ជាតិ
២៥ខេត្ត/រាជធានី
របរដាំត្រសក់នៅបាត់ដំបង ចំណេញច្រើន ខាតក៏ច្រើន
× បាត់ដំបង៖ របរដាំត្រសក់របស់កសិករនៅខេត្តបាត់ដំបង ទទួលបានផលចំណេញច្រើន ហើយខាតក៏ច្រើនដែរ។ អ្នកស្រី វេត ស៊ីណា ជាម្ចាស់ចម្ការត្រសក់មួយកន្លែង នៅស្រុកបាណន់ ខេត្តបាត់ដំបង។ នៅលើផ្ទៃដីប្រមាណ ២ហិកតា ត្រសក់របស់អ្នកស្រី ស៊ីណា អាចប្រមូលផលក្នុង១ថ្ងៃ ពី៣ទៅ៤តោន។ ក្នុង១ខែ អ្នកស្រី ស៊ីណា អាចរកចំណូលបានជាង ៣៣លានរៀល ពីដំណាំត្រសក់នេះ។
អ្នកស្រី វេត ស៊ីណា ប្រកបរបរដាំត្រសក់លក់ ជាង២ឆ្នាំមកហើយ ក្នុងទំហំផ្ទៃដី២ហិកតា។ កសិកររូបនេះ បានប្រាប់ថ្មីៗ២៥ឲ្យដឹងថា៖ «របរនេះ ចំណេញក៏ច្រើន ហើយខាតក៏ច្រើនដែរ។ បើខែត្រសក់បានថ្លៃ ១ ខែ អាចរកចំណូលបានជាង ៣៣លានរៀល តែបើខែធ្លាក់ថ្លៃវិញ ១ ខែ អាចខាតដល់ ១៥លានរៀលក៏មាន»។ កសិករមានវ័យ២៧ឆ្នាំរូបនេះ អាចផ្គត់ផ្គង់ត្រសក់ក្នុងទីផ្សារ ១ថ្ងៃ ពី៣ទៅ៤តោន នៅក្នុងខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។
បច្ចុប្បន្ន ត្រសក់របស់អ្នកស្រី ស៊ីណា បោះឲ្យឈ្មួញកណ្ដាល មានតម្លៃពី៨០០ ទៅ១០០០រៀលក្នុង១គីឡូក្រោម តែបើធ្លាក់ថ្លៃវិញ មានតម្លៃពី ២០០ ទៅ ៣០០រៀលប៉ុណ្ណោះ។ កសិកររស់នៅភូមិរ៉ូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបងភាគច្រើន ប្រកបរបរដាំត្រសក់នេះ។ អ្នកស្រី ស៊ីណា និងស្វាមី សម្រេចចិត្តដាំត្រសក់ ដោយសារតែដាំណាំនេះឆាប់បានប្រមូលផល។
ស្វាមីរបស់អ្នកស្រី ស៊ីណា ក៏បានលើកឡើងជុំវិញដំណាំត្រសក់នេះដែរ។ គាត់ថាការដាំត្រសក់នេះ ជារឿងមួយដែលប្រថុយ ព្រោះទីផ្សារមិនច្បាស់លាស់។ បើតាមកសិករដដែល ជាង២ឆ្នាំមកនេះ លោកបានខាតចំនួន ៤ដងឯណោះ ដោយសារត្រសក់ធ្លាក់ថ្លៃ។ ទោះយ៉ាងណា ស្វាមីរបស់អ្នកស្រី ស៊ីណា អះអាងថា ទោះដាំត្រសក់ខាត ក៏លោក និងគ្រួសារបន្តដាំដំណាំនេះដែរ ព្រោះតែខ្លួនមិនមានជំនាញអ្វីផ្សេង។
ដើម្បីទទួលបានព័ត៌មានផលិតផលអត្តសញ្ញាណប្រចាំខេត្ត និងផលិតផលកសិកម្មទូទាំង២៥រាជធានី-ខេត្ត សូមមេត្តាចុច Download for iOS:
https://apple.co/2ub9pdj និង Android:
http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕
Tag:
កសិកម្ម
ត្រសក់
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com