៏បានមានផែនការក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋទាំងពីរឲ្យកាន់តែស៊ីជម្រៅទាំងលើផ្នែកការបង្កើនទំនុកចិត្តនយោបាយ ដើម្បីផ្តល់ប្រយោជន៍ជាក់ស្តែងដល់ប្រជាជនប្រទេសទាំងពីរ ក៏ដូចជាចូលរួមចំណែកកសាងសន្តិភាព និងវិបុលភាពនៅក្នុងតំបន់។
គួរជម្រាបផងដែរថា ព្រុយណេ ក៏ស្ថិតនៅក្នុងចំណោមប្រទេសអាស៊ាន ដែលមានជម្លោះសមុទ្រចិនខាងត្បូងជាមួយនឹងចិនផងដែរ។ ក៏ប៉ុន្តែ ខុសពីរដ្ឋភាគីជម្លោះរបស់ប្រទេសអាស៊ានផ្សេងទៀតដែលរួមមានម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ព្រុយណេ ត្រូវបានគេចាត់ទុកថាជារដ្ឋមួយ ដែលរក្សាជំហរស្ងប់ស្ងាត់ក្នុងការតទល់ជាមួយនឹងចិន៕
Tag:
ចិន
ព្រុយណេ
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com