អន្តរជាតិ
សមាជិកភាព​ក្នុង​អាស៊ាន​របស់ «​ទី​ម័​រ​ខាងកើត​»​នៅតែ​ជា​រឿង​ស្រពេចស្រពិល​
25, Nov 2018 , 6:59 pm        
រូបភាព
ដោយ:
​កិច្ចប្រជុំ​កំពូល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា​អាស៊ាន ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​តែង​បញ្ចប់​ជាមួយនឹង​លទ្ធផល​ផ្លែផ្កា និង​គំនិត​ផ្តួចផ្តើម​សម្រាប់​អភិវឌ្ឍ​តំបន់​ថ្មី​ជានិច្ច​។ ប៉ុន្តែ​បញ្ហា​បញ្ចូល​សមាជិក​ថ្មី​បន្ថែម​ពោលគឺ​ការដាក់បញ្ចូល​ទី​ម័​រ​ខាងកើត នៅតែ​ជា​រឿង​តឹងតែង​សម្រាប់​ក្រុម​ប្រទេស​ទាំង​ដប់​នេះ​។ សូម្បីតែ​កិច្ចប្រជុំ​កំពូល​លើក​ទី​៣៣ ដែល​ទើបតែ​បញ្ចប់ទៅ​ជាថ្មី​នេះ ក៏​មិនទាន់មាន​ពន្លឺ​អ្វី​ថ្មី​ដែរ​។​



​ជាគោលការណ៍ មានចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន​ស្រាប់ ដើម្បី​អាច​ក្លាយជា​សមាជិក​របស់​ស​មា​គម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​បាន រដ្ឋ​ដែលមាន​បំណង​ចង់​ចូល​នោះ ត្រូវបំពេញ​លក្ខខណ្ឌ​គ្រឹះ​មួយចំនួន ដែល​រាប់បញ្ចូល​ទាំង​លក្ខខណ្ឌ​ពិសេស​មួយ​គឺ ត្រូវមាន​ភូមិសាស្ត្រ ស្ថិតនៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ក៏ប៉ុន្តែ ហេតុអ្វី​ទី​ម័​រ​ខាងកើត នៅ​តំបន់​អាស៊ីអាគ្នេយ៍ តែ​មិនទាន់​អាច​ក្លាយជា​ក្រុមគ្រួសារ​របស់​ប្រទេស​ទាំង​ដប់​បាន​។​
 
« ពិតណាស់​ដើម្បី​ក្លាយជា​សមាជិក​អាស៊ាន រដ្ឋ​ដែលមាន​បំណង​នោះ មិនមែន​ត្រឹមតែ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ឬ​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ហើយ​អាច​កាន់​កាត​សម្គាល់​សមាជិកភាព​អាស៊ាន​ប៉ុណ្ណោះ​នោះទេ​។ 
 
​ប៉ុន្តែ វា​មាន​កាតព្វកិច្ច និង​បន្ទុក​ជាច្រើន​ដែល​ត្រូវធ្វើ ហើយ​នេះ ក៏​ជា​អ្វីដែល​យើង​ចង់​ឲ្យ​រដ្ឋ​មានបំណង​ចង់​ក្លាយជា​សមាជិក​ត្រៀមខ្លួន​រួចស្រេច និង​ដឹង​ជាមុន​ឲ្យ​បាន​ច្រើន​»​។ នេះ គឺជា​ជំហរ​មួយ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ទៅកាន់​បំណង​របស់​ទី​ម័​រ​ខាងកើត ក្នុងពេល​នៃ​ការផ្តល់​ប​ឋ​កថា​ក្នុង​ឆ្នាំ​២០១៥​កន្លងទៅ​។​
 
​លោកនាយក​រដ្ឋមន្ត្រី លើកឡើងថា ប្រសិនបើ​យើង​ចង់​ឲ្យ​ក្រុម​កាន់តែ​ធំ យើង​អាច​ឲ្យ​រាល់គ្នា​ចូលរួមបាន ក៏ប៉ុន្តែ​អ្វីដែល​លោក បារម្ភ​នោះ​គឺ នៅពេលដែល​អាស៊ាន មាន​គម្រោង​ថ្មី អាស៊ាន ត្រូវ​ប្រឈម​នឹង​រឿងចម្រូងចម្រាស ដោយសារ​ការយល់ឃើញ​ផ្សេងទៀត និង​ការទាញយក​ផលប្រយោជន៍​ផ្សេងៗ​គ្នា​។ ពេលនោះ​ហើយ លោក ថា អាស៊ាន នឹង​ដើរ​កាន់តែ​យឺត​។ 
 
​ផ្ទុយទៅវិញ លោកនាយក​រដ្ឋមន្ត្រី អះអាងថា នៅពេល​ក្រុម​តូច នាំ​អាស៊ាន អាច​កាន់តែ​ទៅមុខ​លឿន ហើយ​ភាពស្ទាក់ស្ទើរ នឹង​កាន់​តែមាន​តិច​។ លោក លើកយក​ករណី​សហភាព​អឺរ៉ុប ដែលមាន​សមាជិករ​ហូ​តដល់​២៨​ប្រទេស​បាន​ជួប​រឿង​ស្មុគស្មាញ​ច្រើន​រួចទៅហើយ​។ សម្រាប់​អាស៊ាន​វិញ លោក ថ្លែងថា គ្រាន់តែ​សមាជិក​១០​នេះ អ្នកការទូត​អាស៊ាន រវល់​គ្រប់គ្រាន់​ណាស់​ទៅហើយ​។ 
 
​លោក ថ្លែង​បែបនេះ នៅពេលនោះ មិនមែន​លោក មិន​ចង់​ឲ្យ​ទី​ម័​រ​ខាងកើត ដែលជា​រដ្ឋ​ខ្ចី​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្លាយជា​សមាជិក​របស់​ស​មា​គម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នោះ តែ បំណង​នេះ ទាមទារ​ឲ្យ​មានការ​សិក្សា​ច្រើន មុនពេល​អាស៊ាន ត្រូវ​សម្រេចចិត្ត​បញ្ចូល​សមាជិក​ថ្មី​បន្ថែម​។ ទោះ​ការលើកឡើង​របស់លោក ធ្វើឡើង​តាំងបី​ឆ្នាំមុន​ក៏ដោយ ជំហរ​នេះ នៅតែ​ឆ្លើយ​នឹង​សំណួរ​ថា «​តើ​ហេតុអ្វី​ទី​ម័​រ​ខាងកើត នៅតែ​មិនទាន់​ទទួលបាន​ការយល់ព្រម​ក្នុងការ​ក្លាយជា​សមាជិក​អាស៊ាន​បាន​?»
 
​គួរ​ជម្រាប​ផងដែរ​ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែលមាន​អាយុកាល​ជាង​៥​ទសវត្សរ៍​ហើយ​នោះ​មាន​សមាជិក​សរុប​ទាំងអស់​១០​ប្រទេស រួមមាន ព្រុយ​ណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង វៀតណាម​។ សម្រាប់​ទី​ម័​រ​ខាងកើត ដែល​បានស្នើ​ចូល​ជា​សមាជិកភាព​តាំងពី​ឆ្នាំ​២០១១ និង​កំពុង​ស្ថិតក្រោម​ការវិនិច្ឆ័យ​របស់​ក្រុមប្រឹក្សា​របស់​អាស៊ាន​នោះ ឋានៈ​ត្រឹមតែ​ជា​រដ្ឋ​អង្កេត​ការ​ប៉ុណ្ណោះ​៕ 

​ប្រភព​៖ https://www.youtube.com/watch?v=63JB_3aQrlE
 
 

Tag:
 ទី​ម័​រ​ខាងកើត​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com