អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន តូយ៉ូតា ប្តេជ្ញា​ផ្តល់​អាហារូបករណ៍​បច្ចេកទេស​ជួសជុល​រថយន្ត ដល់​សិស្ស​ក្រីក្រ​ឲ្យ​បាន​កាន់តែច្រើន​
20, Nov 2018 , 6:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) កាលពី​ថ្ងៃទី​១៧ ខែ វិច្ឆិកា បានរៀបចំ​ពិធី​ប្រគល់​អាហារូបករណ៍​បច្ចេកទេស​ជួសជុល​រថយន្ត​របស់​សិស្ស​ក្រីក្រ​ជំនា​ន់ទី​៧ និង​ពិធី​អបអរសាទរ ការបញ្ចប់​ថ្នាក់​អាហារូបករណ៍​ជំនាញ​បច្ចេកទេស​ជួសជុល​រថយន្ត​របស់​សិស្ស​ក្រីក្រ​ជំនា​ន់ទី​៥​។ ពិធី​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន លោក គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​),​លោក ហ៊ី​រ៉ូ​យូ​គិ អ៊ី​តុ អគ្គនាយក​ក្រុមហ៊ុន​,​លោក ស៊ឹម សុរិន្ទ នាយក​សាលា ហ្ស៊ី វ៉េ សេ (JVC) និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ព្រមទាំង​សិស្ស​អាហារូបករណ៍​ទាំងអស់​ផងដែរ​។
 
​លោក គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បាន​ថ្លែង​ឲ្យ​ដឹងថា ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​៧ ហើយ ដែល​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ប្រគល់​នូវ​អាហារូបករណ៍ ជូន​ដល់​សិស្ស​ក្រីក្រ ដែល​ពុំមាន​លទ្ធភាព​បង់ថ្លៃ​សិក្សា ដើម្បី​ឲ្យ​ពួកគាត់​មានឱកាស ទទួលបាន​នូវ​ចំណេះដឹង ចំណេះធ្វើ និង​ជំនាញ​មួយ​ច្បាស់លាស់ ដែល​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ជួសជុល​រថយន្ត ក៏ដូចជា​ដើម្បី​ចូលរួម​ដល់​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ក្នុង​វិស័យ​យានយន្ត និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា​។​




 
​ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែលជា ក្រុមហ៊ុន​ត្រូវបាន​ទទួលស្គាល់​នូវ​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ លើ​ផលិតផល​យានយន្ត និង​គ្រឿងបន្លាស់​ម៉ាក​តូយ៉ូតា បាន​ថ្លែងបន្ត​ដូ​ច្ន​វ​៖ «​ស្រប​ពេលដែល​កំណើន​នៃ​កា​លក់​រថយន្ត និង​តម្រូវការ​ទីផ្សារការងារ នៃ​ជាង​ជួសជុល​រថយន្ត មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គួរ​ឲ្យ​កត់សម្គាល់​នោះ កម្មវិធី​អាហារូបករណ៍​នេះ នឹង​រួមចំណែក​មួយ​យ៉ាងសកម្ម ក្នុងការ​បង្កើត​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ក្នុង​វិស័យ​យានយន្ត នៅ​កម្ពុជា​»​។​






 
​បើតាម​លោក គង់ ងួន គិត​មកដល់​ឆ្នាំ​សិក្សា ២០១៧-២០១៨​នេះ សិស្ស​អាហារូបករណ៍រ​បស់ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) មាន​សរុប ៦៦​រូប ដែល​ក្នុងនោះ​សិស្ស​អាហារូបករណ៍​ជំនា​ន់ទី​១ មាន​១៦​រូប សិស្ស​ជំនា​ន់ទី​២​មាន​១០​រូប សិស្ស​ជំនា​ន់ទី ៣​មាន ១០​រូប សិស្ស​ជំនា​ន់ទី​៤ មាន ១០​រូប សិស្ស​ជំនា​ន់ទី​៥ មាន ៩​រូប ដែល​ពួកគាត់​ទើបតែ​ប្រលង​បញ្ចប់​កា​សិក្សា កាលពី​ខែកក្កដា​កន្លងទៅនេះ និង​សិស្ស​ជំនា​ន់ទី​៦ មាន ១១​រូប ដែល​ពួកគាត់​កំពុង​បន្ត​ការសិក្សា​នៅ​សាលា​។​
 






​លើសពីនេះ​ទៀត ក្រុមហ៊ុន​ក៏បាន​ប្រគល់​អាហារូបករណ៍ (​រួមមាន​៖ ថ្លៃ​សិក្សា ការ​ស្នាក់នៅ និង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​) ជូន​ដល់​សិស្ស​ក្រីក្រ​ជំនា​ន់ទី​៧ ចំនួន​១៣ រូប​ផ្សេងទៀត ដែល​មកពី​បណ្ដាល​ខេត្ត​៨​ផ្សេងៗ​គ្នា រួមមាន​ខេត្តបន្ទាយមានជ័យ ក្រចេះ សៀមរាប កំពង់ស្ពឺ តាកែវ កណ្ដាល កំពង់ចាម និង​ខេត្ត​កំពង់​ឆ្នាំ ឲ្យ​សិក្សា និង​ស្នាក់នៅ​នៅក្នុង​សាលា​មធ្យមសិក្សា​បច្ចេកទេស ហ្ស៊ី វ៉េ សេ (JVC) ផងដែរ​។ 


 
​លោក គង់ ងួន ក៏បាន​ផ្ដាំផ្ញើ និង​ក្រើនរំលឹក ដល់​សិស្ស​ដែល​ទទួលបាន​អាហារូបករណ៍ នៅពេលនេះ ត្រូវតែមាន​ឆន្ទៈ និង​ស្មារតី​ខ្ពស់ ក្នុង​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ ក្រេប       ជញ្ជក់​យកចំណេះ​ដឹង ដើម្បី​កែប្រែ​អនាគត​របស់ខ្លួន ឲ្យ​ឆ្ពោះទៅកាន់​ភាពជោគជ័យ​។​
 
​ឆ្លៀត​ក្នុងឱកាស​នេះ  ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​)  ក៏បាន​សម្ដែង​សេចក្ដីត្រេកអរ ដល់​សិស្ស​ជំនា​ន់ទី​៥ ទាំង​៩​រូប ដែល​ពួកគាត់​បាន​តស៊ូ​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ប្រលង​បញ្ចប់​ការសិក្សា ជាមួយនឹង​លទ្ធផល​ដ៏​ល្អប្រសើរ ហើយ​ពួកគាត់​ទាំងអស់ ទទួលបាន​ការងារ​ធ្វើ​គ្រប់ៗ​គ្នា នៅតាម​ស្ថាប័ន និង​យានដ្ឋាន​ផ្សេងៗ ជាមួយនឹង​ជំនាញ​ច្បាស់លាស់ ទទួលបាន​ប្រាក់ចំណូល​សមល្មម សម្រាប់​ផ្គត់ផ្គង់​ខ្លួនឯង និង​ក្រុមគ្រួសារ​ផងដែរ​។​


 
​លោក គង់ នួន ក៏​គូស​បញ្ជាក់ដែរថា ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) នឹង​បន្ត​ជ្រើសរើស សិស្ស​អាហារូបករណ៍​ជា​រៀងរាល់ឆ្នាំ ហើយ​លោក​លើកទឹកចិត្ត​ឲ្យ​ផ្សព្វផ្សាយ​ព័ត៌មាន ពី​ការផ្ដល់​អាហារូបករណ៍​នេះ ឲ្យ​កាន់តែ​ទូលំទូលាយ​ផងដែរ ដើម្បី​ឲ្យ​សិស្ស​និស្សិត​ដែល​កំពុង​ខ្វះខាត​មានឱកាស​ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ក្នុង​ជីវិត​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com