កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ថា​ក្រោយ​ជំនួប​ជាមួយ Broner អ្នក​បន្ទាប់​ប្រហែលជា Floyd
20, Nov 2018 , 9:39 pm        
រូបភាព
​និយាយ​ពី​ជំនួប​សងសឹក​ជាមួយ Floyd Mayweather កំពូល​អ្នក​ប្រដាល់​អាស៊ី Manny Pacquiao ថា​ត្រូវ​រង់ចាំ​រហូតដល់​រូបគេ​ឡើង​សង្វៀន​ប្រកួត​ការពារ​ខ្សែក្រវាត់ WBA ទល់នឹង​អ្នក​ប្រដាល់​អាមេរិក Adrien Broner រួចរាល់​សិន​។​

 
Pacquiao និង Broner បាន​ត្រូវ​រូ​វ​គ្នា​រួចរាល់​ហើយ​សម្រាប់​ការប្រកួត​ប្រដាល់សកល​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​មធ្យម​នៅ​សង្វៀន MGM Grand Garden Arena ក្នុង​ក្រុង​ឡាស​វេ​ហ្កា​ស សហរដ្ឋអាមេរិក នា​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩​។​
 
​ឆ្លើយ​នឹង​សំណួរ​អ្នកកាសែត​ដែល​សួរ​អំពី​អ្នក​ប្រដាល់​មិនដែល​ចាញ់ Mayweather ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ញូវយ៉ក អ្នក​ប្រដាល់​ហ្វីលីពីន វ័យ​៣៩​ឆ្នាំ ថាបើ​សិន Floyd ពិតជា​ត្រឡប់​ពី​ការចូលនិវត្តន៍​របស់​គេ​មែន​នោះ យើង​នឹង​ជួបគ្នា​នៅ​បន្ទាប់ពី​ការប្រកួត​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​


 
Pacquiao បន្ថែមថា​៖«​ប៉ុន្តែ​យើង​ក៏​មិនអាច​មើលស្រាល Adrien Broner បានដែរ យើង​មិនអាច​មើលស្រាល​ការប្រកួត​នេះ​ទេ ខ្ញុំ​ត្រូវ​ឆ្លងកាត់​ការប្រកួត​នេះ​ជាមុនសិន​មុននឹង​និយាយ​អំពី​ការប្រកួត​ជាមួយ Floyd Mayweather»​។​
 
​មានការ​ប៉ាន់ស្មាន​អំពី​ការប្រកួត​សងសឹក​រវាង​អ្នក​ទាំងពីរ​ម្តង​ដែរ​ចាប់តាំងពី Mayweather បានឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ Pacquiao នា​ជំនួប​នៃ​ព្រឹត្តិការណ៍ «The Fight of the Century» នៅ​សង្វៀន MGM Grand Garden Arena ក្នុង​ទីក្រុង​ឡាស​វេ​ហ្កា​ស សហរដ្ឋអាមេរិក កាលពី​ខែឧសភា ឆ្នាំ ២០១៥ ប៉ុន្តែ​អ្វីៗ​ត្រូវ​បញ្ចប់​វិញ​ក្រោយ​លេច​លឺថា​មាន​ភាគី​ម្ខាង​ត្រូវបាន​រំខាន​ដោយ​របួស​ស្មា​ស្តាំ​។​
 
​អ្នក​ប្រដាល់​មិនដែល​ស្គាល់​ចាញ់​របស់​អាមេរិក​ដែល​បច្ចុប្បន្ន​មាន​វ័យ​៤១​ឆ្នាំ បានប្រកាស​ពី​ការចូលនិវត្តន៍​ពី​អាជីព​ជា​អ្នក​ប្រដាល់​របស់គេ​ម្តង​រួចមកហើយ​ក្រោយពី​ទទួលបាន​កំណត់ត្រា​ប្រកួត​៥០ ឈ្នះ​ទាំង​៥០​ដង ជាមួយនឹង​ជ័យជម្នះ​ចុងក្រោយ​លើ​កីឡាករ​វាយ​ក្នុង​ទ្រុង Conor McGegor នៅ​ខែសីហា ឆ្នាំ​២០១៧​។​
 
Floyd ធ្លាប់បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Instagram របស់ខ្លួន​កាលពី​ខែកញ្ញា​ថា រូបគេ​នឹង​ត្រឡប់​ពី​ការចូលនិវត្តន៍​វិញ​ដើម្បី​តទល់​នឹង Pacquiao ជាថ្មី​ម្តងទៀត​។ ការ​បង្ហោះ​នោះ​រួមបញ្ចូល​ទាំង​វីដេអូ​របស់ Mayweather និង Pacquiao និយាយ​ឌឺដង​គ្នា​ទៅវិញទៅមក នៅឯ​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី​នៅ​មួយនា​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​
 
Pacquiao ដែល​នឹង​ឈានចូល​ដល់​វ័យ ៤០ ឆ្នាំ​នៅ​ខែធ្នូ​ខាងមុខនេះ ថា​ខ្លួន​កំពុង​ផ្តោត​ខ្លាំង​លើ​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​អាមេរិក Broner វ័យ​២៩​ឆ្នាំ​ជាមុនសិន និង​មិន​ចង់​បែក​អារម្មណ៍​គិតពី​ជំនួប​ផ្សេង​ឡើយ​៕
 
 

Tag:
 ​ប្រដាល់​
  Adrien Broner
  Manny Pacquiao
  Floyd Mayweather
© រក្សាសិទ្ធិដោយ thmeythmey.com