អន្តរជាតិ
អតីត​ប្រធានាធិបតី​ស៊ីម​បា​វ៉េ វ័យ​៩៤​ឆ្នាំ កំពុង​ព្យាបាល​ជំងឺ​នៅ​សិង្ហ​បុរី ហើយ​ដើរ​លែង​រួច
25, Nov 2018 , 1:50 pm        
រូបភាព
ដោយ:
​លោក​អតីត​ប្រធានាធិបតី​ស៊ីម​បា​វ៉េ រ៉ូបឺត មូ​ហ្កា​បេ (Robert Mugabe) កំពុងតែ​ទទួល​ការព្យាបាល​ជំងឺ​នៅក្នុង​ប្រទេស​សិង្ហ​បុរី ខណៈ​ស្ថានភាព​សុខភាព​របស់លោក​កាន់តែ​ដុនដាប និង​ដោយ​ដើរ​លែងរួច​។

 
​លោក​ប្រធានាធិបតី​ស៊ីម​បា​វ៉េ Emmerson Mnangagwa នៅ​ថ្ងៃ​២៤ វិច្ឆិកា បាន​ឲ្យ​ដឹងថា លោក មូ​ហ្កា​បេ បានទទួល​ការព្យាបាល​នៅ​សិង្ហ​បុរី​រយៈពេល​ជាង​ពីរ​ខែ​មកហើយ​។ លោក​ប្រធានាធិបតី បាន​បញ្ជាក់ថា លោក មូ​ហ្កា​បេ នឹង​វិល​ត្រឡប់មក​ប្រទេស​វិញ​នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។  
 
​តាម​ភ្នាក់ងារ​ព័ត៌មាន Reuters លោក Mnangagwa បាន​ប្រាប់​អ្នកគាំទ្រ​បក្ស​កាន់អំណាច ថា ស្ថានភាព​សុខភាព​របស់លោក​អតីត​ប្រធានាធិបតី មាន​លក្ខណៈ​ល្អប្រសើរ​ហើយ ក៏ប៉ុន្តែ​លោក មិនអាច​ដើរ​បាន​ទៀតឡើយ​។ លោក​ប្រធានាធិបតី ក៏បាន​សន្យា​បន្ត​មើលថែ​ទាំង​អតីត​មេដឹកនាំ​កំពូល​រូបនេះ​តទៅទៀត​។​
 
​យ៉ាងណាក៏ដោយ លោក Mnangagwa មិនបាន​បញ្ជាក់​ពី​មូលហេតុ និង​ជំងឺ​របស់លោក មូ​ហ្កា​បេ ឡើយ ដ្បិត​នេះ គឺជា​រឿង​ឯកជន​។ កន្លងមក មានការ​រាយការណ៍​ថា លោក មូ​ហ្កា​បេ​បាន​ទៅ​ព្យាបាល​ជំងឺ​ភ្នែក​នៅ​សិង្ហ​បុរី ប៉ុន្តែ​លោក​បដិសេធ ការផ្សាយ​មួយចំនួន​របស់​សារព័ត៌មាន​ក្នុងស្រុក ដែលថា លោក​មាន​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ 
 
​គួរ​ជម្រាប​ថា លោក មូ​ហ្កា​បេ គឺជា​អតីត​មេដឹកនាំ​ដែល​កាន់តំណែង​យូរ​ជាងគេ​លើ​ពិភពលោក ក្នុង​រយៈពេល​ជិត​បួន​ទសវត្សរ៍​ឯណោះ​។ ស្ថិតក្នុង​វ័យ​៩៤​ឆ្នាំ​ហើយ​នោះ លោក​បង្ខំចិត្ត​ឲ្យ​ចុះ​ចេញពី​តំណែង​នៅ​ចុងឆ្នាំ​២០១៧ ក្រោយពី​មាន​រដ្ឋប្រហារ​យោធា​ស្ងៀមស្ងាត់​មួយ​។ លោក មូ​ហ្កា​បេ ក៏​ស្ថិតនៅ​ក្នុងចំណោម​មេដឹកនាំ​ពិភពលោក​ដែល​ធ្វើដំណើរ​ទៅ​សិង្ហ​បុរី​ដើម្បី​ទទួល​ការព្យាបាល​ជំងឺ​ជាប្រចាំ​ដែរ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com