ជាតិ
សម្តេច ហេង សំរិន សម្ពោធផ្សាយសៀវភៅជាភាសាអង់គ្លេសស្តីពីជីវិតតស៊ូរំដោះកម្ពុជាពីខ្មែរក្រហម
× នៅព្រឹកថ្ងៃទី២៦វិច្ឆិកានេះ រដ្ឋសភាកម្ពុជាបានប្រកាសសម្ពោធសៀវភៅដែលនិយាយអំពីជីវិតតស៊ូរបស់សម្តេច ហេង សំរិន ដែលជាប្រធានកិត្តិយសរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងជាប្រធានរដ្ឋសភា។ សៀវភៅស្តីប្រវត្តិតស៊ូរបស់សម្តេច ហេង សំរិន ត្រូវបានសរសេរជាភាសាអង់គ្លេសលើកដំបូង ដោយ មាន ចំណងជើងថា «The People’s struggle, Cambodia reborn» (ការតស៊ូរបស់ប្រជាជន កម្ពុជារស់ ឡើងវិញ)។
សៀវភៅកម្រាស់១៥០ទំព័រ ដែលត្រូវបានបោះពុម្ពនៅរោងពុម្ពដ៏ល្បីឈ្មោះនៅប្រទេសសិង្ហបុរី ត្រូវបានសរសរចេញពីសៀវភៅកំណត់ហេតុមួយដែលត្រូវបានចងក្រងតាំងពីឆ្នាំ២០១៣។
កំណត់ហេតុដែលកត់ត្រាអំពីជីវិតរបស់សម្តេច ហេង សំរិន ត្រូវបានរៀបរៀងចងក្រងដោយមន្ត្រីនយោបាយជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លោក នៃ ប៉េណា និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។
«ការតស៊ូរបស់ប្រជាជន៖ កម្ពុជារស់ឡើងវិញ» ត្រូវបានសម្ពោធតែមួយសប្តាហ៍មុនគណបក្សប្រជាជនកម្ពុជារៀបចំពិធីរំឮកខួប៤០ឆ្នាំនៃចលនា២ធ្នូ ដ៏អធិកអធមនៅក្នុងស្រុកស្នួល ខេត្តក្រចេះ។ សម្តេច ហេង សំរិន បច្ចុប្បន្នមានវ័យ៨៤ឆ្នាំ គឺជាមេដឹកនាំសំខាន់ម្នាក់ក្នុងចំណោមមេដឹកនាំជាច្រើនទៀតនៃចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃ២ធ្នូឆ្នាំ១៩៧៨ ដើម្បីផ្តួលរំលំរបបប៉ុលពត ដោយមានការគាំទ្រពីកងទ័ពវៀតណាម។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាស្តីពីការសម្ពោធស្នាដៃ ដែលសារព័ត៌មានថ្មីៗទទួលបាន បានសរសេរយ៉ាងដូច្នេះថា៖«ការតស៊ូរបស់ប្រជាជនៈ កម្ពុជារស់ឡើងវិញ នឹងបង្ហាញពីការពិតនៃសង្គ្រាមនៅកម្ពុជាដល់អ្នកអាន និងកូនខ្មែរជំនាន់ក្រោយ ដែលចង់សិក្សាឈ្វេងយល់ពីប្រវត្តិសាស្ត្រកម្ពុជា។ ជាប្រវត្តិសាស្ត្រនៃការតស៊ូរំដោះប្រទេសជាតិរបស់ឥស្សរជនស្នេហាជាតិ និងដំណើរស្តារកម្ពុជាឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ»។
សៀវភៅស្តីពីប្រវត្តិតស៊ូរបស់សម្តេច ហេង សំរិន ជាភាសាអង់គ្លេស ក៏ត្រូវបានអាន និងអធិប្បាយដោយលោក Greg Dodds ដែលជាអតីតទាហានចារកម្មរបស់អូស្ត្រាលីនៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ១៩៧១ផងដែរ៕
Tag:
ហេង សំរិន ប្រវត្តិរូប ២ធ្នូ ៧មករា
© រក្សាសិទ្ធិដោយ thmeythmey.com