ជាតិ
២៥ខេត្ត/រាជធានី
អ្នកជំនាញ បារម្ភ​ពី​ការបន្លំ​ម៉ាក​កាហ្វេ​មណ្ឌល​គី​រី ខណៈ​កម្ពុជា​នាំចូល​កាហ្វេ​១​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ពី​វៀតណាម និង​ឡាវ​
22, Nov 2018 , 9:19 am        
រូបភាព
ភ្នំពេញ​៖ អ្នកជំនាញ កំពុងមាន​ការព្រួយបារម្ភ​ពី​បញ្ហា​បន្លំ​ម៉ាក​កាហ្វេ​ប៊ូ​ស្រា នៅ​ខេត្ត​មណ្ឌល​គី​រី ។ ការបារម្ភ​នេះ ធ្វើឡើង​ស្របពេល​កម្ពុជា កំពុងមាន​តម្រូវការ​កាហ្វេ​១​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ដែល​ភាគច្រើន​នាំចូល​ពី​វៀតណាម និង​ឡាវ​។​



​កាហ្វេ​នៅ​មណ្ឌល​គី​រី ទើប​តែមាន​សន្ទុះ​ងើបឡើង​វិញ នៅ​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ បន្ទាប់ពី​ទិន្នផល​កាហ្វេ​នេះ បាន​ដួលរលំ ឬ​អាច​និយាយបានថា ម្ចាស់​ចំការ​កសិកម្ម​កាហ្វេ​មួយចំនួន​ក្ស័យធន កាលពី​ឆ្នាំ​២០០១ ដោយសារ​គ្មាន​តម្លៃ​ទីផ្សារ​សមរម្យ​។ ប៉ុន្តែ​ពាក្យ​ថា «​កាហ្វេ​មណ្ឌល​គី​រី​» ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ ជាពិសេស​អ្នក​និយម​ពិសារ​កាហ្វេ និយាយ​តៗ​គ្នា​រហូតមក ពី​គុណភាព​ម៉ាក​កាហ្វេ​មួយ​នេះ នៅតាម​ហាង​កាហ្វេ​នានា​កន្លងមក​។​



​ត្រង់ចំណុច​នេះ លោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម និង​ជា​ស្ថាបនិក​អង្គការ​សេ​ដាក បាន​និយាយថា កាហ្វេ​មណ្ឌល​គី​រី ដែល​ចរាចរណ៍​ក្នុង​ទីផ្សារ​កន្លងមក អាច​គ្រាន់តែ​ពាក្យ​និយាយ​តៗ​គ្នា ឬ​កើតចេញពី​ការបន្លំ​ម៉ាក​ប៉ុណ្ណោះ ខណៈដែល​កម្ពុជា​នាំចូល​កាហ្វេ​ពី​ក្រៅប្រទេស​១​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​។ ក្នុងនោះ​កម្ពុជា នាំ​កាហ្វេ​ពី​ឡាវ ៩០០​តោន ,​ថៃ ខណៈ​វៀតណាម​ច្រើនជាងគេ​។ នេះ​បើតាម​ព័ត៌មាន​ក្រៅផ្លូវការ ដែល​លោក យ៉ង សាំង​កុមារ ទទួលបាន​។​

​ថ្លែង​ក្នុង​ដំណើរ​ទស្សនកិច្ច​ជាមួយ​អ្នកកាសែត នៅ​ចំការ​កាហ្វេ​សរីរាង្គ របស់​ជនជាតិដើម​ភាគតិច នៅ​ខេត្ត​មណ្ឌល​គី​រី កាលពី​ថ្ងៃទី​១៦-១៨ វិច្ឆិកា អ្នកជំនាញ​កសិកម្ម​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ចាប់​ផ្ដើមធ្វើ​ការងារ​(​កាហ្វេ​សរីរាង្គ​)​នេះ ដោយសារ​ខ្ញុំ​ចេះតែ​ឆ្ងល់​ថា ម្នាក់ៗ​និយាយ​កាហ្វេ​មណ្ឌល​គី​រី ប៉ុន្មាន​ឆ្នាំមុន ប៉ុន្តែ​បើតាម​របាយការណ៍ ទើប​(​ងើបឡើង​វិញ​) ១​ឆ្នាំ ទៅ​២​ឆ្នាំ​ហ្នឹង​។ ប៉ុន្តែ​ឥឡូវ​វា​កន្លងផុត​ហើយ ហើយ​ទៅមុខ​យើង​ធ្វើ​យ៉ាង​កុំ​ឲ្យ​កើតឡើង​អ៊ីចឹង​»​។



​ដោយសារ​បញ្ហា​នេះហើយ ទើប​អ្នកជំនាញ ដែល​ខិតខំ​ជំរុញ​ឲ្យ​កាហ្វេ​នៅ​ខេត្ត​មណ្ឌល​គី​រី ងើបឡើង​វិញ​នេះ ព្រួយបារម្ភ​ពី​ការបន្លំ​កាហ្វេ​ខ្លួន​។ លោក យស ចាន់ថា ប្រធាន​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ​ដែល​ធ្វើការ​ជាមួយ​ជនជាតិដើម​ភាគតិច​នោះ ធ្លាប់​ឭ និង​ឃើញ​ហាង​មួយចំនួន ប្រាប់​អតិថិជន​ថា កាហ្វេ​ដែល​ពួកគេ​យកទៅលក់​នេះ គឺ​ផលិតផល​កាហ្វេ​ប៊ូ​ស្រា ខេត្ត​មណ្ឌល​គី​រី ប៉ុន្តែ​ធាតុពិត​នោះ កាហ្វេ​ដែល​ពួកគេ​លក់​នេះ មិនមែន​ទិញ​ពី​មណ្ឌល​គី​រី​ទៅ​លក់​ឡើយ​។ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ លោក យស ចាន់ថា គ្រោង​យក​បញ្ហា​បន្លំ​ម៉ាក​កាហ្វេ​នេះ ទៅ​ពិភាក្សា​ជាមួយ​មន្ទី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​មណ្ឌល​គី​រី​ផងដែរ​។​

​ប្រធាន​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ ដែល​គាំទ្រ​លើ​ផលិតផល​កាហ្វេ​សរីរាង្គ​របស់​ជនជាតិ​ដើម​ភាគតិច នៅ​ខេត្ត​មណ្ឌល​គី​រី​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ចង់​សំណូមពរ​ថា បើសិនជា​ពួកគាត់​មិនបាន​យក​ផលិតផល​(​កាហ្វេ​)​របស់​ប៊ូ​ស្រា ឬក៏​អ្វី​ដែលជា​ធម្មជាតិ​របស់​ជនជាតិដើម​ទេ សូមកុំ​ប្រើ​ឈ្មោះ​ទាំង​ហ្នឹង ព្រោះ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​អ្វីដែល​ពួក​ខ្ញុំ​កំពុងតែ​ធ្វើ​»​។​



​បច្ចុប្បន្ននេះ ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ ដែល​សហការ​ជាមួយ​ពលរដ្ឋ​ជនជាតិដើម​ភាគតិច ចំនួន​៤០​គ្រួសារ ហើយ​មាន​ផ្ទៃដី​ដាំ​ដុះ​កាហ្វេ​ចំនួន​១១៨​ហិកតា ដោយ​ក្នុងនោះ​ផ្ទៃដី​ដែល​បង្កើន​ផល​បាន​៤៨​ហិកតា​។ ប៉ុន្តែ​ផ្ទៃដី​៤៨​ហិកតា គឺអាច​ប្រមូល​ផល​បានតែ​២០​ហិកតា​ប៉ុណ្ណោះ ដោយ​អាច​ផ្តល់​ទិន្នផល​កាហ្វេ​ពី​២២​តោន ទៅ​២៥​តោន សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក ។ សម្រាប់​ទីផ្សារ​ក្រៅ​ស្រុក ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ​ត្រូវ​ផ្គត់ផ្គង់​ទៅ​ប្រទេស​ជប៉ុន​១២​តោន កូរ៉េ​១០​តោន និង​តៃវ៉ាន​ជាដើម​។  នេះ​បើតាម​លោក យស ចាន់ថា​។​

​សម្រាប់​ផ្ទៃដី​ដាំ​កាហ្វេ​ទូទាំង​ខេត្ត​មណ្ឌល​គី​រី​បច្ចុប្បន្ន មាន​ផ្ទៃដី​សរុប​២៨៦​ហិកតា ដោយ​មិនទាន់​បូក​បញ្ចូល​ផ្ទៃដី នៅ​ទីតាំង​មួយចំនួនទៀត​។ តួលេខ​នេះ បង្ហាញថា ផ្ទៃដី​ដាំ​កាហ្វេ​កើនឡើង​២១១​ហិកតា ក្នុង​ឆ្នាំ​២០១៨​។ ក្នុងនោះ​ផ្ទៃដី​ដាំ​កាហ្វេ​របស់​ក្រុមហ៊ុន មាន​ចំនួន​១៣២​ហិកតា ក្រៅពីនេះ​គឺជា​ផ្ទៃដី​របស់​ប្រជាពលរដ្ឋ​ដាំ​ដុះ​ជា​លក្ខណៈ​គ្រួសារ​។  នេះ​បើតាម​លោក សេង សៅ អនុប្រធាន​ការិយាល័យ​សេដ្ឋសាស្ត្រ ខេត្ត​មណ្ឌល​គី​រី​។​



​អង្គការ​សេ​ដាក រំពឹងថា កម្ពុជា​នឹង​ផលិត​កាហ្វេ​សរីរាង្គ​ដោយ​ខ្លួនឯងបាន​កាន់តែច្រើន និង​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​បាន​គ្រប់គ្រាន់ កាត់បន្ថយ​ការនាំ​ចូល​កាហ្វេ​បាន​កាន់តែច្រើន នៅ​រយៈពេល​៥​ឆ្នាំ​ទៀត​។

​បច្ចុប្បន្ន​កាហ្វេ​សរីរាង្គ​នៅ​ខេត្ត​មណ្ឌល​គី​រី មាន​លក់​ជា​បណ្ដើរៗ​ហើយ​នៅ​ទីផ្សារ​នានា នៅក្នុង​រាជធានី​ភ្នំពេញ ដូចជា ផ្សារ​កសិផល​សរីរាង្គ​សេ​ដាក (​ផ្សារ​អូ​ក្រា​) ហាង​កាហ្វេ F Cafe (​អេ​ហ្វ​កាហ្វេ​) ហាង​រ៉ូ​ប៊ូ​ស្ដា​ប៊ូ​ស្រា​កាហ្វេ ហាង​ប៊ី​ង​ហ្គោ​កាហ្វេ ៕

អត្ថបទទាក់ទង


ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv


Tag:
 យស ចាន់ថា​
  មណ្ឌល​គី​រី
© រក្សាសិទ្ធិដោយ thmeythmey.com