ជាតិ
បុណ្យអុំទូក
កីឡាករ «អធិរាជស្ដេចកន តេជោសែនជ័យ» ស្នាក់នៅលើស្រឡាង ដែលជួលតម្លៃ៧០០ដុល្លារ
× ភ្នំពេញ៖ កីឡាករទូក «អធិរាជស្ដេចកន តេជោសែនជ័យ» ស្នាក់នៅលើស្រឡាង ដែលជួលតម្លៃ៧០០ដុល្លារ ក្រោមការរៀបចំរបស់ព្រះអង្គ ឌី សារិ ព្រះចៅអធិការវត្ត រកាអារ ។
ព្រះអង្គ ឌី សារិ មានសង្ឃដីកាថា ការជួលស្រឡាងឲ្យកីឡាករស្នាក់នៅនេះ ដើម្បីសម្រួលដល់ការលំបាករបស់ពួកគេ ហើយវាក៏ជាការលើកទឹកចិត្តដល់កីឡាករក្នុងការប្រកួតផងដែរ។ បើតាមព្រះអង្គ ឌី សារិ ការជួលស្រឡាងនេះ វាជួយសម្រួលច្រើនដល់កីឡាករអុំទូក ដែលអាចឲ្យពួកគេសម្រាកទាំងយប់-ថ្ងៃ រួមទាំងការពារអាកាសធាតុបណ្ដោះអាសន្នខ្លះផងដែរ។
នៅក្នុងស្រឡាងនោះ មានគ្រែមួយ មុង និងអង្រឹង រួមទាំងសម្ភាររបស់កីឡាករជាច្រើនទៀត សម្រាប់សម្រាកនិងប្រើប្រាស់ផ្ទាល់ខ្លួន ក្រោយបញ្ចប់ការប្រកួត។ យុវជន ឌី សំណាង ដែលកំពុងអង្គុយលើគ្រែ ក្រោយពីទទួលទានអាហាររួចរាល់នោះ បាននិយាយថា ការស្នាក់នៅលើស្រឡាងនេះ គឺវាផ្ដល់ភាពកក់ក្តៅមួយ ដល់កីឡាករទាំងអស់ ហើយក៏ជាកម្លាំងចិត្តដល់ពួកគេបន្ថែម ក្នុងការខំប្រឹងយកជ័យជម្នះ សម្រាប់ការប្រណាំងទូកនេះ។
យុវជន សំណាង ដែលបានសម្រាកនៅលើស្រឡាងនេះ អស់រយៈពេល៣ថ្ងៃមកហើយនេះ បាននិយាយដូច្នេះថា៖ ចំពោះអារម្មណ៍កីឡាករទាំងអស់ បើសិនទទួលបានការស្នាក់នៅល្អស្រួល វាគឺជាទឹកចិត្តមួយ។ ហើយបើសិនជាយើងរស់នៅអត់មានកន្លែងជ្រកកោនត្រឹមត្រូវ ហើយស្អាតនោះ វាក៏ជាបញ្ហាមួយដល់សុខភាពដែរ»។
ចំពោះការចំណាយលើការជួលស្រឡាងតម្លៃ៧០០ដុល្លារនេះ គឺមានជំនួយពីប្រជាពលរដ្ឋក្នុងភូមិ និងខាងគណៈកម្មាធិការទូក ដែលមានព្រះអង្គ ឌី សារិ ជាអ្នករ៉ាប់រងដោះស្រាយ ពោលគឺមិនមានបញ្ហាអ្វីឡើយ។ នេះបើតាមព្រះអង្គ សារិ ដែលបានបន្ថែមថា ថវិកាចំណាយសម្រាប់ឲ្យកីឡាករ ចូលរួមប្រកួតប្រណាំងទូកឆ្នាំនេះ គឺមានខ្ទង់ចំណាយគ្រប់គ្រាន់៕
Tag:
អុំទូក
ព្រះអង្គ ឌី សារិ
© រក្សាសិទ្ធិដោយ thmeythmey.com