កីឡាជាតិ
ជាតិ
AFF Suzuki៖ ទោះហាលអាវ តែកម្ពុជាចង់បានកំណត់ត្រាឈ្នះម្ចាស់ផ្ទះវៀតណាមលើកដំបូងបំផុត
× ទោះបីឈ្នះឡាវ ៣-១ កាលពី៤ថ្ងៃមុនក៏ដោយ តែកម្ពុជាអស់សិទ្ធិផ្លូវការទៅកាន់វគ្គបន្តនៃព្រឹត្តិការណ៍ AFF Suzuki Cup ហើយ បន្ទាប់ពីចាញ់ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ ទោះបីជាយ៉ាងណា ជំនួបចុងក្រោយក្នុងពូល A នៅកីឡដ្ឋាន Hang Day ក្រុងហាណូយ ប្រទេសវៀតណាម នាម៉ោង៧ និង៣០ល្ងាចនេះ នៅតែជាបេសកកម្មដ៏សំខាន់របស់ក្រុមកម្ពុជា ក្នុងការបំបែកកំណត់ត្រា ដោយពួកគេមិនដែលមានប្រវត្តិឈ្នះអ្នកជិតខាងមួយនេះ ទាល់តែក្នុងការប្រកួតផ្លូវការ។
កម្ពុជា មិនដែលមានប្រវត្តិឈ្នះវៀតណាមឡើយ សម្រាបការប្រកួតដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ខណៈជំនួប៦លើកកន្លងមកក្នុងពាន AFF Suzuki Cup វៀតណាមឈ្នះទាំង៦លើក ជាមួយការស៊ុតបាល់បញ្ចូលទីសរុប២៩គ្រាប់ ហើយកម្ពុជាតបតវិញ បានតែ៥គ្រាប់ប៉ុណ្ណោះ។
ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះ កម្ពុជា ជួប វៀតណាមដំបូងនៅឆ្នាំ១៩៩៦ ដោយរងបរាជ័យ ៣-១ ហើយជួប៥លើកបន្ថែម ដោយវៀតណាមឈ្នះ ៦-០ នៅឆ្នាំ២០០០ ឈ្នះ ៩-២ នៅឆ្នាំ២០០២ ឈ្នះ ៩-១ នៅឆ្នាំ២០០៤ និងបន្តឈ្នះ ២-១ នៅឆ្នាំ២០១៦ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមជម្រើសជាតិកម្ពុជា ក៏ធ្លាប់បានយកឈ្នះក្រុមវៀតណាមខាងត្បូង (នាអំឡុងសង្គ្រាមវៀតណាម) ផងដែរ។ ក្នុងចំណោមជំនួប៦លើកចន្លោះពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៧៤ កម្ពុជាឈ្នះ៣លើក វៀតណាមខាងត្បូងឈ្នះ៣លើក។
សម្រាប់ជំនួបជាមួយវៀតណាម ឬអតីតវៀតណាមខាងជើងវិញ លទ្ធផលដ៏ល្អបំផុតសម្រាប់កម្ពុជានោះ គឺការស្មើចំនួន២លើកក្នុងព្រឹត្តិការណ៍ហ្គាណេហ្វូ (Ganefo) ដោយស្មើ ១-១ នាវគ្គជម្រុះនៅព្យុងយ៉ាង នាឆ្នាំ១៩៦៥ និងស្មើ ២-២ នៅរាជធានីភ្នំពេញនាឆ្នាំ១៩៦៦ ។
ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សម្រាប់ការប្រកួតក្រៅផ្លូវការ កម្ពុជាក៏ធ្លាប់ឈ្នះក្រុមវៀតណាមផងដែរ។ នេះបើតាមការអះអាងរបស់លោក ប៉ែន ផាត អតីតខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិ និងឯកសារមួយចំនួន។
កាលពីឆ្នាំ២០១៧ កម្ពុជា បានចាញ់វៀតណាមទាំងពីរជើងនាវគ្គជម្រុះ AFC Asian Cup ដោយចាញ់ ២-១ នៅភ្នំពេញ និងបន្តចាញ់ ៥-០ នៅហាណូយ៕
© រក្សាសិទ្ធិដោយ thmeythmey.com