ជាតិ
ប្រាក់ខែ​គ្រូបង្រៀន នឹង​ដំឡើង​ដល់​១,២​លាន​រៀល នា​ខែមេសា ឆ្នាំ​២០១៩
20, Nov 2018 , 8:39 pm        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសូងអប់រំ យុវជន និងកីឡា
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសូងអប់រំ យុវជន និងកីឡា
​ភ្នំពេញ​៖ ប្រាក់បៀវត្ស​គ្រូបង្រៀន នឹង​ដំឡើង​ដល់​១,២​លាន​រៀល នៅ​ខែមេសា ឆ្នាំ​២០១៩​។ នេះ​ជាការ​លើកឡើង​របស់ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ចំពោះ​អ្នកសារព័ត៌មាន ក្រោយ​បញ្ចា​ប់​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ទី​៧ នៅ​រដ្ឋសភា កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា​។

 
​លោក ហង់ ជួន ណា​រ៉ុ​ន បាន​ឲ្យ​ដឹងថា រដ្ឋសភា​បានអនុម័ត​ទៅលើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩ ដោយ​ក្នុងនោះ​វិស័យ​អប់រំ​យើង​ទទួលបាន ៧៣៧​លាន​ដុលារ ស្មើនឹង​១៧,៥​ភាគរយ​នៃ​ថវិកាជាតិ​សរុប​។ 
 
​រដ្ឋមន្ត្រី​អប់រំ បាន​បញ្ជាក់ថា​៖ «​ក្នុង​ចំនួន​ថវិកា​ដែល​សភា​បានអនុម័ត​នេះ មាន​៨០​ភាគរយ គឺជា​ប្រាក់បៀវត្ស នោះ​មានន័យថា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងទៅនេះ រដ្ឋាភិបាល​បាន​បង្កើន ជិត​៣​ដង​នៃ​ប្រាក់បៀវត្ស​គ្រូបង្រៀន​។ ហើយ​យើង​នឹង​បង្កើន​ប្រាក់បៀវត្ស​គ្រូបង្រៀន​នេះ ពី​១​លាន ១​សែន​រៀល នាពេល​បច្ចុប្បន្ន ទៅដល់​១​លាន ២​សែន​រៀល ក្នុង​ខែមេសា ឆ្នាំ​២០១៩»​។ 
 
​រដ្ឋ​ម​ន្រី្ត​អប់រំ​រូបនេះ បាន​បន្តថា ក្រៅពី​ដំឡើង​ប្រាក់បៀវត្ស ក្រសួង​នឹង​ផ្តោតទៅលើ​ការបណ្តុះបណ្តាល​គ្រូ តាមរយៈ​ការធ្វើកំណែទម្រង់​គ្រូបង្រៀន ,​ការពិនិត្យ​ឡើងវិញ​នូវ​កម្ម​វិធិ​សិក្សា នៅតាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូបង្រៀន និង​កែលម្អ​វិធីសាស្ត្រ​បង្រៀន ដោយ​ធ្វើយ៉ាងណា​ឲ្យ​ការបណ្តុះបណ្តាល​គ្រូ​នេះ មាន​គុណភាព​ខ្ពស់​។ នេះ​ជា​អាទិភាព​ទី​១​។​
 
​ចំណែក​អាទិភាព​ទី​២ គឺ​ការចុះទៅ​ជួយ​គាំទ្រ ក្នុងការ​គ្រប់គ្រង​សាលារៀន ដើម្បី​ឲ្យ​ការបង្រៀន កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។ ជាពិសេស​បន្ត​ការអនុវត្ត និង​ពង្រឹង​ការ​កំណែទម្រង់​របស់​ក្រសួង ដើម្បី​ឆ្លើយតប​ទៅនឹង​យុគសម័យ​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤  និង​យុគ​បដិវត្ត​ព័ត៌មានវិទ្យា​នេះ​។  ដោយឡែក​អាទិភាព​ទី​៣ គឺ​កំណែ​ទម្រ​ង​ឧ​ត្ត​មសិ​ក្សា​៕ 

Tag:
 អប់រំ​
  គ្រូបង្រៀន​
  ប្រាក់បៀវត្ស​
  ហង់ ជួន ណា​រ៉ុ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com