ជាតិ
បុណ្យអុំទូក
ទូក«ង»ដែលជាប់កំណត់ត្រាពិភពលោក ធ្វើពីឈើគគីរដែលមានអាយុជិត១០០ឆ្នាំ រូបភាពផ្តល់ដោយ លោក ងិន បាណាល់ អនុប្រធានគណៈកម្មការផលិតទូក «ង» ដើម្បីបំបែកឯកទគ្គកម្មពិភលោក
× ភ្នំពេញ៖ ទូក«ង» របស់កម្ពុជា ឈ្មោះ«កម្ពោជិកបុត្តាខេមរាតរី» ដែលបានជាប់កំណត់ត្រាឯតទគ្គកម្មពិភពលោក ត្រូវបានសង់ឡើងដោយប្រើប្រាស់ឈើគគីរសុទ្ធសរុប៧ដើម និងដែលមានអាយុជិត១០០ឆ្នាំ។ លោក គា ឡេង មេជាងធ្វើទូក«ង» វែងជាងគេនេះ បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។ បើតាមលោក គា ឡេង ឈើគគីរចំណាស់ជិត១សតវត្សន៍នេះ មានប្រភពនៅទឹកដីខេត្តព្រះវិហារ។
លោករៀបរាប់ពីរបៀបធ្វើទូកវែងជាងគេនេះដូច្នេះ៖«ប្រវែងទូកវែងនេះ ត្រូវបានរៀបចំ និងតភា្ជប់គ្នា ដោយប្រើឈើគគីរចំនួន៣ដើម ដែលប្រវែងពី២៥ ទៅ២៨ម៉ែត្រ ដោយយកទៅដុតក្នុងឡភ្លើង តាំងពីព្រលប់រហូតដល់ព្រឹក រួចហើយទុកឲ្យត្រជាក់ ទើបអាចយកមកភ្ជាប់គ្នាបាន។ គ្រាន់តែតភ្ជាប់ប្រវែងទូកនេះ យើងចំណាយពេលជាងពីរសប្តាហ៍។ រីឯឈើគគីរ៤ដើមទៀត ប្រើសម្រាប់ធ្វើក្តារលើក ក្តាបាត់ កុង ក្រប ក្បាល រនាប សរសៃ និងឆ្អឹងពោះ និងផ្សេងៗទៀត»។
រូបភាពពី លោក ងិន បាណាល់ អនុប្រធានគណៈកម្មការផលិតទូក «ង» ដើម្បីបំបែកឯកទគ្គកម្មពិភលោក
ការណ៍ដែលលោក ឡេង សម្រេចយកឈើគគីរធ្វើទូក«ង»នេះ ដោយសារឈើគគីរធន់នឹងទឹក មិនងាយពុក និងរក្សាបានយូរ ពោលគឺទូកដែលធ្វើពីឈើគគីរនេះ អាចរក្សានូវរូបរាងដើម បានពី៥០ ទៅ៦០ឆ្នាំ បើមានការថែទាំ និងរក្សាទុកដាក់បានត្រឹមត្រូវ។ ម្យ៉ងទៀត នៅកម្ពុជាបច្ចុប្បន្ន មាននៅសល់តែឈើគគីរទេ ដែលមានសាច់ឈើចាស់ជាងគេ ពិសេសខេត្តព្រះវិហារ គឺសម្បូរដើមឈើគគីរធំៗ និងមានវ័យចំណាស់ជាងខេត្តដទៃ។ ខណៈដែលខេត្តមណ្ឌលគិរី ក៏មានឈើប្រភេទនេះដែរ។ នេះបើតាមការអះអាងរបស់លោក គា ឡេង។
បើតាមមេជាងដដែល ក្រុមជាងរបស់លោកក្នុងនោះមានជាងស្នូល១១នាក់ បានចំណាយពេល១០៥ថ្ងៃ(៣ខែ និង១៥ថ្ងៃ) ក្នុងការធ្វើឲ្យចេញជារូបរាងទូកវែងនេះ។ រយៈពេល១០៥ថ្ងៃនេះ គឺជាថ្ងៃដែលធ្វើរូបរាងទូកតែប៉ុណ្ណោះ មិនទាន់គិតការឆ្លាក់ក្បាច់ ឬគូរូប និងកិច្ចការផ្សេងៗទៀត ដែលមានការចូលរួមរបស់ជាងដទៃ និងប្រជាពលរដ្ឋផង។
រូបភាពីលោក ងិន បាណាល់ អនុប្រធាន
សូមរម្លឹកថា ទូក«ង» ឈ្មោះ«កម្ពោជិកបុត្តាខេមរាតរី»នេះ ត្រូវបានតំណាង World Guinness Record ប្រកាសថាជាប់កំណត់ត្រាឯតទគ្គកម្មពិភពលោក កាលថ្ងៃទី១២វិច្ឆិកា ឆ្នាំ២០១៨។ ទូក«ង»នេះ ចំណាយប្រាក់ធ្វើអស់ជិត៥ម៉ឺនដុល្លារ។ ទូក«កម្ពោជិកបុត្តាខេមរាតរី» មានប្រវែង៨៧.៣ម៉ែត្រ ទទឹង១.៩៤ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ផ្ទុកចំណុះបាន ១៧៩នាក់ ដែលត្រូវបានរចនាឡើង ដោយមានក្បាលទូកជានាគ និងកន្ទុយហង្ស និងមានក្បូរក្បាច់រចនាល្អប្រណិត៕
Tag:
ទូក
ឈើ
គា ឡេង
ព្រះវិហារ
គគីរ
កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com