ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ជៀស​ឆ្ងាយ​ពី​ការឆ្លង​មេរោគ និង​ជំងឺ​ផ្សេងៗ ដោយ​គ្រាន់តែ​ទទួលទាន​បន្លែ​ទាំងនេះ​
03, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​វិធី​ដ៏​ងាយ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ដើម្បី​រក្សាបាន​នូវ​សុខ​ភាពល្អ​រឹងមាំ​នោះ គឺ​ផ្លាស់ប្ដូរ​របៀប​នៃ​ការរស់នៅ​របស់​អ្នក ដោយ​គ្រាន់តែ​បន្ថែមបន្លែ​ដែលមាន​ឥទ្ធិពល​ជម្រុញ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ចូលក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ជាការ​ស្រេច​។ ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹងហើយថា ការទទួល​ទាន​បន្លែ​អាច​ផ្ដល់​អត្ថប្រយោជន៍​ប្រសើរ​យ៉ាងណា​ចំពោះ​សុខភាព​។ អ្វីដែល​សំខាន់​នោះ បន្លែ​មួយចំនួន​ដូចខាងក្រោម​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ ជៀស​ផុតពី​បញ្ហា​ឆ្លង​មេរោគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មួយចំនួន​ដូចជា មហារីក និង​ជំងឺ​បេះដូង​ផងដែរ​។ ថា​តើ​បន្លែ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?



ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​បន្លែ​ដែលមាន​ប្រយោជន៍​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ ៖
 
១. ផ្សិត ៖ មាន​ប្រសិទ្ធិភាព​បង្កើន​សកម្មភាព​កោសិកា NTKs​។ NTKs ជា​កោសិកា​ដែល​ជួយ​កម្ចាត់ និង​វាយប្រហារ​លើ​កោសិកា​ណា​ដែល​ឆ្លង​មេរោគ​ដោយ​ពពួក​វី​វុ​ស​។ ការបង្កើន​សកម្មភាព​នៃ​កោសិកា​នេះ​ក៏​ជួយ​ពន្យឺតការ​វិវត្តន៍​នៃ​ជំងឺមហារីក ឬ​ការលូតលាស់​នៃ​ដុំ​សាច់​មហារីក ទប់ស្កាត់​ការបំផ្លាញ DNA និង​ដុំ​សាច់​ពី​ការទទួលបាន​ការផ្គត់ផ្គង់​ឈាម​។​
 
២. ទំពាំង​បារាំង ៖ បន្លែ​នេះ​មាន​សមត្ថភាព​ពិសេស​ម្យ៉ាង​ជួយ​រាងកាយ​ក្នុងការ​បញ្ចេញ និង​កម្ចាត់​ចោល​នូវ​ជាតិពុល​ផ្សេងៗ​។ វា​មាន​ផ្ទុក​នូវ​សារធាតុ glutathione ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ម្យ៉ាង​ជួយ​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក និង​ជំងឺ​បេះដូង​។ លើសពីនេះទៅទៀត ទំពាំង​បារាំង ក៏​ជួយ​សម្អាត​ក្នុង​រាងកាយ ហើយ​ប្រឆាំងនឹង​ការ​រលាក​ផងដែរ​ដូចជា ជំងឺ​រលាក​ពោះវៀន រួមទាំង​ជំងឺ​រលាក​សន្លាក់​។​
 
៣. ការ៉ុត ៖ ជា​បន្លែ​ដ៏​ប្រសើរ​ជួយ​ក្នុងការ​ទប់ស្កាត់​ជំងឺ​ផ្ដាសាយធំ និង​គ្រុនផ្ដាសាយ​។ វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ beta-carotene ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ អ្នកនឹង​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ ប្រសិនបើ​ឧស្សាហ៍​ទទួលទាន​ការ៉ុត​ឆៅ​។​
 
៤. ខ្ទឹមស ៖ មាន​ផ្ទុក​នូវ​ធាតុ​ផ្សំ​សកម្ម​មួយ​ហៅថា allicin ដែល​ជួយ​រក្សា​សុវត្ថិភាព​កោសិកា​ពី​ការបំផ្លាញ​ដោយសារ​ជំងឺ​រ៉ាំរ៉ៃ​ណាមួយ​។ ខ្ទឹមស​ក៏ត្រូវ​បាន​គេ​ចាត់ទុកថា​ជា ថ្នាំ​សម្លាប់​មេរោគ​ធម្មជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​ឆ្លង ទប់ស្កាត់​ជំងឺមហារីក និង​ផ្ដាសាយ​។​
 
៥. ដំឡូង​ផ្អែម ៖ មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ beta-carotene ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ទប់ស្កាត់​ជំងឺមហារីក និង​ពពួក​វីរុស​។ ដំឡូង​ផ្អែម ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន E និង​ជាតិ​ស​សៃ​ដែល​ជួយ​រក្សា​សុខភាព​ស្បែក​ល្អប្រសើរ​ផងដែរ​។​
 
៦. ប៉េងប៉ោះ ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម lycopene ជួយ​ទប់ស្កាត់​ជំងឺមហារីក​។ វា​ក៏មាន​ផ្ទុក​សារធាតុ beta carotene កម្រិត​ខ្ពស់​ដែល​ជួយ​រក្សា​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ផងដែរ​។​
 
៧. ឆៃថាវ ៖ មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក ហើយ​មាន​សមត្ថភាព​ផលិត​គ្រាប់​ឈាមស​ផងដែរ​។ ឆៃថាវ ក៏​ជួយ​បង្កើន​ការផ្គត់ផ្គង់​អុកស៊ីសែន​ទៅកាន់​គ្រប់​កោសិកា និង​ជម្រុញ​កោសិកា​គ្រាប់​ឈាមក្រហម​។ លើសពីនេះទៅទៀត បន្លែ​នេះ​ក៏មាន​ប្រសិទ្ធិភាព​ទប់ស្កាត់​ជំងឺមហារីក និង​ជំងឺ​បេះដូង​គួរ​ឲ្យ​កត់សម្គាល់​។ វា​មាន​លក្ខណៈសម្បត្តិ​បន្សាប​ជាតិពុល​ក្នុង​រាងកាយ ហើយក៏​សម្រួល​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​តាមរយៈ​ជាតិ​ស​សៃ​ខ្ពស់​ដែល​វា​មាន​ផ្ទុក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com