អន្តរជាតិ
វៀតណាម ជួយ​ឡាវ​កសាង​ទិន្នន័យ​ផែនទី​ដើម្បី​គ្រប់គ្រង​ធនធានធម្មជាតិ​កាន់​តែមាន​ប្រសិទ្ធភាព​
21, Nov 2018 , 10:59 am        
រូបភាព
ដោយ:
​បន្ទាប់ពី​ការ​ជ្រោមជ្រែង​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​ក្រុង​ហាណូយ នៅសល់​ពេល​មិន​ច្រើន​នោះទេ រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ នឹង​អាចមាន​ទិន្នន័យ​ផែនទី​មួយ​ផ្លូវការ​ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ និង​គ្រប់គ្រង​តំបន់​ធនធានធម្មជាតិ​កាន់​តែមាន​ប្រសិទ្ធភាព​។


 
​ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​វៀតណាម និង​ក្រសួងមហាផ្ទៃ​ឡាវ កាលពី​ថ្ងៃ​១៧ វិច្ឆិកា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ស្តីពី​ជោគជ័យ​ក្នុង​ការកសាង​មូលដ្ឋាន​ទិន្នន័យ​ផែនទី​ប្រទេស​ឡាវ ដែល​គ្របដណ្តប់​តំបន់​ភាគ​ជើង និង​តំបន់​ភាគ​កណ្តាល នៃ​ប្រទេស​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​វៀតណាម Vietnam News​។​
 
​តាម​ការបញ្ជាក់​របស់​អនុរដ្ឋមន្ត្រី​វៀតណាម Nguyễn Thị Phương Hoa គម្រោង​កសាង​មូលដ្ឋាន​ទិន្នន័យ​ផែនទី​នេះ មាន​គោលដៅ​ជួយ​ឡាវ​ក្នុងការ​ប្រើប្រាស់ និង​គ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​គម្រោង​នេះដែរ ត្រូវបាន​ចុះហត្ថលេខា​ក្រោម​កិច្ចព្រមព្រៀង​ស្តីពី​សេដ្ឋកិច្ច វប្បធម៌ ការអប់រំ និង វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ​។​
 
​អនុរដ្ឋមន្ត្រី​ដដែល​នោះ បន្ថែមថា គម្រោង ដែល​ប្រើប្រាស់​ខ្ទង់ចំណាយ​ប្រមាណ ៧,៩ លាន​ដុល្លារ​នេះ គឺជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​វៀតណាម ដែលមាន​បំណង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពិសេស​រវាង​ប្រទេស​ទាំងពីរ​។ គម្រោង​នេះ​ផងដែរ នឹង​បញ្ចប់​បញ្ហា​នៃ​ការ​វ​ង្វែ​ង​ផ្លូវ​របស់​អ្នកទស្សនា​ទៅកាន់​ឡាវ​ទៀតហើយ​។ 
 
​តាម​មន្ត្រីជាន់ខ្ពស់​វៀតណាម​រូបនេះ វៀតណាម ក្រៅពី​ជួយ​កសាង​កម្មវិធី​សម្រាប់​ឡាវ​រួចហើយ វៀតណាម នឹង​នៅតែ​បន្ត​ជួយ​បណ្តុះបណ្តាល​មន្ត្រី​ឡាវ​បន្ថែមទៀត​ក្នុងការ​ប្រើប្រាស់​កម្មវិធី​នេះ​ឲ្យ​រលូន​។ ជុំវិញ​គម្រោង​នេះដែរ អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឡាវ Thongchanh Manixay បាន​អះអាងថា ជោគជ័យ​គម្រោង​នេះ គឺជា​មរតក​មួយ​ដ៏​សំខាន់​រវាង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​៕ 
 

Tag:
 វៀតណាម​
  ឡាវ​
© រក្សាសិទ្ធិដោយ thmeythmey.com