ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើហេតុអ្វីអ្នកមិនគួរទប់នោម?
× ជាធម្មតាប្លោកនោមរបស់មនុស្សពេញវ័យដែលមាននាទីស្តុកទឹកនោមមានចំណុះជាមធ្យមពី៣០០មីលីលីត្រទៅ ៤០០មីលីលីត្រ។ ជាមួយគ្នានោះ នៅក្នុងទឹកនោមរបស់មនុស្សភាគច្រើនមានផ្ទុកសារធាតុមួយចំនួនដូចជា ជាតិអ៊ុយរ៉េ ជាតិគ្រីអេទីនីន ទឹកប្រម៉ាត់ អាម៉ូញ៉ាក់ និង អំបិលជាដើម។
នៅពេលដែលប្លោកនោមមានស្តុកទឹកនៅពេញ វាបញ្ជូនព័ត៌មាននេះទៅកាន់ខួរក្បាលដើម្បីឲ្យមនុស្សយើងម្នាក់បត់ជើងតូចទៅតាមពេលវេលា។ សកម្មភាពទាំងអស់នេះអាចមានការប្រែប្រួលទៅតាមអាយុ អ័រម៉ូន និងសុខភាពសារពាង្គកាយ។
បើយោងតាមការបកស្រាយរបស់វេជ្ជបណ្ឌិតខាងផ្នែកតម្រងនោម លោក Tan Yung Khan មកពីមន្ទីរពេទ្យ Mount Elizabeth Novena ដែលបានចុះផ្សាយដោយទូរទស្សន៍សិង្ហបុរី Channel News Asia កាលពីថ្ងែទី១៤ខែវិច្ឆិកានេះ បានមានប្រសាស៍ថា៖ «ការសិក្សាទៅលើទម្លាប់ក្នុងការទប់នោមក្នុងរយៈយូរនោះមិនទាន់មានភាពច្បាស់លាស់ប្រាកដប្រជានៅឡើយទេ។ ដូចនេះយើងមិនអាចធ្វើការវិនិច្ឆ័យអំពីផលវិបាករបស់វាឲ្យបានពេញលេញនោះទេ។ ប៉ុន្តែយើងបានជួបប្រទះបញ្ហាជំងឺជាក់ស្តែងមួយចំនួនមានដូចជា ការនោមទាស់ ក្តៅខ្លួន ឈាមក្នុងទឹកនោមជាដើម»។
អ្នកជំនាញរូបនេះបន្តពន្យល់ថា មូលហេតុនេះហើយទើបបានជាបញ្ហារលាកតម្រងនោមអាចកើតឡើងដោយសារតែបាក់តេរី និងមេរោគដែលមានក្នុងទឹកនោម។ ជាធម្មតាការទប់នោមយូរអាចធ្វើឲ្យប្លោកនោមរីកមាឌ និងកាន់តែតឹង ពេលខ្លះវាក៏អាចធ្វើអោយការបញ្ចេញទឹកនោមមានភាពមិនប្រក្រតីផងដែរ។
ទោះបីជាបែបនេះក៏ដោយ អ្នកជំនាញខាងលើអះអាងថា បើអ្នកជាមនុស្សដែលមានសុខភាពល្អនោះ វាមិនមែនជារឿងគ្រោះថ្នាក់ក្នុងការទប់នោមម្តងម្កាលនោះទេ។ ជាពិសេសមិនគួរធ្វើវាលើសពីបីដងនោះឡើយក្នុងមួយថ្ងែ។ ចំណែកឯពេលយប់ ខ្លួនប្រាណមនុស្សយើងបញ្ចេញសារធាតុអ័រម៉ូនពិសេសម្យ៉ាងក្នុងការកាត់បន្ថយការផលិតទឹកនោមរួចជាស្រេចទៅហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com